មួយជីវិត​ខ្ញុំ​ពិតជា​រំភើប​ណាស់​ពេល​ឃើញ​កូនៗ​មាន​ជីវភាព​ល្អប្រសើរ​

1084
ចែករម្លែក

(​ស្ទឹងត្រែង​): សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ម្នាក់ អង្គុយ​ទាល់​មុខ អ្នកកាសែត ហើយ​និយាយ​ប្រាប់ថា ក្រោយពី​របប​ខ្មែរក្រហម​បាត់ទៅ​ធ្វើឱ្យ​ជីវិត​ថ្មី​របស់ខ្លួន​រួមទាំង​ក្រុមគ្រួសារ មាន​ជីវ​ភាពល្អ​ប្រសើរឡើង​។ នេះ​ក៏​ដោយសារតែ​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ​ដ៏​វៃឆ្លាត​។​

​លោក ធន់ សុវណ្ណ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង បាន​រៀបរាប់ថា ចាប់តាំងពី​ក្រោយ​រំដោះ​របប​ខ្មែរក្រហម​ឆ្នាំ​១៩៧៥-៧៩​នោះមក ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​លឿន​ណាស់​។ នេះ​បើតាម​អ្វីដែល​លោក បានឃើញ​ជាក់ស្តែង នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​ខេត្តស្ទឹងត្រែង គឺជា​តំបន់​មួយ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុងភ្នំពេញ គ្មាន​ផ្លូវ​ទៅមក​បានឡើយ​កាលពី​សម័យ​សង្គ្រាម​។ ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៩៣​មក ផ្លូវជាតិ​សំខាន់ៗ​បាន​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ មកកាន់​ខេត្ត​មួយ​នេះ បន្តទៅ​កាន់​ខេត្ត​ផ្សេងៗ និង​ត​ភ្ជាប់​ទៅ​ប្រទេស​ឡាវ​។​

​ជាក់ស្តែង ខេត្តស្ទឹងត្រែង​មាន​ស្ពាន​ចំនួន​២​ឆ្លងកាត់ គឺ​ស្ពាន​មេគង្គ​ឆ្លងកាត់​ទន្លេមេគង្គ និង​ស្ពាន​សេកុង ឆ្លងកាត់​ទន្លេសេកុង ដែល​យើង​មើល​ឃើញនឹងភ្នែក​។ ស្ពាន​ទាំងពីរ​នេះ គឺជា​ទ្រព្យ​ដ៏​មហាសាល ដែល​ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ក៏​ជា​ដូចជា​ប្រទេស​កម្ពុជា ទាំងមូល​មិន​ធ្លាប់មាន​កាលពីមុន​មក​។ ក្រៅពី​ស្ពាន​ទឹកដី​ខេត្តស្ទឹងត្រែង មាន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ដ៏​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា កំពុងតែ​សាងសង់​ជិត​រួចរាល់​។ គេ​នឹងដាក់​ដំណើរការ ថាមពល នៅ​ឆ្នាំ​ខាងមុខនេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​លើកដំបូង​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ការរៀបចំ​អភិវឌ្ឍន៍ ច្រើន​វិស័យ​រួមទាំង​អាគារ​ខ្ពស់ៗ ផុស​ឡើង​នៅ​ក្រុង​ស្ទឹងត្រែង​ព្រោងព្រាត​។​ប្រជាជន​ក្នុង​តំបន់ រស់នៅ​ប្រកបមុខរបរ រកស៊ី​និង​ខិតខំ​ធ្វើការ​ងារ​រៀងៗ​ខ្លួន​ដើម្បី​ជីវិត​។​

​លោក​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្រះ​ឫស្សី បាន​និយាយ​បន្តទៀតថា ស្ពាន​ឆ្លងកាត់​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង បានផ្តល់​ប្រយោជន៍ ដល់​ប្រជាជន​និង​ដឹកទំនិញ​ឆ្លងកាត់​ទៅមក​បាន​ងាយស្រួល​។ មិនតែប៉ុណ្ណោះ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​មន្ទីរពេទ្យ និង​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត​មាន​រាប់មិនអស់​។​

​សម្រាប់​គ្រួសារ​លោក ធន់ សុវណ្ណ បានឱ្យដឹងថា គាត់​មានកូន​ប្រុស​ស្រី​ចំនួន​៧​នាក់​។ ពួកគេ​ខ្លះ​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី និង​ខ្លះទៀត បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ឬក៏​ធនាគារឯកជន​។ ជីវភាព​ធូរធា​នេះ ក៏​ដោយសារតែ​មានការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​។ ហើយ​កូនៗ​លោក​ពួកគេ​ក៏បាន​ខិតខំ​តស៊ូ​ដោយ​ខ្លួនឯង​ដែរ​។ ជាងនេះទៅទៀត ក៏​ដោយសារតែ​ប្រមុខ​ដឹកនាំ​ប្រទេស ដើរ​លើផ្លូវ​ត្រូវ​ប្រកប​ដោយ​សុខសន្តិភាព និង​ប្រាជ្ញា​ឈ្លៀសវៃ​នេះឯង​។​

​លោក​សុវណ្ណ ពិតជា​រំភើប​ក្នុង​ចិត្ត ពេល​ឃើញ​សង្គម មាន​សុខសន្តិភាព​បែបនេះ​លោក​ចង់ឱ្យ​សន្តិភាព​មាន​ត​រាប់រយឆ្នាំ​តទៅ​មុខ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​។​

​ស្ត្រី​ឈ្មោះ វណ្ណ ប៉ូ​លី វ័យ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ បាន​និយាយថា គ្រួសារ​របស់គាត់​ពិត​ជា​មិន​ភ្លេច​ទេ​គុណ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ មាន​គណបក្ស​ប្រជាជន ទើប​មានជីវិត​រស់​មកដល់​សព្វថ្ងៃនេះ​។​

​ទោះបី​ជាមាន​វ័យ​ចំណាស់​បន្តិច ប៉ុន្តែ​មានការ​សម្បាយ​ចិត្ត ពេល​ឃើញ​ភូមិ​ស្រុក​ដែល​គាត់​រស់នៅ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បែបនេះ​។ កាលពីមុន​ក្នុង​សង្កាត់​ស្រះ​ឫស្សី ដែលជា​សង្កាត់​មួយ​របស់​ក្រុង​ស្ទឹងត្រែង មាន​ផ្លូវបែក​ភក់​បង្ក​ការលំបាក​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ខ្វាត់ខ្វែង បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកភូមិ​ធ្វើដំណើរ​ទៅណា​មក​ណា​បាន​ស្រួល​ពិតជា​រំភើប​ក្នុង​ចិត្ត​ណាស់​។​

​រាល់ថ្ងៃ​កូនៗ មាន​ប្តី​ប្រពន្ធ​ចេញទៅ​ធ្វើ​ការងារ​រៀងខ្លួន​អស់ហើយ​។ រីឯ គាត់​អង្គុយ​មើល​ចៅ​លក់​ឥ​វ៉ាន់​ចាប​ហ៊ួ​យ​ក្នុងផ្ទះ​បន្តិច​ប​ន្ទួ​ច​ជំនួស​កូន​។ កូនៗ​របស់គាត់​សុទ្ធ​តែមាន​ជីវភាព​ធូរធា​។ អ្នកខ្លះ​មានផ្ទះ​ធំ​ល្មម​មាន​រថយន្ត​ទំនើប​ជិះ​ពិតជា​សំណាង​របស់គេ​។ កូនៗ​រាល់ថ្ងៃ​ខិតខំ​ប្រឹងប្រែង​រកស៊ី និង​ធ្វើ​ការងារ​រៀងៗ ខ្លួន​មិន​ភ័យព្រួយ ដូច​កាល​គាត់​រស់នៅ​ក្នុងសម័យ​មាន​សង្គ្រាម​។ ទាំងនេះ ក៏​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​។ មិនតែប៉ុណ្ណោះ ក៏​ដោយសារតែ​អាជ្ញាធរ​ដែនដី និង​ការដឹកនាំ របស់​អភិបាលខេត្ត​ស្ទឹងត្រែង​ពីមួយ​អាណា​ត្តិ​ទៅមួយ​អាណា​ត្តិ មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ប្រជាជន​ផងដែរ​៕L ដោយ​៖ សុខុម​