មួកសុវត្ថិភាព​ជាង​១៦៨​មួក ត្រូវបាន​អាជ្ញាធរ​កោះកុង​បន្ត​ចែកជូន​ដល់​ពលរដ្ឋ​អ្នកបើកបរ​

1192
ចែករម្លែក
  • 29
    Shares
មួកសុវត្ថិភាព​ជាង​១៦៨​មួក ត្រូវបាន​អាជ្ញាធរ​កោះកុង​បន្ត​ចែកជូន​ដល់​ពលរដ្ឋ​អ្នកបើកបរ​ (រូប៖ សុផានីតា)

ដោយ​: សុ​ផានី​តា / កោះកុង​: នៅ​ពាក់កណ្តាល​ខែឧសភា នេះ មន្ទីរ​សាធារណការ រដ្ឋបាល​សាលាខេត្ត និង​ស្នងការ​នគរបាល​ខេត្តកោះកុង នៅតែ​បន្ត​យុទ្ធនា​ការចុះ​ចែក​មួកសុវត្ថិភាព​ចំនួន​១៦៨​មួក ជូន​ដល់​ប្រជាពលរដ្ឋ​អ្នកបើកបរ​មួយចំនួន ដែល​មិនបាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​តាមរយៈ​ការ​មួកសុវត្ថិភាព អំឡុងពេល​ធ្វើដំណើរ​លើ​ដងផ្លូវ​សាធារណៈ​។

​មួកសុវត្ថិភាព​ប្រមាណ​១៦០​មួក សៀវភៅ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិតប័ណ្ណ​សារ​អប់រំ​ជាច្រើន​រយ​ច្បាប់ ប្រជាពលរដ្ឋ​នៅតែ​បន្ត​ទទួល​ពី​អាជ្ញាធរ មន្ទីរ​សាធារណការ និង​សមត្ថកិច្ច​នគរបាល ក្នុង​ទីតាំង​មូលដ្ឋាន​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា និង​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង ថ្លែង​បញ្ជាក់​កាលពី​ថ្ងៃទី​១៤ ឧសភា​ថា នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ក្រុម​អាជ្ញាធរ​ជំនាញ​ចុះ​ចែក មួកសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលបំនង​ព​ញក់​ស្មារតី និង​បង្កើន​ការអប់រំ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព មុននឹង​ទទួល​ការផាកពិន័យ ខណៈ​ពលរដ្ឋ​មួយចំនួន​ថ្វី​ប្រហែស និង​ខ្វះ​ការយល់ដឹង​។​

​អភិបាលរង​ខេត្តកោះកុង ពន្យល់​ទៀតថា ការពាក់​មួកសុវត្ថិភាព​អំឡុងពេល​បើកបរ​ធ្វើដំណើរ​តាម​ដងផ្លូវ គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវអនុវត្ត ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ក្នុងប្រទេស​។ មួកសុវត្ថិភាព​ដែល​ចែកជូន​នៅពេលនេះ សូមឱ្យ​ប្រជាពលរដ្ឋ​យកទៅ​ពាក់​ពេល​ជិះ​ម៉ូតូ​ធ្វើដំណើរ ទោះ​ទីជិត​ឬ ឆ្ងាយ ជៀង​វាង​ចង់តែ​បាន ហើយ​យកទៅ​ទុកចោល​មិន​ពាក់​។ រីឯ​ពលរដ្ឋ​មិន​ពុំមាន​ទទួល​មួក ក៏​គួរ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​វា ដើម្បី​សុវត្ថិភាព​។​

​គួរ​កត់សម្គាល់ថា អត្រា​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅតែ​បន្ត​កើតមានឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ជាប្រចាំ​ថ្ងៃ​។ យ៉ាងហោចណាស់ មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ ៤​នាក់​ក្នុងចំណោម​៥​នាក់​នោះ​គឺ​បណ្តាលមកពី​គ្រោះថ្នាក់​ដោយ​ម៉ូតូ ក្នុងនោះ គ្រោះថ្នាក់​ត្រង់​ក្បាល គឺជា​មូលហេតុ​ធ្ងន់ធ្ងរ​ជាងគេ​។​

​លោក កៅ ប៊ុន​គីម ស្នងការរង​នគរបាល​ខេត្តកោះកុង បានឱ្យដឹងថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សព្វថ្ងៃ បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​ជា​អ្នកជិះ​ម៉ូតូ​មាន​៧៧​ភាគរយ​។ ក្នុងចំណោម​៧៧​ភាគរយ មាន​៦៦​ភាគរយ​អាច​ស្លាប់ និង​របួស ព្រោះតែ​ពុំបាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​។

​លោក ប៊ុន​គីម បន្តថា ភាគច្រើន​នៃ​ជនរងគ្រោះ​គឺមាន​អាយុ​ចាប់ពី​អាយុ ១៥-៣៩ ឆ្នាំ​ដែលជា​វ័យ​កំពុងធ្វើការ​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ជា​កម្លាំងចលករ​នៃ​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ​យុទ្ធនា​ការចែក​មួកសុវត្ថិភាព​ជិត​២០០​មួក​នេះ នឹង​កាន់តែ​ធ្វើឱ្យ​ពលរដ្ឋ​នៅ​ខេត្តកោះកុង​ទទួល​ការយល់ដឹង​បន្ថែម​បាន​មួយកម្រិត ក្នុងន័យ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជា​អតិបរមា​។​

ចំណែក លោក សូ សុភ័ក្ត្រ និង​អ្នក​មីង ចន្ថា សោភា ពលរដ្ឋ​អ្នកជិះ​ម៉ូតូ​គ្មាន​មួកសុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃាត់​ផាកពិន័យ និង​ផ្តល់​មួកសុវត្ថិភាព​ជូន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ពួកគាត់​នឹង​យក​មួកសុវត្ថិភាព​ដែល​អាជ្ញាធរ​ចែកជូន​ទៅ​ពាក់​គ្រប់ពេល​វេ​​លា​អំឡុង​ធ្វើដំណើរ​តាម​ម៉ូតូ​លើ​ដងផ្លូវ​សាធារណៈ​។ ព្រោះ​ការធ្វើ​បែបនេះ​ប្រចាំថ្ងៃ វា​ជាការ​គោរព​អាយុជីវិត​ខ្លួនឯង និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។​

​បើតាម​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ថ្លែងថា មន្ទីរ នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​បន្ត​ចែកជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ រហូត​ទាល់តែ​អស់ពី​ចំនួន​ដែលមាន​នៅក្នុង​ឃ្លាំង​ស្តុក​។ មុននឹង​ពលរដ្ឋ ទទួលបាន​ចែក​មួកសុវត្ថិភាព គឺ​តម្រូវឱ្យ​ពួកគាត់​ឆ្លើយតប​របស់​សមត្ថកិច្ច​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បូករួម​ចែក​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍ ជាដើម​។

​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តកោះកុង បង្ហាញថា ឆមាស​ទី​១ ដើមឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៨​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​ស្រាល​១៧​នាក់ និង​ខូចខាត​យានយន្ត​១២​គ្រឿង​។ បើតាម​សមត្ថកិច្ច គឺ​បាន​អប់រំ​ណែនាំ​ដល់​អ្នកបើក​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព​បាន​ចំនួន​១​ពាន់​៥​រយ​នាក់ ស្មើនឹង​៧៤៣​គ្រឿង ព្រមទាំង​ទទួលបាន​ប្រាក់​ពី​ផាកពិន័យ​ចំនួន​១៣​លាន​រៀល​៕