មូលហេតុ​ជនជាតិ​ជប៉ុន​អាយុ​វែង​បំផុត​ពិភពលោក​ដោយសារ អាហារ​៩​ខាងក្រោម​នេះ​

192

ជប៉ុន​ដែល​ល្បី​ឈ្មោះថា​ជា​ជនជាតិ​មាន​អាយុ​មធ្យម​ខ្ពស់បំផុត​លើ​ពិភពលោក ដោយ បច្ចុប្បន្ន អាយុ​មធ្យម​របស់​ជន​ជាតិ​ជប៉ុន​គឺ ៨១ ឆ្នាំ​ចំពោះ​បុរស និង ៨៧ ឆ្នាំ ចំពោះ​ស្ត្រី គឺមាន​អាថ៌កំបាំង​ជាច្រើន តែ​ការបរិភោគ​អាហារ ៩ ខាងក្រោម​នេះ ត្រូវបាន​ពួកគេ​អះអាងថា មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ។ នេះ​ជា​អាហារ​ដែល​ជនជាតិ​ជប៉ុន​ចូលចិត្ត​ទទួលទាន​បំផុត ហើយ​វា​ត្រូវបាន​វាយតម្លៃ​ដូចជា​ឱសថ​មួយ​ឲ្យ​អាយុ​វែង ។​

១- ខ្ទឹមស​
ខ្ទឹមស ត្រូវបាន​វាយតម្លៃ​ជា «​អាហារ​ឱសថ​» ។ សារជាតិ Strontium និង Selenium មាន​ច្រើន​ក្នុង​ខ្ទឹមស អាច​រារាំង​ការរីកចម្រើន​របស់​កោសិកា​មហារីក ។ តាម​អង្គការ​មហារីក​ជាតិ​អាមេរិក​, ក្នុងចំណោម​រុក្ខជាតិ​មានលទ្ធភាព​ប្រឆាំង​មហារីក​ខ្ពស់បំផុត​, ខ្ទឹមស​ជា​អាហារ​ឈរ​ទីតាំង​ដំបូង ។​

២- ត្រី​សមុទ្រ​
​បរិមាណ DHA ក្នុង​ត្រី​សមុទ្រ​ជ្រៅ អាចជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការចងចាំ និង​សមត្ថភាព​យល់ដឹង ។ ត្រី​សមុទ្រ​ជ្រៅ​សម្បូរ​អាស៊ីត​ខ្លាញ់​មិន​រលាយ​, ប្រូតេអ៊ីន​, វីតាមីន និង​សារជាតិ​រ៉ែ​ផ្សេងៗ អាច​បន្ថយ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​ឈាម ។ នេះ​ជា​អាហារ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​សរសៃឈាម​បេះដូង និង​ខួរក្បាល ។​

៣- សារាយសមុទ្រ​
សារាយសមុទ្រ​ជា​អាហារ​មានតម្លៃ​ជីវជាតិ​ខ្ពស់ និង​សម្បូរ​ប្រូតេអ៊ីន​, ជាតិ​ខ្លាញ់​, កាបូ​អ៊ី​ដ្រា​ត​, ជាតិ​សរសៃ​, កាល់ស្យូម​, ហ្វូ​ស​ហ្វ័​រ​, ដែក​, ការ៉ូ​តេន​, នី​អា​ស៊ីន និង​អ៊ីយ៉ូត ។​

​នៅ​ជប៉ុន​, សារាយសមុទ្រ​ពុំ​ត្រឹមតែ​ជា​អាហារ តែ​នៅ​ត្រូវបាន​ចាត់ទុកជា​ឱសថ​មាន​ប្រសិទ្ធភាព​ព្យាបាល និង​លើកកម្ពស់​សុខភាព​រយៈ​ពេល​វែង ។ ក្រៅពី​ការទប់ស្កាត់ ក្រឹ​ន​ថ្លើម​, លើសឈាម និង​ជំងឺ​បេះដូង​, សារាយសមុទ្រ​នៅ​អាច​ទប់ស្កាត់​ជំងឺ​ធាត់ ។​

៤- ដំឡូងជ្វា​ពណ៌​ស្វាយ​
ដំឡូងជ្វា​ស្វាយ​ផ្ទុក​បរិមាណ​ដ៏​ច្រើន នៃ anthocyanin មានតម្លៃ​ឱសថ​ខ្ពស់ និង​បរិមាណ​សៃ​លុយ​ឡូ​ស​ខ្ពស់ ។ សារជាតិ​ទាំងនេះ​អាចជួយ​ដល់​ផ្លូវ​រំលាយ​អាហារ​កម្ចាត់​ជាតិពុល​ចេញ​ក្រៅ និង​ទប់ស្កាត់​ជំងឺ ។​

៥- មី Buckwheat
Buckwheat ផ្តុ​ក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​, អាច​បន្ថយ​ខ្លាញ់​ក្នុង​ឈាម​, បង្កើន​កម្រិត​យឺត​យារ​របស់​សរសៃឈាម និង​ទប់ស្កាត់​កំណក​ឈាម ។ នេះ​ជា​អាហារ​ល្អ​សម្រាប់​បេះដូង និង​សម្ពាធ​ឈាម ។ បរិមាណ​ជាតិ​សរសៃ​ក្នុង Buckwheat ខ្ពស់ជាង​៦​ដង ប្រៀប​នឹង​អង្ក​រស​ធម្មតា ដូច្នេះ វា​ត្រូវបាន​ចាត់ទុកជា «​គ្រាប់​សំអាត​ពោះវៀន​» ។​

៦- សម្ល​សារាយសមុទ្រ សណ្តែកសៀង​
ប្រសិន​អ្នក​អាច​បរិភោគ​សម្ល​សារាយសមុទ្រ​សណ្តែកសៀង​រាល់ថ្ងៃ នោះ​អាច​បន្ថយ​ការ​ស្រូបយក​អំបិល​, បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​សុខភាព ។​

៧- Natta – សណ្តែកសៀង​ឡើង​មេ​
Natta មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​សុខភាព​, ពុំ​ត្រឹមតែ​អាច​សម្រួល​ស្ករ​ក្នុង​ឈាម​, សំអាត​ជាតិពុល​ក្នុង​ឈាម​, ធ្វើ​ឲ្យ​ទន់​សរសៃឈាម​, តែ​នៅ​ជួយ​បង្កើនល្បឿន​ចរាចរ​ឈាម​, ប្រឆាំង​ភាព​នឿយហត់​, ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង និង​ខួរក្បាល ។​

៨- ពោត​បារាំង​
ពោត​បារាំង​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​ជីវជាតិ​ដូចជា​ដែក​, កាល់ស្យូម​, មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ។ ពោត​បារាំង​ក៏​សម្បូរ​វីតាមីន A និង betacarotene ល្អ​បំផុត សម្រាប់​សុខភាព​ភ្នែក ។ ស័ង្កសី និង Selen ក្នុង​ពោត​បារាំង ក៏​អាច​បង្កើន​លទ្ធភាព​ទប់​ស្កាត់​មហារីក និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ។​

៩- តៅហ៊ូ​
ជនជាតិ​ជប៉ុន ចូលចិត្ត​តៅហ៊ូ​បំផុត ។ ក្រៅពី​ប្រូតេអ៊ីន​, បរិភោគ​តៅហ៊ូ ក៏​អាចបំពេញ​បន្ថែម​បរិមាណ​ដ៏​ច្រើន​នៃ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម ៕ ប្រែ​សម្រួល​: រតនៈ​