មូលហេតុ​ដែល​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង បើក​បុក​សសរស្ពាន​ព្រែក​តា​មាក់ គឺដោយសារ​គេច​នាវា​ទេសចរណ៍

132
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/កណ្តាល​ ៖​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន លោក គង់ វិមាន ថ្លែងថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែកញ្ញានេះ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដល់ទី​តាំង​កើតហេតុ​ហើយ ដើម្បី​បន្ត​ប្រតិបត្តិ​ការទាញយក​ចេញ​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​ដែល​បុក​សសរស្ពាន​ព្រែ​កតា​មាក់។

​លោក គង់ វិមាន បន្តថា ប្រតិបត្តិ​ការដែល​ឈានចូល​ថ្ងៃទី​៣ នេះ ដោយសារ​អាជ្ញាធរ​ជួប​ការលំបាក​ខ្លាំង ព្រោះ​ចរន្តទឹក​ហូរ​ខ្លាំង និងសា​ឡង់​ដឹក​ខ្សាច់​មួយ​នេះ មាន​ទម្ងន់​ធ្ងន់​ប្រមាណ​១០០០​តោន​ឯណោះ។ ទោះបី​ជួប​បញ្ហា​យ៉ាងណា ក៏ដោយ ក៏​អាជ្ញាធរ​នៅតែ​បន្ត​ការខិតខំ​ប្រឹងប្រែងដើម្បី​ទាញយក​សា​ឡង់​នេះ​ចេញ​ឲ្យបាន ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់។​

​ជាមួយគ្នានេះ មូលហេតុ​នៃ​សា​ឡង់​ដឹក​ខ្សាច់​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូ​វ ចាន់ណា បុក​សសរស្ពាន​ព្រែ​កតា​មាក់នេះ គឺ លោក គង់ វិមាន ពុំទាន់​អាច​បញ្ជាក់ប្រាប់​ពី​មូលហេតុ​បាន​នៅឡើយ ខណៈ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល ថ្លែងថា មូលហេតុអាចមក​ពីសា​ឡង់​នេះ គេច​ពី​ទូក​ទេសចរណ៍។

​របាយការណ៍​ពី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា មូលហេតុ​ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយគ្រឿង​ទៀត​មាន​ផ្ទុក​មនុស្ស​ច្រើន​បើក​ ប​ញ្រ្ចាសទិស​គ្នា ។ ប៉ុន្តែ​តាមរយៈ​រូបភាព​ដែល​ប្រជាពលរដ្ឋថត​បាន គឺសា​ឡង់​មួយ​នេះ មិនបាន​គេច​ពី​ទូក​ទេសចរណ៍ទេ ដែល​ទំនងជា​អស់​សាំង ​ទើប​រលត់​ម៉ាស៊ីន និងដោយសារ​ដឹក​ធ្ងន់​ពេក។​

​របាយការណ៍​ពី​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា វេលា​ម៉ោង​ប្រមាណ ១៣:៣០​នាទី រសៀល នៅ​ចំណុច​ភូមិសាស្ត្រ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ករណី​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង បើកបរ​ដោយ​ឈ្មោះ ភា រម្យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន​ធ្វើដំណើរ​តាម​បណ្តោយ​ខ្សែទឹក​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​សសរស្ពាន​ទី​៨​នៃ​ស្ពាន​ព្រែក​តា​មាក់ ទើរ​ជាប់​នឹង​សសរ ស្ថិតនៅ​ចន្លោះ​សសរស្ពាន​សម្រាប់ធ្វើ​នាវាចរណ៍ ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយគ្រឿង​ទៀត​មាន​ផ្ទុក​មនុស្ស​ច្រើន​បើកបញ្រ្ចាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ទូក​នេសាទ​របស់​បងប្អូន​ខ្មែរអ៊ិស្លាម​។​

​បន្ទាប់ពី​មាន​ឧប្បត្តិ​ហេតុនេះ​កើតឡើង ក្រុមការងារ​បច្ចេកទេស​ជួយសង្គ្រោះ​របស់​ក្រសួង​រួមជាមួយ​នឹង​អាជ្ញាធរ​ខេត្តកណ្តាល និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រជុំ​ពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ទាញ​រំដោះ​យកសា​ឡង់​នោះ​ចេញពី​ជើង​សសរស្ពាន ដោយ​ប្រើ​នាវា​សណ្តោង​៣​គ្រឿង​ក្នុងនោះ នាវា​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ចំនួន​២​គ្រឿង និង​នាវា​ក្រុមហ៊ុន​Sovereign ចំនួន​មួយគ្រឿង រួមជាមួយ​នាវា​បូម​ខ្សាច់​មួយគ្រឿង​ទៀត​ដើម្បី​សម្រាល​បន្ទុក​នាវា ប៉ុន្តែ​ដោយសារ​សា​ឡង់​ដឹក​ខ្សាច់​នោះ​មាន​ទម្ងន់​ធ្ងន់​ពេក រួមជាមួយ​នឹងកម្លាំង​ទឹក​ហូរ​កួច​ខ្លាំង ប្រតិបត្តិការ​ធ្វើឡើង​នៅពេល​យប់ និង​ស្ថាន​ភាពមិន​អំណោយផល​ផង ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះមិនអាច​ទាញ​រំដោះ​យកសា​ឡង់​ដឹក​ខ្សាច់​នោះ​ចេញ​បានទេ ហើយ​ប្រតិបត្តិការ​នេះ​នៅ​បន្ត​ឈានដល់​ថ្ងៃនេះ​បន្តទៀត​។​

​សា​ឡង់​ដឹក​ខ្សាច់​នោះ​ពាក់​ផ្លាកលេខ ភព​៦. ៨២៦៣ សម្បក​ដែក ម៉ាស៊ីន​ម៉ាក​Mitsubishi មាន​បណ្តោយ ប្រវែង​៤៣.៣០​ម៉ែត្រ ទទឹង​៨.០៥ ម៉ែត្រ ជម្រៅ​ផ្ទុក​ខ្សាច់​ពេញ ២.៥០​ម៉ែត្រ តាម​ការប៉ាន់ស្មាន​មាន​ទម្ងន់ សរុប​ប្រហែល​៨០០​តោន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូ​វ ចាន់ណា បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១០៕​B/Ha

#