មូល​និ​ធី​អេស៊ីលីដា​-​ចារ​ឌី​ន​សម្រាប់​ការអប់រំ​ផ្ដល់​អគារសិក្សា​ថ្មី​១​ខ្នង​៥​បន្ទប់​ដល់​សាលាបឋមសិក្សា​លើ​ហន់​

314
ចែករម្លែក

ដោយៈ​សុផល​/​រតនគិរី​៖​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌី​ន​សម្រាប់​ការអប់រំ​បានផ្តល់​អគា​រ​សិក្សា​ថ្មី​មួយ​ខ្នង​ធ្វើ​អំពី​បេតុង​រឹងមាំ​មាន​៥​បន្ទប់​ជា​ចំណងដៃ​ជូន​សិស្សានុសិស្ស​ជា​កូនចៅ​ប្រជាពលរដ្ឋ​ជនជាតិខ្មែរ​ភាគតិច​ចា​រ៉ា​យ​។​ដែល​ពួកគាត់​កំពុង​ខ្វះខាត​បន្ទប់រៀន​ក្នុងឱកាស​ថ្ងៃ​បើក​បវេសនកាល​នៃ​ឆ្នាំ​សិក្សា​ថ្មី​១​វិច្ឆិកា​២០១៩​។​អគារសិក្សា​ថ្មី​នេះ​ស្ថិតនៅក្នុង​សាលាបឋមសិក្សា​លើ​ហន​ស្ថិតក្នុង​ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ខេត្ត រតនគិរី ។​

​ពិ​ធិ​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី​នេះ បានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​ញាណ ទិ​ត្យ​ចិន្តា អភិបាលរង​ខេត្ត​រតនគីរី​, លោក ហេង ប៊ុន​នី អភិបាលស្រុក​បរ​កែវ​,​លោក​ឈី​វ​គឹម​សាយ អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តរតនគិរី​។​លោក​ភី​ត​ធើ​បេន​ន់​ស្ថាបនិក​អង្គការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌី​ន​សម្រាប់​ការអប់រំ​អាជ្ញាធរ​ដែន​ដី​លោកគ្រូ​អ្នកគ្រូ​អាណាព្យាបាល​សិស្ស​និង​សិ​ស្សា នុ​សិស្ស ។​


លោក​ឈី​វ​គឹម​សាយ​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តរតនគិរី​បាន​មានប្រសាសន៍ថា​សាលាបឋមសិក្សា​លើ​ហន់ ត្រូវបាន​ប្រកាស​បើក​ជា​សាលាបឋមសិក្សា​ពេញលក្ខណៈ​នៅ​ឆ្នាំ​២០០៨​។ សាលា​នេះ​មាន​បង្រៀន​ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៥​និង​បច្ចុប្បន្ន​មាន​សិស្សានុសិស្ស​សរុប​ចំនួន ១៣៧​នាក់​ក្នុងនោះ​សិស្សស្រី​មាន​៥០​នាក់​ដែលជា​កូនចៅ​ពលរដ្ឋ​ខ្មែរ​ជនជាតិ​ចា​រាយ​នៅ​តំបន់​នេះ​។


លោក​បានឱ្យដឹងថា​៖​កន្លងមក​អគារសិក្សា​នៃ​សាលាបឋមសិក្សា​លើ​ហន់​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សីមា​នស​ភាព​ទ្រុឌទ្រោម​មិន​រឹងមាំ​អាច​បង្រៀន​បានតែ​១​បន្ទប់​ប៉ុណ្ណោះ​ហើយ​បើ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង មិនអាច​បង្រៀន​បានឡើយ ដោយសារ​ទឹកភ្លៀង​លិច​ចូលក្នុង​ថ្នាក់រៀន ។​

​លោក​ហេង​ប៊ុន​នី​អភិបាលស្រុក​បរ​កែវ​តំណាង​ឲ្យ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ក៏​ដូច​ពលរដ្ឋ​នៅ​សហគមន៍​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌី​ន​សម្រាប់​ការអប់រំ​ដែល​បាន​ឧបត្ថម្ភ​និង​សាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​ធ្វើ​អំពី​បេតុង​រឹងមាំ​។ដែល​អាចជួយ​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស​នៅទីនេះ​និង​ក្មួយៗ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​មាន​ថ្នាក់​សិក្សា​ត្រឹមត្រូវ ប្រកបដោយ​ផាសុខភាព សម្រាប់​ក្រេប​យកចំណេះ​វិជ្ជា ក៏​ដូច​ធ្វើជា​ទីកន្លែង និង​ថ្នាល សម្រាប់​ក្រេប​យក និង​បណ្តុះ​ចំណេះវិជ្ជា​កម្រិត​មូលដ្ឋាន​ដើម្បី​អភិវឌ្ឍ​អនាគត​ដ៏​ប្រសើរ​របស់​ពួកគេ ។


​លោក PETER BEYNON​ស្ថាបនិក​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌី​ន បាន​រំលឹកថា​មូលនិធិ​(AJF)​នេះ​ត្រួវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៧​ដោយមាន​គោលបំណង​ចម្បង​គឺ​ផ្តល់ជូន​កុមារ​កម្ពុជា​ទាំងអស់​នូវ​ឱកាស​ស្មើគ្នា​ក្នុង​ការទទួល​បានការ​អប់រំ​កម្រិត​មូលដ្ឋាន​។​

​លោក​បាន​បន្តថា​យុទ្ធសាស្ត្រ​ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​របស់​យើង​គឺមាន​លក្ខណៈសាមញ្ញ​ដោយ​ជាដំបូង​យើង​ត្រូវ​ឧបត្ថម្ភ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អគារសិក្សា​ដែល​ទោះបី​ជាមាន​អាកាសធាតុ​បែបណាក៏ដោយ​ក៏​លោកគ្រូ​អ្នកគ្រូ​នៅតែ​អាច​បង្រៀន​បាន​។​នេះ​គឺជា​អាទិភាព​ចម្បង​ជា​មូលដ្ឋាន ដែល​យើង​ត្រូវធ្វើ​ឲ្យ​បាន​ដើម្បី​ឲ្យ​លោកគ្រូ​អ្នកគ្រូ​មានលទ្ធភាព​ពេញលេញ​ក្នុង​ការបំពេញ​នាទី​ប្រកបដោយ​ប្រសិទ្ធ​ផល​ក្នុង​ការផ្តល់​ចំណេះដឹង​ជូន​ក្មួយៗ​សិស្សានុសិស្ស​នៅក្នុង​តំបន់​មាន​អនាគត​ដ៏​ប្រសើរ​។


លោក​បានបញ្ជាក់​ឱ្យដឹងថា​៖​នេះ​ជា​អគារសិក្សា​ថ្មី​ទី​២​របស់​មូលនិធិ​បន្ទាប់ពី​បាន​ចំណាយ ថវិកា​នៃ​មូលនិធិ​របស់ខ្លួន ប្រមាណ​ជាង​៥​ម៉ឺន​៦​ពាន់​ដុល្លារ កសាង​អគារសិក្សា​ថ្មី​១​ខ្នង​ធ្វើ​ពី​បេតុង ប្រក់​ហ្វី​ប្រូ​ស៊ីម៉ងត៍ ជំនួស​អគារសិក្សា ចាស់​ដែ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី នៅ​សាលាបឋមសិក្សា​គោក​សង្កែ​ស្ថិតនៅ​ក្នុងភូមិ​គោក​សង្កែ​ឃុំ​ពង្រ​ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ខែកក្កដា​ឆ្នា​២០១៩​។​នៅពេល​ខាងមុខ​នឹង​សាងសង់​អគារសិក្សា​នៅ​ព្រះវិហារ​និង​មណ្ឌលគិរី​បន្តទៀត​។

​លោកស្រី​ញាណ​ទិ​ត្យ​ចិន្តា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​បានចាត់ទុក​សកម្មភាព​មនុស្សធម៌ របស់​អង្គការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌី​ន សម្រាប់​ការអប់រំ ពិតជា​បានបញ្ជាក់ ពី​ការចូលរួមចំណែក​យ៉ាងសកម្ម​របស់​អង្គការ​នេះ​ក្នុង​កិច្ចការងារ​សង្គមមនុស្ស​ធម៌​និង​អភិ​ឌ្ឍ​ន៏​ធនធានមនុស្ស​ដែលជា​ទ្រព្យ​ដ៏​មានតម្លៃ​បំផុត​ក្នុងការ​អភិ​ឌ្ឍ​សង្គមជាតិ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាពិសេស​កម្មវិធី​កំណែទម្រង់​គុណភាព​វិស័យ​អប់រំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ក្រសួង​ក៏​ដូច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។ អគារសិក្សា​ប្រកបដោយ​គុណភាព ផាសុខភាព និង​ស្រស់ស្អាត​នេះ ពិតជា​មានតម្លៃ​បំផុត សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​ក្នុងស្រុក​បរ​កែវ ធ្វើជា​ទីកន្លែង និង​ថ្នាល​សម្រាប់​ក្រេប​យក និង​បណ្តុះ​ចំណេះវិជ្ជា​កម្រិត​មូលដ្ឋាន​។​

​សូមបញ្ជាក់ថា​វិស័យ​អប់រំ​ក្នុងស្រុក​បរ​កែវ​មាន​សា​លាម​ត្តេ​យ្យ​សិក្សា​រដ្ឋ​មាន​ចំនួន​៤​កន្លែង​មាន​១២​បន្ទប់​មាន​គ្រូ​ចំនួន​០៥​នាក់​(​ស្រី​ទាំង​៥​នាក់​)​និង​មាន​សិស្ស​សរុប​៣៦៣​នាក់​ស្រី​១៨៦​នាក់​។​ថ្នាក់បឋមសិក្សា​មាន​៣៥​សាលា​មាន​គ្រូ​សរុប​៩១​នាក់​ស្រី​៣១​នាក់​និង​មាន​សិស្ស​សរុប​៦៦១២​នាក់​ស្រី​៣១២៣​នាក់​។​

​ថ្នាក់មធ្យមសិក្សា​មាន​៣​កន្លែង​មាន​គ្រូ​៣៦​នាក់​ស្រី​១២​នាក់​និង​មាន​សិស្ស​សរុប​១១៣០​នាក់​ស្រី​៥២០​នាក់​។​អនុវិទ្យាល័យ​តិះ​ចុង​មាន​គ្រូ​០៣​នាក់​សិស្ស​សរុប​៧០​នាក់​ស្រី​៣៦​នាក់​.​អនុវិទ្យាល័យ​បរ​កែវ​មាន​គ្រូ​២៤​នាក់​ស្រី​១១​នាក់​មាន​សិស្ស​សរុប​២៨៩​នាក់​ស្រី​៣២២​នាក់​។​វិទ្យាល័យ​បរ​កែវ​មាន​គ្រូ​៩​នាក់ ស្រី​ម្នាក់ មាន​សិស្ស​សរុប​២៦៦​នាក់ ស្រី ១២៥​នាក់​៕S/

​ចំណងជើង​រូបថត​៖ មូលនិធិ​អេស៊ីលីដា​-​ចារ​ឌី​ន សម្រាប់​ការអប់រំ ផ្តល់​អគារសិក្សា​ថ្មី​មួយ​ខ្នង ធ្វើ​អំពី​បេតុង​មាន​៥​បន្ទប់​សំរាប់​ជា​ចំណងដៃ​ជូន​សិស្សានុសិស្ស​ជា​កូនចៅ​ប្រជាពលរដ្ឋ​ជនជាតិខ្មែរ​ភាគតិច​ចា​រ៉ា​យ​ដែល​កំពុង​ខ្វះខាត​បន្ទប់រៀន​នៅ​ខេត្តរតនៈគិរី​(​រូបៈ​សុផល​)