មួយឆ្នាំ​កម្ពុជា​នាំចូល​ជី​មួយ​លាន​តោន​និង​ថ្នាំ​កសិកម្ម​ប្រាំ​ម៉ឺន​តោន​ពី​ប្រទេសជិតខាង​

996
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ឲ្យ​ដឹងថា ឆ្នាំ​២០១៧​កន្លងទៅ​កម្ពុជា​បាន​នាំចូល​ជី​កសិកម្ម​ប្រហែល​មួយ​លាន​តោន និង​ថ្នាំ​កសិកម្ម​ប្រហែល​ប្រាំ​ម៉ឺន​តោន ពី​បណ្តា​ប្រទេសជិតខាង​។ កត្តា​នេះ​ទាមទារ​ឲ្យ​អាជីវករ​លក់​សម្ភារ​:​កសិកម្ម​ចំនួន​ជិត​មួយ​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ដល់​ប្រជាកសិករ​ជា​អ្នក​ផលិត​ដំណាំ​កសិកម្ម​ទាំងអស់ ប្រើប្រាស់​វា​គោរព​តាម​លក្ខណ​:​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​ជួយ​បញ្ចៀស​សារធាតុពុល​បំផ្លាញ​សុខមាលភាព​។​

​លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​អ្នកចូលរួម​ជាង​១០០ នាក់​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​សប្តាហ៍​កន្លងទៅ​ថា សង្ឃឹម​ជឿជាក់ថា​បងប្អូន​ជា​អាជីវករ​លក់​សម្ភារ​:​កសិកម្ម​ទាំង ១០៩ នាក់​ដែល​បាន​ឆ្លងកាត់​ការសិក្សា​បណ្តុះបណ្តាល អប់រំ​វិជ្ជាជីវ​:​ស្តីពី នីតិវិធី និង​បច្ចេកទេស​សម្រាប់​ការធ្វើ​អាជីវកម្ម​សម្ភារ​:​កសិកម្ម រយ​:​ពេល​ប្រាំ​ថ្ងៃនេះ​នឹង​ទទួលបាន​ចំណេះ​ដឹងបាន ល្អប្រសើរ​ទាំងអស់គ្នា​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា សូមជួយ​យកចំណេះ​ដឹង​ទាំងអស់នេះ​ទៅ​ផ្សព្វផ្សាយ ឲ្យ​បាន​បញ្ជ្រាប​ដល់​កសិករ​ទាំងឡាយ​ជា​អ្នក​ដាំ​ដុះ​ផលិត​ដំណាំ​កសិកម្ម​ដែល​បានមក​ជាវ ឬ​ទិញ​ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម ពី​បងប្អូន​ជា​អ្នកលក់ដូរ​ទាំងអស់​ទូ​ទាំង​ប្រទេស​ប្រហែល​ជិត​មួយ​ម៉ឺន​នាក់​បានដឹង បាន​យល់​ពី​វិធី និង​បច្ចេកទេស​ប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​របស់​ពួកគាត់​(​កសិករ​)​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត ដល់ទី​ផ្សារ​របស់​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ និង​អតិថិជន​ជា​អ្នកបញ្ជា​ទិញ​។​
​ ​
លោក ភុំ រ៉ា បាន​ថ្លែងបន្តថា បើ​មិន​ដូច្នេះ​ទេ គឺ​សារធាតុពុល​នៅក្នុង​ជី​កសិកម្ម​ប្រហែល​ចំនួន​មួយ​ម៉ឺន​តោន និង​នៅក្នុង​ថ្នាំ​កសិកម្ម​ប្រហែល​ចំនួន ប្រាំ​ម៉ឺន តោន​ដែល​នាំចូល​ពី​បណ្តា​ប្រទេសជិតខាង​ក្នុង​មួយឆ្នាំៗ​នោះ គឺ​យើងទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​ទូទាំង នឹង​ទទួល​មកវិញ​នូវ​ហិ​និ​ភ័យ​ផ្នែក​សុខមាលភាព​។ ពិសេស​ជាតិពុល​ទាំងនោះ​វា​មិន​ធ្វើ​សកម្មភាព​ភ្លាមៗ​ទេ គឺ​វា​នឹង​សម្ងំ​នៅក្នុង​ខ្លួន​យើង ដល់​ពេលវេលា​អំណោយផល​វា​នឹង​ចាប់ផ្តើម​យាយី​បំផ្លាញ​សុខភាព​យើង​ជាក់​ជាមិនខាន​។​

​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា គិត​ចាប់​ឆ្នាំ​២០១១ មកដល់​បច្ចុប្បន្ន​យើង​បាន​បណ្តុះ​បណ្តា​បងប្អូន​ជា​អា​ជីករ​លក់ដូរ​សម្ភារ​:​កសិកម្ម គឺ​បាន​ចំនួន ប្រាំបី វគ្គ​ហើយ​។ ដោយមាន​សិក្ខា​ម​សរុប​ចំនួន​៧៤១ នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១៨៩ នាក់​។ ដោយឡែក​វគ្គ​ទី ប្រាំបី ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​មាន​សិក្ខា​ម​ចំនួន ១០៩ នាក់​: ស្រុក​បាធាយ​ចំនួន ១៥ នាក់ ,​ស្រុក​ចម្ការលើ​ចំនួន ២៥ នាក់ , ស្រុក​ជើងព្រៃ​ចំនួន ៤ នាក់ ,​ស្រុក​ព្រៃឈរ​ចំនួន ៩ នាក់​, ស្រុក​ស្រី​សន្ធរ​ចំនួន ៣ នាក់​, ស្រុក​ស្ទឹងត្រង់​ចំនួន ១៤ នាក់ , ក្រុង​កំ ពង់​ចាម​ចំនួន ១៤ នាក់ និង​សិក្ខា​ម​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ចំនួន ១០ នាក់​។​

​លោក យូ គង់ វ័យ ៤៨ ឆ្នាំ​នៅ​ក្រុង​កំពង់ចាម​ដែល​បានមក​ចូល​រូ​ម​វគ្គ​បណ្តុះបណ្តាល​អប់រំ វិជ្ជាជីវ​:​ស្តីពី នីតិវិធី និង​បច្ចេកទេស​សម្រាប់​ការធ្វើ​អាជីវកម្ម​សម្ភារ​:​កសិកម្ម​បានឱ្យដឹង​ដែរ​ថា លោក​ពិតជា​បានទទួល​បាន​ចំណេះ​ដឹក​លើ​ការងារ​ប្រើប្រាស់​ជី និង​ថ្នាំ​កសិករ​បាន​ច្រើន​តាមរយ​:​ការបង្រៀន​របស់​គ្រូ នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម​។ នេះ​ជា​ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​អាជីវករ​ជា​អ្នកលក់ដូរ​សម្ភារ​:​កសិកម្ម​។ ក្រោយពី​បញ្ចប់​វគ្គ​សិក្សា​ខាងលើនេះ គឺ​លោក​នឹង​សុំច្បាប់​អនុញ្ញាត​បើក​សាខា​លក់​ជីធម្មជាតិ​ផ្សំ​ឡើង​ពី​សម្បក​មង្ឃុត​,​មើម​ឆា​ច់​ថាវ​,​ផ្លែ​ចេក​១០០​ស្រទាប់ និង​ក្លរ​ភី​ល​ដែល​ក្រុមហ៊ុន​នាំចូល​ពី​ប្រទេស​ថៃ​មក​ដាក់លក់​នៅ​ក្រុង​កំពង់ចាម​៕S/

​មួយឆ្នាំ​កម្ពុជា​នាំចូល​ជី​មួយ​លាន​តោន​និង​ថ្នាំ​កសិកម្ម​ប្រាំ​ម៉ឺន​តោន​ពី​ប្រទេសជិតខាង​


​ ​
​ ​
​ ​