មូលហេតុ​ដែលនាំឱ្យ​កើត​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍​

1136
ចែករម្លែក
  • 174
    Shares

​ភ្នំភ្លើង​ក្រា​កូ​ធ័​រ (KRAKATOA)! គ្រាន់តែ​ឈ្មោះ​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​បំភ័យ​ប្រជាជន​នៅ​កោះ​ជ្វា​និង​ស៊ូ​ម៉ា​ត្រា ដែល​រស់នៅក្នុង​ស្រមោល​នៃ​ភ្នំភ្លើង​ដ៏​កាច​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ចាប់តាំងពី​ការផ្ទុះ​ភ្នំភ្លើង​កំណាច​នេះ​ក្នុង​ឆ្នាំ ១៨៨៣ ដែល​ធ្វើឱ្យ​ផ្ទៃមេឃ​ងងឹត និង​ឮ​សំឡេង​ផ្ទុះ​រហូតដល់​ចម្ងាយ ៣.២១៨ គីឡូម៉ែត្រ ភ្នំភ្លើង​ក្រា​កូ​ធ័​រ ដែលមាន​ទីតាំងនៅ​ច្រក​សមុទ្រ​ស៊ុន​ដា (Sunda) នៅ​ចន្លោះ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ជ្វា គឺជា​ពាក្យកាត់​មួយ​សម្រាប់​គ្រោះមហន្តរាយ​តាម​ព្រះគម្ពីរ​។​

​ដូចគ្នា​ទៅនឹង​ការផ្ទុះ​ភ្នំភ្លើង​វេ​ស៊ូ​វៀស (Vesuvius) ក្នុង​ឆ្នាំ​៧៩​នៃ​គ​.​ស ដែល​បាន​បំផ្លិចបំផ្លាញ​ប្រជាជន​នៅ​ទីក្រុង​ផុ​ម​ប៉ី (Pompeii) និង​ទីក្រុង​អេ​គូ​ឡា​នុម (Herculaneum) ដោយ​ធ្វើឱ្យ​រន្ធត់​យ៉ាងខ្លាំង​ដល់​ពិភពលោក​សម័យបុរាណ ដូច្នេះ​ភ្នំភ្លើង​ក្រា​កូ​ធ័​រ​គឺជា​ភ្នំភ្លើង​ដែល​បំផ្លិចបំផ្លាញ​នៃ​សម័យ​ទំនើប ដោយ​ព្រួស​ផេះ ដុំថ្ម ចំហាយ​ក្តៅ និង​ឧស្ម័ន​ភ្នំភ្លើង​។​

​ដូច​ភ្នំភ្លើង​វេ​ស៊ូ​វៀស​ដែរ វា​បង្កើតឱ្យមាន “​លំហូរ​ផេះ​ក្តៅ​” ព្រមទាំង​ឧស្ម័ន​ក្តៅ​ដែលមាន​សីតុណ្ហភាព ១.០០០ អង្សា និង ហូរ​ក្នុង​ល្បឿន ៦៩២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​សម្លាប់​អ្វីៗ​ទាំងអស់​នៅលើ​ផ្លូវ​របស់​វា​។​

​ជា​ការពិត​ភ្នំភ្លើង​កាលពី​ចុង​សប្ដាហ៍​ដែល​បាន​សកម្ម​អស់​រយៈពេល ៦ ខែ ដោយ​បង្ហូរ​ចេញ​កម្អែល​និង​ព្រួស​ភ្លើង កម្ទេចកម្ទី និង​ផ្សែង ឡើងលើ​មេឃ​ជាង ៥,៥ គីឡូម៉ែត្រ គឺ​ភ្នំភ្លើង​ឈ្មោះ អា​ណាក់​ក្រា​កា​ថូ (Anak Krakatau) ដែល​មានន័យថា កូន​របស់​ក្រា​កូ​ធ័​រ (​ឈ្មោះ​ក្រា​កា​ថូ ដែល​មិន​ស្គាល់​ប្រភពដើម អាច​ប្រកប​ចេញ​ជា ២០ សូរស័ព្ទ​ផ្សេងគ្នា​)​។​

​ភ្នំភ្លើង​នេះ​ត្រូវបាន​កកើតឡើង​នៅ​ឆ្នាំ ១៩២៧ នៅ​ខាងក្នុង​ប្រហោង​មួយ ដែល​បង្កើតឡើង​ដោយ​ការផ្ទុះ​ដ៏​ធំ​ក្នុង​ឆ្នាំ ១៨៨៣ នៃ​ភ្នំភ្លើង​ក្រា​កូ​ធ័​រ​។​

​ភ្នំភ្លើង​សកម្ម​នានា​បាន​ប្រែប្រួល​រូបរាង​ជា​រៀងរហូត តួយ៉ាង​ដូចជា ការផ្ទុះ​ភ្នំភ្លើង​ក្រា​កូ​ធ័​រ​ក្នុង​សតវត្សរ៍​ទី ១៩ បាន​កម្ទេច​រូបរាង​កោះ​ក្រា​កូ​ធ័​រ​២​ភាគ​៣ រួមទាំង​កំពូលភ្នំ​ចាស់​ចំនួន​៣​នៅ​ទីនោះ​ពីមុន​ផងដែរ​។​

​ខណៈ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​កំពុងកាន់​ទុក្ខ​ចំពោះ​ការបាត់បង់​របស់​ពួកគេ​នៅក្នុង​សប្តាហ៍​នេះ ពួកគេ​នឹង​គិត​ទៅដល់​គ្រោះ​កំណាច​បង្កឡើង​ដោយសារ​ភ្នំភ្លើង​នេះ ដែល​បាន​ផ្ទុះ​អស់​រាប់ពាន់​ឆ្នាំ​មកហើយ​។ ធ្លាប់មាន​ការផ្ទុះ​ដ៏​សាហាវ​បំផុត​នៅ​ឆ្នាំ ៥៣៥-៥៣៦​នៃ​គ​.​ស ដែល​គេ​និយាយថា​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ ដោយសារ​ធូលី​របស់​ភ្នំភ្លើង​ក្រា​កា​ធ័​រ បណ្តាលឱ្យ​ខូចខាត​ដំណាំ បង្ក​គ្រោះ​ទុរ្ភិក្ស និង​អាកាសធាតុ​អាក្រក់​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅ​ទូទាំង​ពិភពលោក​។ ពេញ​មួយ​យុគសម័យ​មជ្ឈិម ភ្នំភ្លើង​ក្រា​កូ​ធ័​រ​ត្រូវបាន​គេ​គិតថា​បាន​ផ្ទុះឡើង​រៀងរាល់​មួយ​សតវត្សរ៍​ម្តង​។​

​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​រលក​យក្ស​ស៊ូ​ណា​មី​កាលពី​ថ្ងៃ​សៅរ៍​ដែល​បានសម្លាប់​មនុស្ស​ជាង ២២០ នាក់​ត្រូវបាន​បង្កឡើង​ដោយ​របៀប​ណា ប៉ុន្តែ​អ្នកវិទ្យាសាស្ដ្រ​ជឿជាក់​ស្ទើរតែ​ទាំងស្រុង​ថា ស៊ូ​ណា​មីនេះ​គឺ​បង្កឡើង​ដោយ​សកម្មភាព​ភ្នំភ្លើង​អាណា​ក់​ក្រា​កា​ថូ​។ គេ​ជឿថា​ការផ្ទុះ​នោះបាន​ធ្វើឱ្យ​ដាច់​គែម​ភ្នំ​ចូលក្នុង​សមុទ្រ​បង្កើតបានជា​រលក​យក្ស ឬ​ការផ្ទុះ​នោះបាន​ផ្លាស់ប្តូរ​ចលនា​ដ៏​ធំ​នៃ​ដីល្បាប់​បាតសមុទ្រ ដូច្នេះហើយ​ទើប​វា​បង្កើតបានជា​រលក​យក្ស​ស៊ូ​ណា​មី​៕ ដោយ៖ កញ្ញាដាលីស

ភ្នំភ្លើង​អាណា​ក់​ក្រា​កា​ថូ មាន​សកម្មភាព​៦​ខែ​មកហើយ និង​ជាការ​សង្ស័យ​ធំ​បំផុត​ដែល​បង្កឱ្យមាន​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី