មួយថ្ងៃ​Apple​ខាត​៧៥​ពាន់​លាន​ដុល្លារ ខណៈ​សេដ្ឋកិច្ច​អាមេរិក​បង្ហាញ​សញ្ញា​ថយចុះ​

639
ចែករម្លែក

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Apple​បាន​ជួប​ថ្ងៃ​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​ការធ្វើ​ជំនួញ​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​បញ្ជូន​រលក​ភ្ញាក់ផ្អើល​និង​ភ័យរន្ធត់​នៅ​ជុំវិញ​ពិភពលោក ។​ការធ្លាក់​ថ្លៃ​ភាគហ៊ុន​នៅ​ផ្សារ​Wall Street​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​ ​បណ្តាលអោយ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​រងគ្រោះ​ខ្លាំងជាងគេ​ធៀប​នឹង​ការធ្វើ​ជំនួញ​ក្នុង​រយៈ​​ពេល​៧​ឆ្នាំ​មកនេះ ក្រោយពី​ក្រុមហ៊ុន​Apple​បាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​ចំនួន​លក់​ចេញ​ទូរស័ព្ទ​iPhone​នៅ​ចិន​។​

Apple​បាន​ធ្លាក់​ថ្លៃ​១០​ភាគរយ​មក​នៅ​១៤២,១៩​ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន ជាហេតុ​នាំអោយ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​៧៥.០០០​លាន​ដុល្លារ​នៅក្នុង​តំលៃ​ទីផ្សារ​។​បណ្តា​ក្រុម​​ហ៊ុន​បច្ចេកវិទ្យា​និង​នាំចេញ​ធំៗ​ដទៃទៀត រួមមាន​ក្រុមហ៊ុន​គ្រឿង​ម៉ាស៊ីន​ធុន​ធ្ងន់ ក៏​រង​ការខាតបង់​ខ្លាំងក្លា​ផងដែរ​។​ក្រុមហ៊ុន​ដែល​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត គឺ​ពពួក​ផលិត​ឈី​ប​​ដែល​បង្កើត​គ្រឿងផ្សំ​សំរាប់​ស្មា​ត​ហ្វូ​ន​និង​គ្រឿង​ឧបករណ៍​ដទៃទៀត​។​

​ការធ្លាក់​ថ្លៃ​ភាគហ៊ុន​សំរាប់​Apple កាលពី​ថ្ងៃទី​៣​មករា មាន​លក្ខណៈ​អាក្រក់​បំផុត​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៣ ។​ការខាតបង់​កាលពី​ថ្ងៃ​៣​មករា​នាំអោយ​ក្រុមហ៊ុន​Appleនៃ​សល់​តំលៃ​តែ​ក្រោម​៧០០​ពាន់​លាន​ដុល្លារ​ដោយ​ធ្លាក់ចុះ​ពី​ចំណាត់ថ្នាក់​កំពូល​កាលពី​ពីរ​ខែ​មុន​។​

​ក្រុមហ៊ុន​បាន​ខាតបង់​ប្រាក់​៤៥០​ពាន់​លាន​នៅក្នុង​តំលៃ​ទីផ្សារ​ចាប់តាំងពី​តំលៃ​របស់​វា​បាន​ឡើងដល់​កំពូល​១,១​លាន​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​ការធ្លាក់​ថ្លៃ​ភាគហ៊ុន​នេះ​កើតឡើង​ចំពេល​បណ្តា​ឧស្សាហករ​អាមេរិក​បាន​រាយការណ៍​អំពី​ដំណើរ​រីកចំរើន​ស្ពឹក​បំផុត​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​មកនេះ​កាលពី​ខែ​មុន​​ខណៈ​ប្រទេស​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​ស​ន្ទ​ស្សន៍​ទិញ​នៅ​ខែធ្នូ​បាន​ធ្លាក់ចុះ​៥,២​ភាគរយ​ធៀប​នឹង​មួយខែ​មុន ដែលជា​បរិមាណ​ធ្លាក់ចុះ​ធំ​បំផុត​ប្រចាំខែ​​គិត​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០០៨​។​

​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​នៅ​អាមេរិក​កើតឡើង​ចំពេល​មាន​សញ្ញា​អំពី​ការនាំចេញ​និង​លំហូរ​ពាណិជ្ជកម្ម​ពិភពលោក​កាន់តែ​ថយចុះ ហើយ​បើ​មិនមាន​ការប្រកាន់យក​​មធ្យោបាយ​គាំទ្រ​ធុរកិច្ច​ខ្លាំង​ឡើង ការថយចុះ​នៃ​សេដ្ឋកិច្ច​សកលលោក​ទំនងជា​បន្ត​ហួស​ឆ្នាំ​២០១៩។

នាយក​Apple លោក​ធី​ម ឃុ​ក និ​យា​ថា​ក្រុមហ៊ុន​រំពឹង​រកចំណូលបាន​៨៤​ពាន់​លាន នៅ​ត្រីមាស​កន្លងមក តិចជាង​អ្នកវិភាគ​រំពឹងទុក​៧​ពាន់​លាន​

បណ្តា​សេដ្ឋកិច្ច​នាំមុខ​នៅ​អាស៊ី​និង​អឺរ៉ុប​បាន​ត្រូវបាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​នៃ​សកម្មភាព​ឧស្សាហកម្ម ហើយ​ថ្លៃ​ប្រេង​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​សុក្រ​ទី​៤​មករា​នេះ​បន្ទាប់​​ពី​អាមេរិក​និង​សេដ្ឋកិច្ច​ធំៗ​នៅ​អាស៊ី​បង្ហាញ​សញ្ញា​ថមថយ​នៃ​សេដ្ឋកិច្ច​។​

​ប្រេង​ឆៅ​Brent​នៅ​សិង្ហ​បុរី​បាន​ចុះ​២១​សេន​មក​នៅត្រឹម​៥៥,៧៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​West Texas Intermediate (WTI)​នៅ​អាមេរិក​ត្រូវបាន​លក់​ចេញ​៤៧,០៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយ​ចុះ​៤​សេន​៕ដោយ៖វាសនា