មួយ​ថ្ងៃ​ប៉ូលិស​ហុងកុង​ចាប់​មនុស្ស​ជាង​១​ពាន់​នាក់ និង​គ្រាប់បែក​សាំង​ជិត​៤​ពាន់​ដប នៅ​ពេល​អ្នក​តវ៉ា​ប្រឆាំង​គេចខ្លួន​តាម​លូ​

263
ចែករម្លែក

​ប្រដាប់​ដោយ​ពិល​និង​រុំ​ដៃជើង​ដោយ​បន្ទះ​ជ័រ​ផ្លា​ស្ទិក ពួកគេ​បាន​ព្យាយាម​គេចខ្លួន​តាម​លូ នៅ​ពេល​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់សិប​នាក់​នៅ​ជាប់​ក្នុង​សកល​វិទ្យាល័យ​​ហុងកុង​មួយ ដែល​ស្ថិតក្រោម​ការឡោមព័ទ្ធរ​បស់​ប៉ូលិស​អស់​៤​ថ្ងៃ​មកហើយ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​នេះ​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ អ្នក​ប្រឆាំង​តវ៉ា​រាប់សិប​នាក់​ក៏​បាន​ព្យាយាម​គេចខ្លួន​ពី​សកល​វិទ្យាល័យ​នេះ​ដោយ​សម្រូត​ខ្លួន​តាម​ខ្សែ​ចុះ​ពី​ស្ពាន​អាកាស​និង​គេចខ្លួន​តាម​ម៉ូតូឌុប​ដែល​​រង់ចាំ​នៅ​ខាងក្រោម តែ​ប៉ូលិស​បាន​និយាយថា អ្នក​គេចខ្លួន​និង​អ្នក​បើក​ម៉ូតូ​៣៧​នាក់​ត្រូវបាន​ចាប់ខ្លួន ទោះជា​យ៉ាងណា​មួយចំនួនធំ​បាន​គេច​ខ្លួន​ដោយ​ជោគជ័យ​។​

​តាមពិត​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅក្នុង​សកល​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ហុងកុង​នេះ​កាន់​ចូល​កាន់កាប់​សាលា​នេះ​អស់​ពេល​ជិត​២​សប្តាហ៍​មក​ហើយ ដោយ​មិន​ស្តាប់​ការស្នើសុំ​ពី​អាជ្ញា​​ធរ​អោយ​ចាកចេញ ហើយ​ពួកគេ​គិតតែ​ពី​ស្តុក​ទុក​ស្បៀងអាហារ​និង​សព្វាវុធ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ប៉ូលិស​។​នៅ​ទីបំផុត​ប៉ូលិស​បាន​ឡោមព័ទ្ធ រុលចូល​បង្ក្រាប​និង​ប្រាប់​អោយ​ពួក​​គេ​ប្រគល់​ខ្លួន​។​

​អ្នក​អ្នកប្រឆាំង​តវ៉ា ដែល​ភាគច្រើន​ជា​និស្សិត តស៊ូ​មិន​ប្រគល់​ខ្លួន​និង​ព្យាយាម​គេច ដោយសារ​តែ​ប្រគល់​ខ្លួន​ក៏​ដូចជា​ត្រូវ​ប៉ូលិស​ចាប់បាន គឺ​ពួកគេ​ប្រឈម​ការជាប់គុក​ដល់​​ទៅ​១០​ឆ្នាំ​ដូចគ្នា​។​

​សូមបញ្ជាក់​ថា គ្រាន់​តែ​មួយ​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា​មនុស្ស​ប្រមាណ​១.១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ​ប៉ូលិស​ហុងកុង​បាន​រកឃើញ​គ្រាប់បែក​សាំង​ជាង​៣.៩០០​ដប​នៅ​សកល​​វិទ្យាល័យ​ចិន​ហុងកុង (CUHK)​។​

​ក្នុងចំណោម​មនុស្ស​១.១០០​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​តែ​ក្នុង​រយៈពេល​១​ថ្ងៃ រួម​មាន​អ្នកចូលរួម​ក្នុង​កុបកម្ម និង​មាន​អាវុធ​ជាប់​នៅ​នឹង​ខ្លួន​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក៏​បាន​និយាយថា បុគ្គលិក​សកល​វិទ្យាល័យ​CUHK​និង​សកល​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ហុងកុង​(PolyU)​បាន​រាយការណ៍​អំពី​ការ​លួច​យក​សារធាតុ​គីមី​គ្រោះថ្នាក់​​ចេញពី​បន្ទប់ពិសោធន៍​។​លោក​ថា​«​វា​ជា​ការប្រកាសអាសន្ន ដែល​បណ្តា​សកល​វិទ្យាល័យ​នៅ​ហុងកុង​ក្លាយ​ជា​រោងចក្រ​អាវុធ​»៕​ដោយ​៖​វាសនា​