មូលហេតុ​ដែល​សំណើ​កែប្រែ​ច្បាប់​ស្តីពី​បត្យាប័ន​ជំរុញឱ្យមាន​បាតុកម្ម​ពេញទី​ក្រុង​ហុងកុង​

773
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ពន្យារពេល​ឥត​កំណត់​សម្រាប់​ការជជែក​ដេញដោល​គ្នា​ជា​លើក​ទី ២ ស្តីពី​សេចក្តីព្រាងច្បាប់​បត្យាប័ន ដែល​នឹង​អនុញ្ញាតឱ្យ​បញ្ជូន​មនុស្ស​ទៅ​ចិនដីគោក​ដើម្បី​ធ្វើការ​ជំនុំជម្រះ​ជា​លើកដំបូង បន្ទាប់ពី​ការតវ៉ា​ដ៏​ច្របូកច្របល់​ដោយ​មនុស្ស​រាប់សែន​នាក់​។​

​ប្រជាជន​ហុងកុង​ក៏ដូចជា​ជនបរទេស​និង​ជនជាតិ​ចិន​ដែល​រស់នៅ​ឬ​ធ្វើដំណើរ​ឆ្លងកាត់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកលលោក​មួយ​នេះ នឹងត្រូវ​ប្រឈម​ហានិភ័យ ប្រសិនបើ​ពួកគេ​ត្រូវ​ចាប់​បញ្ជូនទៅ​ចិនដីគោក​។​

​កម្លាំង​នយោបាយ ដែល​គាំទ្រ​រដ្ឋាភិបាល​ចិន បាន​គ្របដណ្ដប់​នៅក្នុង​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ ហើយ​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន ត្រូវគេ​រំពឹងថា​នឹងត្រូវ​អនុម័ត​នៅ​ចុងខែ​នេះ​។​

  • តើ​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​ពាក់ព័ន្ធ​នឹង​អ្វីខ្លះ​?

​រដ្ឋាភិបាល​ហុងកុង​បានដាក់​សំណើ​កែ​ច្បាប់​នេះ​ជា​លើកដំបូង​នៅ​ខែកុម្ភៈ ដោយ​ធ្វើការ​កែប្រែ​យ៉ាង​ទូលំទូលាយ​ជាច្រើន ដែល​អាចធ្វើ​ឱ្យមាន​ភាព​ងាយស្រួល​ក្នុងការ​ធ្វើ​បត្យាប័ន​ករណី​ជនសង្ស័យ​ព្រហ្មទណ្ឌ​ទៅកាន់​ប្រទេស​លើសពី ២០ ដែល​ហុងកុង​មាន​សន្ធិសញ្ញា​បត្យាប័ន​ជា​មួយ​។​

​សេចក្តីព្រាងច្បាប់​នេះ​អនុញ្ញាត​ឱ្យមាន​ការធ្វើ​បត្យាប័ន​ពី​ហុងកុង​ទៅកាន់​ដែនដី​ចិន​ដូចជា​ចិនដីគោក​តៃវ៉ាន់​និង​ម៉ា​កាវ​ជា​លើកដំបូង ដោយ​បិទ​នូវ​អ្វីដែល​មន្ត្រី​រដ្ឋា​ភិ​បា​លហុ​ង​កុង​បាន​ពណ៌នា​ម្តង​ហើយ​ម្តង​ទៀតថា “​ចន្លោះប្រហោង​នៃ​ច្បាប់​” ដែល​ពួកគេ​អះអាងថា​បានអនុញ្ញាត​ឱ្យ​ទីក្រុង​នេះ​ក្លាយទៅជា​ទីជម្រក​សម្រាប់​ពួកឧក្រិដ្ឋជន​មកពី​ចិនដីគោក​។​

​មេដឹកនាំ​ហុងកុង​នឹង​ចាប់ផ្តើម​និង​ទីបំផុត​យល់ព្រម​លើ​ការធ្វើ​បត្យាប័ន​បន្ទាប់ពី​មាន​សំណើ​ពី​យុត្តាធិការ​បរទេស​ណាមួយ ប៉ុន្តែ​ទាល់តែ​ក្រោយពី​ធ្វើ​សវនាការ​នៅ​តុលាការ​រួចរាល់​សិន រួមទាំង លទ្ធភាព​ធ្វើ​បណ្តឹងឧទ្ធរណ៍​។ ទោះយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ​បាន​ដក​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ចេញពី​ការរៀបចំ​ការធ្វើ​បត្យាប័ន​។​

  • ហេតុអ្វី​បានជា​រដ្ឋាភិបាល​ហុងកុង​កំពុង​ជំរុញ​ឱ្យចេញ​ច្បាប់​នេះ​នាពេល​ឥឡូវនេះ​?

​ក្រុមមន្ត្រី​ហុងកុង​ពីដំបូង​បាន​ចាប់យក​ករណី​ធ្វើឃាត​កាលពី​ឆ្នាំមុន​លើ​ស្ត្រី​ហុងកុង​វ័យក្មេង​ម្នាក់ ដែល​កំពុង​សម្រាក​កម្សាន្ត​នៅ​តៃវ៉ាន់​ដើម្បី​យក​លេស​ឱ្យមាន​ការកែប្រែ​ច្បាប់​យ៉ាង​រហ័ស​ដូច្នេះ​។ ប៉ូលិស​បាន​និយាយថា​មិត្ត​ប្រុស​របស់​នាង​បាន​សារភាព​នៅពេល​គាត់​ត្រឡប់មក​ហុងកុង​វិញ ហើយ​ឥឡូវនេះ​គាត់​កំពុង​ជាប់គុក​ពីបទ​លាង​លុយ​ដែល​មានទោស​ស្រាល​ជាង​។​

​អាជ្ញាធរ​តៃវ៉ាន់​បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ ដែល​ពួកគេ​និយាយថា​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ងាយ​ត្រូវគេ​ចាប់ខ្លួន​នៅ​ហុងកុង​និង​បាន​ប្តេជ្ញា​បដិសេធ​មិន​ទទួលយក​ជនសង្ស័យ​ពីបទ​មនុស្សឃាត​នោះទេ ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត​។​

​ក្នុងនាម​ជា​បញ្ហា​ដែល​គេ​បំភ្លេចចោល​ជា​យូរ​មកហើយ តម្រូវការ​នៃ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ចិនដីគោក​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​និង​អ្នកជំនាញ​មុន​ការប្រគល់​ហុងកុង​ពី​ចក្រភព​អង់គ្លេស​ទៅ​ការគ្រប់គ្រង​របស់​ចិន​នៅ​ឆ្នាំ ១៩៩៧ ក្រោម​គំរូ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​”​។​

​ទីក្រុង​ហុងកុង​បាន​រក្សា​នូវ​ប្រព័ន្ធ​ច្បាប់​ឯករាជ្យ​និង​ដាច់ដោយឡែក​ដែលជា​ផ្នែក​មួយ​នៃ​សេរីភាព​ទូលំទូលាយ​ដែល​ត្រូវបាន​ធានា​។ តាំងពី​ពេលនោះ​មក ភាព​រីកចម្រើន​តិចតួច​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ការចរចា​ដ៏​ប្រុងប្រយ័ត្ន​ជាមួយ​ពួក​មន្ត្រី​យុត្តិធម៌​និង​សន្តិសុខ​នៅ​ចិនដីគោក កន្លែង​ដែល​បក្ស​កុម្មុយនីស្ត​នៅតែ​គ្រប់គ្រង​លើ​តុលាការ​។​

  • តើ​ការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​នេះ​មាន​សភាព​ខ្លាំងក្លា​កម្រិត​ណា​?

​ការព្រួយបារម្ភ​អំពី​វិសោធនកម្ម​បាន​រីក​រាលដាល​ខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​នាំឱ្យ​ពួក​ហុងកុង​ដែល​គាំទ្រ​ខាង​ពាណិជ​កម្ម​និង​ពួក​ហុងកុង​ដែល​គាំទ្រ​ខាង​ប៉េកាំង​ស្ថិតក្នុង​ស្ថានភាព​មួយ​គួរតែ​គាំទ្រ​ខាង​រដ្ឋាភិបាល​ក្រុង​ហុងកុង​ឬ​រដ្ឋាភិបាល​ចិន​។ ពួក​ចៅក្រម​ជាន់ខ្ពស់​នៅ​ហុងកុង​បានបង្ហាញ​ការព្រួយបារម្ភ​ជា​លក្ខណៈ​ឯកជន​ហើយ​មេធាវី​ពាណិជ្ជកម្ម​ចិនដីគោក​ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង​ក៏បាន​បន្ទរ​អំពី​ការបារម្ភ​របស់​ពួកគេ​ដែរ ដោយ​និយាយថា​ប្រព័ន្ធយុត្តិធម៌​របស់​ចិនដីគោក​មិនអាច​ជឿទុកចិត្ត​ថា​អាចបំពេញ​តាម​ស្តង់ដារ​មូលដ្ឋាន​នៃ​យុត្តិធម៌​តុលាការ​នោះទេ​។ ក្រុម​មេធាវី​ហុងកុង​បានចេញ​សេចក្តីបញ្ជាក់​លម្អិត​ទៅកាន់​រដ្ឋាភិបាល​ដោយ​សង្ឃឹមថានឹង​បង្ខំ​ឱ្យមាន​ការពន្យារ​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​។​

​អាជ្ញាធរ​បាន​សង្កត់ធ្ងន់​ថា​ចៅក្រម​នឹង​ដើរតួ​ជា “​អ្នកយាម​ទ្វារ​” ឬ​អាណាព្យាបាល​សម្រាប់​សំណើ​ធ្វើ​បត្យាប័ន​។ ទោះយ៉ាងណា ចៅក្រម​ខ្លះ​និយាយ​ដាច់ដោយឡែក​ថា ទំនាក់ទំនង​ចិន​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ហុងកុង​និង​វិសាលភាព​នៅមានកម្រិត​នៃ​សវនាការ​អំពី​ការធ្វើ​បត្យាប័ន នឹងធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ការរិះគន់​និង​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​សាលារៀន​នានា ពួក​មេធាវី និង​ក្រុម​ព្រះវិហារ​ជាច្រើន​បាន​ចូលរួម​នឹង​ក្រុម​សិទ្ធិមនុស្ស​ដើម្បី​តវ៉ា​ប្រឆាំងនឹង​វិធានការ​ច្បាប់​ទាំង​នេះដែរ​។ បន្ទាប់ពី​មាន​ជម្លោះ​វាយតប់​គ្នា​នៅក្នុង​រដ្ឋសភា​ជុំវិញ​សេចក្តីព្រាងច្បាប់​នេះ រដ្ឋាភិបាល​បា​នព​ន្លឿ​ន​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​យ៉ាង​លឿន​ដោយ​លុបចោល​ច្បាប់​ដែលមាន​ស្រាប់ ដែលនាំឱ្យ​មាន​កំហឹង​ផ្ទុះ​ឡើយ​ក្នុងចំណោម​ពួក​អ្នក​រិះគន់​។​

​សម្ពាធ​នយោបាយ​បរទេស​និង​ការទូត​លើ​បញ្ហា​សិទ្ធិមនុស្ស​ក៏​កំពុងតែ​កើនឡើង​ខ្លាំង​ផងដែរ​។ សេចក្តីថ្លែងការណ៍​ថ្មីៗ​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​និង​សម​ភាគី​អង់គ្លេស​និង​អាល្លឺម៉ង់ ព្រមទាំង​បេសកជន​សហភាព​អឺរ៉ុប​ចំនួន ១១ រូប​បាន​ជួប​ជាមួយ​ប្រធាន​ប្រតិបត្តិ​របស់​ទីក្រុង​ហុងកុង​លោកស្រី ខា​រី ឡាំ ដើម្បី​តវ៉ា​ជា​ផ្លូវការ​។​

​អភិបាលក្រុង​ចុងក្រោយ​បំផុត​របស់​ហុងកុង​លោក គ្រី​ស ផា​ធិ​ន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​ថា “​វា​ជា​សំណើ​ច្បាប់​ឬ​ជា​សំណើ​ច្បាប់​មួយ​ដែល​វាយ​សំពង​យ៉ាងខ្លាំង​ទៅលើ​នីតិរដ្ឋ ស្ថិរភាព​និង​សន្តិសុខ​ហុងកុង និង​ជំហរ​របស់​ហុងកុង​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្ដរជាតិ​ដ៏​អស្ចារ្យ​”​។​

​អ្នកនយោបាយ​ប្រឆាំង​ខ្លះ​និយាយថា​បញ្ហា​នេះ​ឥឡូវនេះ​គឺ​តំណាងឱ្យ​ចំណុច​របត់​មួយ​សម្រាប់​ស្ថានភាព​សេរីភាព​របស់​ទីក្រុង​ហុងកុង​។​

  • តើ​រដ្ឋាភិបាល​នឹង​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​នេះដែរ​ឬទេ​?

​លោកស្រី​ឡាំ​និង​មន្ត្រី​សំខាន់ៗ​របស់លោក​ស្រី​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បត្យាប័ន​ទាំង​ជា​លក្ខណៈ​សាធារណៈ​និង​ឯកជន ដោយបាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការធ្វើសកម្មភាព​ក្នុងករណី​ឃាតកម្ម​នៅ​តៃវ៉ាន់​និង​តម្រូវការ​ក្នុង​ការបិទ​ចន្លោះប្រហោង​នៃ​ច្បាប់​។​

​ពួកគេ​ក៏​ទទូច​ឱ្យមាន​ការការពារ​ទូលំ​ទូលាយ​ផងដែរ ដែល​មានន័យថា ជន​ណា​ដែល​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ​ឬ​សាសនា​ឬ​ជន​ណា​ដែល​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម នឹងមិន​ត្រូវធ្វើ​បត្យាប័ន​ឡើយ​។ ដូចគ្នានេះដែរ ជន​ណា ដែល​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត នឹងមិន​ត្រូវធ្វើ​បត្យាប័ន​នោះទេ​។ ប្រទេស​ចិន​បាន​បដិសេធ​ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​។​

​ខណៈដែល​ពួកគេ​សង្កត់ធ្ងន់​តែ​ចំពោះ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​និង​ដកចេញ​នូវ​បទឧក្រិដ្ឋ​សេដ្ឋកិច្ច​ជាក់លាក់​ចំនួន​៩ ពុំមាន​តម្រុយ​ណាមួយ​ថា​ពួកគេ​នឹង​លុបចោល​ផែនការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​នោះឡើយ​។ ពួកគេ​ក៏​មិនបាន​ប្រកាស​អំពី​ការពិគ្រោះ​យោបល់​ទូលំទូលាយ​បន្ថែមទៀត​នោះដែរ ដោយហេតុថា​អាច​នឹងមាន​ការជំទាស់​ខ្លាំងក្លា​។​

​ពួក​មន្ត្រី​ចិន​ក៏បាន​គាំទ្រ​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​ហុងកុង​ផងដែរ​នៅ​ចំពោះមុខ​ការគាបសង្កត់​ផ្នែក​ការទូត​ជា​អន្តរជាតិ ដោយ​និយាយថា ឥឡូវ​វា​បាន​ក្លាយជា​បញ្ហា​អធិបតេយ្យ​ហើយ​។​

​ទោះយ៉ាងណា អ្នកនយោបាយ​ប្រឆាំង​ខ្លះ​ជឿថា​ជំហរ​របស់​រដ្ឋាភិបាល​ហុងកុង​នៅ​ទីបំផុត​បាន​រេរា ហើយ​ទីក្រុង​ប៉េកាំង​អាច​នឹង​អនុញ្ញាតឱ្យ​រដ្ឋា​ភិ​បា​លហុ​ង​កុង​ដកថយ​មួយ​ជំហាន​សិន ប្រសិនបើ​មនុស្ស​ច្រើន​ក្រាស់ក្រែល​ចេញមក​តវ៉ា​តាម​ដងផ្លូវ​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ជាង​១​លាន​នាក់​តវ៉ា​ពេញទី​ក្រុង​ហុងកុង​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន