មួយគ្រួសារ៤នាក់ ជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់ឪពុកម្ដាយ ទុកកូន២នាក់នៅកំព្រា

438
ចែករម្លែក
  • 8
    Shares

ដោយ:វិបុល/កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មនុស្សមួយគ្រួសារ៤នាក់ ២នាក់បាន​បាត់បង់​ជីវិត និង២នាក់រងរបួស ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដធន់ធ្ងន់​បាន​បុក​ម៉ូតូមួយគ្រឿង ដែលជិះបញ្រ្ចាស់ទិសគ្នា កាលពីវេលា​ម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​៥០-៥១ ស្ថិតក្នុងសង្កាត់ច្បារមាន់ ក្រុងច្បារមាន់ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​រថយន្ដធន់ធ្ងន់មួយគ្រឿងម៉ាកហ៊្វុយហ្សូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ​3A6127​ បើកបរលើផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុតកើតហេតុ ក៏បានប្រទះគ្នានឹងម៉ូតូមួួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ​ ព្រៃវែង-1F2386 ដឹកគ្នា៤នាក់ដែលជិះបញ្រ្ចាស់គ្នា។

ប្រភពបន្ដថា ក្រោយហេតុការណ៍ គេប្រទះឃើញមនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួស (អ្នកជិះម៉ូតូ)។ ចំណែកអ្នកបើកបររថយន្ដ បានរត់គេចខ្លួន​បាត់​ស្រមោល។

ជនរងគ្រោះទាំង៤នាក់ រួមមាន​ ១.​អ្នកបើក​ឈ្មោះ វ៉ា វ៉ាត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​តា​ម៉ោង ឃុំ​ព្រៃ​រន្ទះ ស្រុក​ពារាំង ខេត្ត ព្រៃវែង​(​ស្លាប់​), ២.ឈ្មោះ ​អូន ភាស់ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយគ្នា​ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះខាងលើ (​ស្លាប់​), ៣.​ឈ្មោះ វ៉ា វ៉ាន់​ថា ភេទ​ស្រី​អាយុ​៧​ឆ្នាំ​(​របួសស្រាល​) ​ជា​កូន​ និងទី៤. ឈ្មោះ វ៉ា សា ភេទ​ប្រុស ​អាយុ​៩​ខែ ​(​របួសស្រាល​)​ ជា​កូន​។

បច្ចុប្បន្ន ម៉ូតូនិងរថយន្ដ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក ដើម្បីដោះ​ស្រាយ​នៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវប្រគល់ជូន​ក្រុម​គ្រួសារដើម្បីធ្វើបុណ្យ៕B/