មូលហេតុ​ដែល​គ្មាន​នរណាម្នាក់​ហ៊ាន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

878

​ស៊ី​រ៉ែ​ន​ព្រមាន​អំពី​ការ​វាយឆ្មក់​វាយប្រហារ​តាម​អាកាស​នៅ​ទូទាំងប្រទេស​ជប៉ុន​បាន​បន្លឺឡើង​ម្ដងទៀត​នៅ​ថ្ងៃ​សុក្រ​ទី​១៥​កញ្ញា​នេះ​។ មី​ស៊ី​ល​កូរ៉េខាងជើង​មួយទៀត​បាន​ហោះ​រំលង​លើ​ផ្ទៃមេឃ​របស់​ប្រទេស​កោះ​នេះ​។​

​ខណៈដែល​ប្រជាពលរដ្ឋ​ដែល​ភ្ញាក់ផ្អើល​បាននាំគ្នា​ចូល​ជ្រក​ក្នុង​លេណដ្ឋាន​និង​កន្លែង​លាក់ខ្លួន រដ្ឋាភិបាល​ជប៉ុន​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ផ្តល់ព័ត៌មាន​និង​ធានា​ដល់​សាធារណជន​ថា​ពួកគេ​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​ពួកគេ​។​

​ការពិត​គឺថា យោធា​ជប៉ុន​សឹងតែ​មិនអាច​ជួយ​អ្វី​បាន​នោះឡើយ​។​

​ការបាញ់​មី​ស៊ី​ល​នេះ​ត្រូវបាន​រកឃើញ​នៅ​ម៉ោង ៦ និង ៥៩ នាទី ព្រឹក ម៉ោង​នៅ​ជប៉ុន​។ នៅវេលា​ម៉ោង ៧ និង ០៦ នាទី​ព្រឹក មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​ហោះ​រំលង​កោះ​ហុក​កៃ​ដូ ដែលមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​។ គ្រាប់​នោះបាន​ស្ថិតនៅក្នុង​ដែនអាកាស​របស់​ជប៉ុន​តិចជាង​ពីរ​នាទី មុនពេល​វា​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​នៅ​ចម្ងាយ​ប្រមាណ ២០០០ គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត វេលា​ម៉ោង ៧ និង ១៦ នាទី​ព្រឹក​។​

​របាយការណ៍​ដំបូងៗ បាន​បង្ហាញថា មី​ស៊ី​ល​នោះបាន​ស្ថិតនៅក្នុង​ដែនអាកាស​ជប៉ុន​សរុប ១៧ នាទី ដែល​អំឡុង​ពេលនោះ វា​បាន​ឡើងដល់​កម្ពស់ ៧៧០ គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ ៣៧០០ គីឡូម៉ែត្រ​។ នេះ​គឺជា​លក្ខណៈពិសេស​នៃ​មី​ស៊ី​ល​ឆ្លង​ទ្វីប​កម្រិត​មធ្យម HS -12 ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ (IRBM) ។​

​ដូច្នេះ​ហេតុអ្វី​បានជា​មី​ស៊ី​ល​ស្ទាក់ចាប់​ដ៏​ខ្លាំង​របស់​ជប៉ុន​មិនបាន​ព្យាយាម​បាញ់​ទម្លាក់​វា​? ជប៉ុន​ប្រហែលជា​មិន​ហ៊ាន​បាញ់​ទេ​។​

* ការ​ប្រុង​ជើងការ​

​មី​ស៊ី​ល​កូរ៉េខាងជើង​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​នៃ​ការបាញ់​។ ផ្កាយរណប​ព្រមាន​ជាមុន​របស់​អាមេរិក​បាន​និង​កំពុង​ឃ្លាំមើល​យ៉ាង​ជិត​ដល់​ជាមួយ​កូរ៉េខាងជើង​អស់​ពេល​ជា​យូរ​មកហើយ​។ ហើយ​មាន​បណ្តាញ​រ៉ា​ដា​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង សមុទ្រ​ជប៉ុន និង​ប្រទេស​ជប៉ុន​ខ្លួនឯង​ផ្ទាល់ ប្រចាំការ​ជានិច្ច​ដើម្បី​រង់ចាំ​សម្រាប់​ព្រឹត្តិការណ៍​បែបនេះ​។​

​វា​នឹង​ចំណាយពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​បន្លឺសំឡេង​ប្រុងប្រយ័ត្ន​ដោយ​ស្វ័យប្រវត្តិ​របស់​ជប៉ុន​ដំណើរការ ជាមួយ​សារ​ជាច្រើន បង្ហាញ​លើ​អេក្រង់​ទូរស័ព្ទ និង​សំឡេង​ដែល​បាន​ថត​ទុក​ត្រូវបាន​បញ្ជូនទៅ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​។​

​គ្រប់​បំលាស់​ទី​របស់​មី​ស៊ី​ល​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់​។ កុំព្យូទ័រ​នឹងធ្វើ​ការ​គណនា​យ៉ាង​រហ័ស​ដើម្បី​ប្រមើលមើល​អំពី​ផ្លូវ​ហោះហើរ​ពិតប្រាកដ​របស់​មី​ស៊ី​ល​។​
​ប៉ុន្តែ​មិនមាន​ការបាញ់​គ្រាប់​ស្ទា​ក់វា​នោះទេ​។​

​ជាការ​ពិត ជប៉ុន​មិន​ហ៊ាន​បាញ់​ទេ បើទោះបីជា​ជប៉ុន​បានដាក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល Aegis ដ៏​ទំនើប​នៅ​សមុទ្រ​ជប៉ុន​សម្រាប់​គោលបំណង​បាញ់​ស្ទាក់​ក៏ដោយ​។ ហើយ​គេ​ឃើញ​ជើង​ទម្រ​បាញ់​កាំជ្រួច Patriot ដ៏​ទំនើប​ជាច្រើន​ដើម​ដាក់ពង្រាយ​នៅតាម​ទីក្រុង​ធំៗ និង​បន្ទាយ​ទាហាន​សំខាន់ៗ​។​

​នៅពេលដែល​ការបាញ់​មី​ស៊ី​ល​ស្រដៀង​គ្នា​នេះ​បានធ្វើ​ឡើង​កាលពី​ខែសីហា​នោះ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក អ៊ី​តស៊ូ​ណូរី អូ​ណូ​ដេ​រ៉ា បាន​ប្រាប់​សាធារណជន​ថា ពុំមាន​បំណង​បាញ់​ទម្លាក់​វា​ទេ ដោយសារតែ​គ្រាប់​នោះ​មិន​ផ្តោតលើ​គោលដៅ​នៅក្នុង​ប្រទេស​ជប៉ុន​។​

​ក៏មាន​ការលើកឡើង​ដែរ​ថា​ជប៉ុន​និង​អាមេរិក​កំពុង​ឃ្លាំង​មើល​និង​សិក្សា​អំពី​សមត្ថភាព​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ប៉ុន្តែ​មានការ​សង្ស័យ​ជា​បន្តបន្ទាប់​ដែរ​ថា បច្ចេកវិជ្ជា​ការពារជាតិ​របស់​ពួកគេ​មិនអាច​ទៅរួច​ជាមួយ​មី​ស៊ី​ល​កូរ៉េខាងជើង​ទេ​។​

* ចាប់បាន​ចាប់​ទៅ​

​មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​ហោះ​លឿន​ដូច​រន្ទះ និង​ហោះ​ខ្ពស់​ណាស់​។ ពេលវេលា​ប្រតិកម្ម​ក៏ត្រូវ​ធ្វើឡើង​ឱ្យ​លឿន​ដូច​ផ្លេកបន្ទោរ​ដែរ​។​

​មិនមាន​ពេល​សម្រាប់​ការសម្រេចចិត្ត​ខាង​នយោបាយ​ទេ ហើយក៏​មិនមាន​ពេល​សម្រាប់​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធមិត្ត​ដែរ​។ សូម្បីតែ​ពេលវេលា​កេះកៃ​កាំភ្លើង​ក៏​មិនមាន​គ្រប់គ្រាន់​ដែរ​។​

​ជាការ​សំខាន់ អ្វីដែល​ចាំបាច់​ត្រូវធ្វើ​គឺ​បាញ់​គ្រាប់​ទល់នឹង​គ្រាប់​មួយទៀត​។​
​ប៉ុន្ដែ​ល្បឿន​និង​កម្ពស់​របស់​មី​ស៊ី​ល HS-12 ទំនងជា​ខ្លាំង​ហួស​ពី​សមត្ថភាព​របស់​ប្រព័ន្ធ​ស្កាត់​មី​ស៊ី​ល Standard Missile 3 នៅលើ​នាវា​ពិឃាត​របស់​ជប៉ុន​និង​អាមេរិក​។ វា​ទំនងជា​លឿន​ពេក​ហើយ​ខ្ពស់​ពេក​សម្រាប់​ខែល​ការពារ​មី​ស៊ី​ល Patriot PAC3 នៅ​មូលដ្ឋាន​អាកាស​ឈី​តូ​សេ​នៅ​កោះ​ហុក​កៃ​ដូ​។​

​នាពេល​ថ្មីៗ​នេះ លោក ឃី​ង​ស្តូ​ន រី​ហ្វ ប្រធាន​សមាគម​គ្រប់គ្រង​អាវុធ​បាន​និយាយប្រាប់​វេ​ប​សាយ The National Interest ថា “​យើង​មិនបាន​បាញ់​មី​ស៊ី​ល IRBM ឬ MRBM ឬ SRBM ក្នុងអំឡុងពេល​មី​ស៊ី​ល​បង្កើន​ល្បឿ​ដំណាក់កាល​ដំបូង​របស់​វា​ទេ ព្រោះ​វា​ហួស​ពី​សមត្ថភាព​នៃ​ការស្ទាក់ចាប់​របស់​មី​ស៊ី​ល SM-3​។ សម្រាប់​ការស្ទាក់ចាប់​ពាក់កណ្តាល​មេឃ វា​គឺ​អាស្រ័យ​លើ​គន្លង​របស់​មី​ស៊ី​ល តើ​យើង​គួរ​ព្រមាន​ប៉ុន្មាន​ដង និង​តើ​យើង​មាន​នាវា​ប៉ុន្មាន​គ្រឿង​ដាក់ពង្រាយ និង ដាក់​វា​នៅឯណា​ខ្លះ​” ។​

​ហើយ​ការខកចិត្ត​របស់​សាធារណជន​អំពី​ការដែល​មិនបាន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺអាច​រឹតតែ​អាក្រក់​ជាង ការដែល​មី​ស៊ី​ល​កូរ៉េខាងជើង​ហោះ​រំលង​ប្រទេស​ជប៉ុន​ទៅទៀត​។​

​ភាពជឿជាក់​នៃ​កងកម្លាំង​ការពារ​អាមេរិក​និង​ជប៉ុន​អាច​នឹងរង​ការខូចខាត​ធ្ងន់ធ្ងរ​។​

​លោក ឡង់ ហ្គា​ត​ធ្លីង អ្នកវិភាគ​ការពារជាតិ​នៅ​មណ្ឌល Nexial Research ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​បាន​និយាយថា “​ប្រសិនបើ​ពួកគេ​បាន​ព្យាយាម​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង ហើយ​បរាជ័យ នោះ​ផលវិបាក​នឹង​ធ្ងន់ធ្ងរ​។ នេះ​គឺជា​ប្រព័ន្ធ​ការពារ​មួយ​ដែល​ជប៉ុន​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ​វា ហើយ​វា​ពុំ​សូវ​គាប់ចិត្ត​ប៉ុន្មាន​ទេ​ក្នុងការ​សាកល្បង​លើកដំបូង​។ ការសាកល្បង​នោះ​អាច​នឹង​មើលទៅ​មិនល្អ​ទេ​នៅក្នុង​ស្រុក ខណៈដែល​វា​ក៏​លើកទឹកចិត្ត​ឱ្យ​កូរ៉េខាងជើង​គិតថា មី​ស៊ី​ល​របស់​ពួកគេ​មិនអាច​ប៉ះពាល់​បាន​”​។​

​ប៉ុន្តែ​ទោះបីជា​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បាន​កំពុង​ហោះហើរ​នៅក្នុង​ប៉ារ៉ាម៉ែត្រ​សម្មតិកម្ម​មួយ ដែល​អាចធ្វើឱ្យ​ខែល​ការពារ​ស្ទាក់​ចាប់បាន​ក៏ដោយ ក៏​ប្រវត្តិសាស្ត្រ​នៅតែ​បង្ហាញថា ការប៉ុនប៉ង​បាញ់​ទម្លាក់​ណាមួយ​ទំនងជា​បញ្ចប់​ដោយ​បរាជ័យ​ទាំងអស់​។ ហើយ​មន្ទីរ​បញ្ច​កោណ​អាមេរិក​ដឹង​រឿងនេះ​ច្បាស់​ណាស់​។​

​របាយការណ៍​អំពី​ការធ្វើ​តេស្ត​ប្រតិបត្តិការ និង វាយតម្លៃ​របស់​មន្ទីរ​បញ្ច​កោណ​ក្នុង​ឆ្នាំ ២០១៦ បាន​បង្ហាញថា “​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ក្នុង​តំបន់​/Theater BEDS បង្ហាញ​សមត្ថភាព​នៅមានកម្រិត​នៅឡើយ ដើម្បី​ការពារ​ទីបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បញ្ជាការ​អឺរ៉ុប​-​អាមេរិក និង​តំបន់​ទីបញ្ជាការ​កណ្តាល​អាមេរិក ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការ​គំរាម​កំ​ហាង​ពី​មី​ស៊ី​ល​ឆ្លង​ទ្វីប​កម្រិត​មធ្យម​និង​លើ​មធ្យម (១០០០ ដល់ ៤០០០ គីឡូម៉ែត្រ​) និង​សមត្ថភាព​សមស្រប​សម្រាប់​ការ​គំរាម​របស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី (​តិចជាង ១០០០ គីឡូម៉ែត្រ​)”៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល​កូរ៉េខាងជើង