រុស្ស៊ីនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400 ទៅកាន់ទីក្រុងញូវដែលីដែលមានតម្លៃជាង ៥ ពាន់លានដុល្លារ។
លោកសឺហ្គេ ឆេមេហ្សូវ នាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មរដ្ឋរបស់រុស្ស៊ី Rostec បានប្រាប់សារព័ត៌មានរុស្ស៊ីថា ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាដើម្បីចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មប្រព័ន្ធ S-400 នៅក្នុងប្រទេសឥណ្ឌា។
លោកឆេមេហ្សូវបានប្រាប់វិទ្យុ BroadKaster ថា “ត្រូវហើយ យើងកំពុងពិភាក្សាអំពីការធ្វើមូលដ្ឋានីយកម្មនៃផលិតកម្មប្រព័ន្ធ S-400 ជាមួយឥណ្ឌាផងដែរ”។ លោកបន្ថែមថា កិច្ចព្រមព្រៀងដែលបានធ្វើរួចស្តីពីការផ្តល់សិទ្ធិផលិតនៅក្នុងប្រទេសឥណ្ឌានឹងរាប់បញ្ចូលយន្តហោះប្រភេទ SU-30 និងរថក្រោះ T-90 ផងដែរ។
លោកឆេមេហ្សូវ ចង្អុលបង្ហាញថា “យើងបានបង្កើតមីស៊ីល BrahMos រួមគ្នាជាមួយពួកគេ [ឥណ្ឌា] នៅលើទឹកដីរបស់ពួកគេរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្ររបស់ពួកគេ”។ មីស៊ីល BrahMos ដែលផលិតដោយក្រុមហ៊ុន BrahMos Aerospace រួមទុនជាមួយក្រុមហ៊ុនអភិវឌ្ឍរ៉ុក្កែតនិងមីស៊ីល NPO Mashinostroyeniya និងអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា គឺជាមីស៊ីលបញ្ជាទិសលឿនបំផុតលើពិភពលោក។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោកយូរី បូរីសូវ បាននិយាយនៅមុននេះថា ទីក្រុងមូស្គូនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 ឱ្យទៅឥណ្ឌាដោយអនុលោមតាមកាលវិភាគនិងកិច្ចសន្យាបង់ប្រាក់ជាមុន។
ទីក្រុងវ៉ាស៊ីនតោនបានរិះគន់ម្តងហើយម្តងទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិរបស់ឥណ្ឌាជាមួយរុស្ស៊ី។ សហរដ្ឋអាម៉េរិកបានប៉ុនប៉ងក្នុងឆ្នាំ ២០១៨ ដើម្បីរារាំងឥណ្ឌាកុំឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ីលើការទិញប្រព័ន្ធ S-400 ។
ក្រសួងការបរទេសអាម៉េរិកបាននិយាយថាខ្លួនអាចនឹងដាក់កំហិតលើប្រទេសណាមួយ ដែលធ្វើប្រតិបត្តិការជាមួយវិស័យការពារជាតិរុស្ស៊ីក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិកតាមរយៈការដាក់ទណ្ឌកម្មឆ្នាំ២០១៧របស់ខ្លួន៕ ដោយ៖ កញ្ញាដាលីស