មូលហេតុ​ដែល​គេ​មិនត្រូវ​ស្តីបន្ទោស​ចិន ចំពោះ​ការជាប់គាំង​បញ្ហា​កូរ៉េខាងជើង​

1884
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ចិន​ចំពោះ​ការមិន​ព្រម​ជួយ​ដោះស្រាយ​ស្ថានភាព​នៅ​កូរ៉េខាងជើង ក្នុង​សារ​ធ្វី​ត​ធើ​ចំនួន ២ កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ កក្កដា ថ្វីបើ​ការពិត វា​គឺជា​អាមេរិក មិនមែន​ចិន​ទេ ដែល​កាន់​កូនសោ​រសម្រាប់​ដោះ​ភាពទាល់ច្រក​នេះ​។

​លោក​ត្រាំ​បាន​ធ្វី​ត បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ពីរ​គ្រាប់ (ICBM) ក្នុង​រយៈពេល​មិន​ដល់​៤​សប្តាហ៍ យ៉ាង​ដូច្នេះ “​ខ្ញុំ​ខកចិត្ត​ចំពោះ​ចិន​ខ្លាំងណាស់​” ដោយ​​ចិន​ថា មិនបាន “​ធ្វើ​អ្វី​សោះ​” ក្រៅពី “​និយាយ​ចោល​” ជាមួយ​កូរ៉េខាងជើង​។

​ទោះយ៉ាងណា ចិន​បានបញ្ជាក់​ច្បាស់​ថា ឫសគល់​នៃ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺ​អារម្មណ៍​មិនមាន​សុវត្ថិភាព​របស់​ព្យុងយ៉ាង​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង បរាជ័យ​របស់​អាមេរិក​ក្នុងការ​ដោះស្រាយ “​ក្តីបារម្ភ​អំពី​សន្តិសុខ​ស្របច្បាប់​” របស់​កូរ៉េខាងជើង​។

​ខណៈដែល​វ៉ាស៊ីនតោន​ដាក់​ការជឿជាក់​របស់ខ្លួន​មកលើ​ការដាក់ទណ្ឌកម្ម និង ការបង្ខិតបង្ខំ​ខាង​យោធា ដែល​នាំមក​នូវ​ផលវិបាក​នោះ ចិន​បាន​ប្តេជ្ញា​សម្រេច​គោលដៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការចរចា​សន្ត​វិធី និង ស្នើ​នូវ​វិធីសាស្ត្រ “​ការផ្អាក​ទ្វេ​” និង “​តាមដាន​ទ្វេ​” ដើម្បី​សម្រាល​វិបត្តិ​ដែល​កំពុង​ក្តៅគគុក​នេះ​។​

គីម ជុង​អ៊ុន ឱប​មេ​ទាន​ម្នាក់​របស់គាត់

“​ទ្រឹស្តី​ឱ្យ​ចិន​ទទួលខុសត្រូវ​” ត្រូវតែ​បញ្ឈប់​

​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី​អាមេរិក​និង​ជប៉ុន​ដើម្បីឱ្យ​ចិន​ទទួលខុសត្រូវ​ច្រើនឡើង និង បញ្ចេញ​ឥទ្ធិពល​ច្រើន​ឡើងលើ​កូរ៉េខាងជើង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក កេង សួង បាន​និយាយ​កាលពី​ថ្ងៃទី ១១ កក្កដា​ថា ស្នូល​នៃ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​គឺ​ជម្លោះ​រវាង​កូរ៉េខាងជើង និង​អាមេរិក ដោយ​បន្ថែមថា ចរិត​នៃ​បញ្ហា​គឺ​សន្តិសុខ​។

​លោក​កេង​សួង​និយាយថា ចិន​មិនមែនជា​ចំណុច​ស្នូល​នៃ​បញ្ហា ហើយក៏​មិនមែនជា​អ្នកបង្កើន​ភាព​តានតឹង​ដែរ ដូច្នេះ ប្រទេស​ចិន​មិនមែនជា​អ្នក​កាន់​កូនសោ​សម្រាប់​ចាក់ ដោះស្រាយ​បញ្ហា​នោះទេ​។

​លោក​សួង​និយាយ​នៅ​សន្និសីទកាសែត​ថា អ្នក​ដែល​បំប៉ោង និង គូសបញ្ជាក់​ពី​ទំនួល​ខុសត្រូវ​របស់​ចិន គឺ​ខ្វះ​ការយល់ដឹង​ពេញលេញ​ច្បាស់លាស់​អំពី​បញ្ហា និង ខ្វះ​ការយល់ដឹង​ពី​ចេតនា​លាក់កំបាំង​។ លោក​បន្តថា “​ទ្រឹស្តី​ចាប់​ចិន​ឱ្យទទួល​ខុសត្រូវ​” លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ អាច​បញ្ឈប់​បាន​បញ្ឈប់​ទៅ​”​។

​អំឡុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ កាលពី​ចុងខែ​មេសា រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​សង្កត់ធ្ងន់ថា ចិន​មិនមែនជា​ចំណុច​ស្នូល​នៃ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ទេ​។

​លោក​វ៉ាង​និយាយថា “​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​មិន​ស្ថិតក្នុង​ដៃ​របស់​ភាគី​ចិន​ទេ​”​។

​លោកស្រី ហ្វូ យី​ង ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​ប្រជាជន​ចិន បាន​បកស្រាយ​អំពី អារម្មណ៍​គ្មាន​សុវត្ថិ​ភាពខ្លាំង​បំផុត​របស់​កូរ៉េខាងជើង ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​សរសេរ​សម្រាប់​មណ្ឌល​ច​ន អែល ថន​ថុ​ន នៅ​ចិន កាលពីដើម​ឆ្នាំនេះ​។

​លោកស្រី ហ្វូ យី​ង​និយាយថា កូរ៉េខាងជើង ដែល​ពឹងផ្អែក​ខ្លាំង​លើ​សហភាពសូវៀត​អំឡុង​សង្គ្រាមត្រជាក់ “​មាន​អារម្មណ៍​គ្មាន​សុវត្ថិភាព​” ជាមួយ​ការដួលរលំ និង បំបែក​សហភាពសូវៀត​ក្នុង​ដើម​ទសវត្សរ៍ ១៩៩០ ដោយ​បន្ថែមថា កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស​របស់​កូរ៉េខាងត្បូង​ក៏​បន្ថែម​ការព្រួយបារម្ភ​ដល់​កូរ៉េខាងជើង​ផងដែរ​។

​យោងតាម​អ្នកការទូត​ជើងចាស់​រូបនេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ប្តេជ្ញា​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ធានា​ការពារ​សន្តិសុខ​របស់​ខ្លួន បន្ទាប់ពី​ការចរចា​បរាជ័យ​ជាមួយ​រដ្ឋបាល​អាមេរិក​ជា​បន្ត​បន្ទាប់មក​នោះ​។​

​លោកស្រី ហ្វូ យី​ង ក៏​សង្កត់ធ្ងន់​ផងដែរ​ថា វា​ជា​អាមេរិក​ទេ​ដែល​កាន់​កូនសោ​ដោះស្រាយ​បញ្ហា ព្រោះ​កូរ៉េខាងជើង​មើលឃើញ​អាមេរិក​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​កូរ៉េខាងជើង​។​

​លោកស្រី​និយាយថា ចិន​បាន​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​ដើរតួ​ទាំង​ជា​អ្នកសម្របសម្រួល និង​ជា​ភាគី​ដាក់ទណ្ឌកម្ម​របស់​អ​.​ស​.​ប ប៉ុន្តែ​ខ្លួន​គ្មាន​អំណាច​បង្ខំ​អាមេរិក​ឬ កូរ៉េខាងជើង​ឱ្យ​ដោះស្រាយ​ក្តីបារម្ភ​របស់​ពួកគេ​រៀងៗ​ខ្លួន​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​វេ​ប​សាយ CGTN