មួយ​យប់​ទល់​ភ្លឺ​ភ្លៀង​លិច​ផ្សារ​ថ្មី​អ្នកលក់ដូរ​នាំគ្នា​មក​លក់​ក្រៅ​ផ្សារ​មេ​ភាស៊ី​តាម​យកលុយ​ដដែល

381

ជំនន់​ទឹកភ្លៀង​លិច​ផ្សារ​ថ្មី​ហើយ​អ្នកលក់ដូរ​រ​ត់មកល​ក់លើ​ថ្នល់​កៅស៊ូ​ក្រៅ​ផ្សារ និង​ម៉ូតូ​ផ្ញើ​ពេញ​ថ្នល់ (​រូប​៖ គ្រញូង​)

(​បាត់ដំបង)៖ ​ចាប់ពី​ម៉ោង​៧​យប់​រហូតដល់​ជិត​ភ្លឺ​ឈានចូល​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៧ មាន​ភ្លៀង​ធំ​ជាច្រើន​មេ​ធ្លាក់​មកជា​ប់ៗ​គ្នា ជាហេតុ​ធ្វើ​ឲ្យ​ផ្សារ​ថ្មី​(​ផ្សារ​១៣​មករា​) ស្ថិតក្នុង​សង្កាត់​ព្រែក​ព្រះស្តេច​លិច ដោយ​ជំនន់​ទឹកភ្លៀង​ត្រឹម​ក្បាលជង្គង់ ហើយ​អ្នកលក់ដូរ​តាម​កញ្ច្រែង ល្អី​នាំគ្នា​មក​លក់ដូរ​តាមផ្លូវ​ថ្នល់​និង​មុខផ្ទះ​ប្រជាជន ប៉ុន្តែ​ពួក​ភាស៊ី​ផ្សារ​នៅតែ​តាម​មក​ទារលុយ​ដដែល​។ ចំណែក​សង្កាត់​ដទៃទៀត នៅក្នុង​ក្រុង​បាត់ដំបង ក៏​រង​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​រួមមាន សង្កាត់​ព្រែក​ព្រះស្តេច សង្កាត់​អូរ​ចារ សង្កាត់​ទួល​តា​ឯក សង្កាត់​ស្វាយប៉ោ សង្កាត់​ស្លា​កែ​ត សង្កាត់​ចម្ការ​សំរោង​និង​សង្កាត់​រតនៈ​។​

​អ្នកលក់ដូរ​តាម​កញ្ច្រែង ល្អី​ក្នុង​ផ្សារ​ថ្មី​(​ផ្សារ​១៣​មករា​)​ជាច្រើន​នាក់ បាន​និយាយ​រិះគន់​ដល់​ថៅកែ​ផ្សារ​ថ្មី​ថា ទោះបីជា​ពួកគាត់​នាំគ្នា​មក​លក់​ក្រៅ​ផ្សារ ក៏​តាម​មក​ទារលុយ​ភាស៊ី​ដែរ មិន​គិត​រក​មធ្យោបាយ​រំដោះ​ទឹក​ចេញពី​ក្នុង​ផ្សារ​ទេ​។ ពួកគាត់​ក៏​បន្ទោស​ទៅលើ​អាជ្ញាធរ​សង្កាត់​ព្រែក​ព្រះស្តេច​ថា ទាំង​ចៅសង្កាត់​ចាស់​ដែលមាន​លោក​តោ ហុន ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គ្មាន​លទ្ធភាព​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​លិច​ផ្សារ​ថ្មី លិច​ផ្ទះ​ប្រជាជន​ដែរ​។ ហើយ​ថ្មីៗ​នេះ​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក ខាន់ ប៊ុន​ផេង ជា​ចៅសង្កាត់​បានតែ​អួត​មុនពេល​បោះឆ្នោត​ថា នឹង​ជួយ​ធ្វើ​កុំ​ឲ្យ​លិច​ផ្សារ លិច​ផ្ទះ លិច​សាលារៀន លិច​ផ្លូវថ្នល់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ធំៗ ក៏​ធ្វើ​មិនបាន​តាម​ការសន្យា​ដែរ គឺ​គ្មាន​ចៅសង្កាត់​ណា​គ្រាន់បើ​ជាង​ចៅសង្កាត់​ណា​ទេ​។​

​ចំណែក​អ្នកយក​ភាស៊ី​ផ្សារ​ថ្មី​បាន​ប្រាប់ថា ពួកគេ​ធ្វើ​តាមតែ​បញ្ជា​មេ​ប៉ុណ្ណោះ គឺ​អ្នកលក់ដូរ​ទាំងអស់នេះ គឺ​សុទ្ធតែជា​អ្នកលក់​ក្នុង​ផ្សារ គ្រាន់តែ​ចេញមក​លក់​ខាងក្រៅ​ផ្សា​រប​ណ្ណោះ​អាសន្ន ពេល​មាន​ជំនន់​ទឹកភ្លៀង​លិច​ផ្សារ​ម្តងម្កាល​ប៉ុណ្ណោះ ពេល​ទឹក​ស្រុក​នាំគ្នា​ចូលទៅ​លក់​វិញ​ហើយ​។​

​ជួប​តាម​ទូរស័ព្ទ​លោក តោ ហុន អតីត​ចៅសង្កាត់​បច្ចុប្បន្ន​ជា​ជំទប់​ទី​១ សង្កាត់​ព្រែក​ព្រះស្តេច បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​នៅក្នុង​សង្កាត់​ព្រែក​ព្រះ ពេល​ដែលមាន​ភ្លៀង​ធំ​ម្តងៗ គឺ​ពិតជា​មានការ​ជន់​លិច​ផ្លូវ លិច​សាលារៀន​២​ធ្នូ លិច​វិទ្យាល័យ​នេ​ត​យ៉ង់ លិច​ផ្ទះ​ប្រជាពលរដ្ឋ​ពិសេស​លិច​ផ្សារ​ថ្មី​មានទឹក​ត្រឹម​ក្បាលជង្គង់ ជាក់​សែ្ត​ង​កាលពី​១​យប់​ទល់​ភ្លឺ​ថ្ងៃទី​២៥​ខែតុលា​នេះ ដោយសារ​មូលហេតុ​ស្ទះលូ និង​គ្មាន​មុខទឹក​ចេញទៅ​ក្រៅ​ក្រុង​ហើយ​នឹងមាន​ពលរដ្ឋ​មួយចំនួន​តូច សាងសង់​ផ្ទះ​លើដី​ចំណីផ្លូវ​ចាក់ដី​សាងសង់​ផ្ទះ​ពីលើ​លូ​ទើប​ធ្វើ​ឲ្យ​ស្ទះលូ​គ្មាន​កន្លែង​ហូរ​ចេញទៅ​ក្រៅ​ក្រុង​។ នៅ​ព្រឹក​នេះ ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​គេ​យក​គ្រឿងចក្រ​កាយ​ផ្លូវ​វាង​ក្រុង​លេខ​៥៧ ដើម្បី​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង​ដែរ ប៉ុន្តែ​មិនដឹង​ទទួលបាន​លទ្ធផល​យ៉ាងណាទេ​។​

​ចំណែក​លោក ខាន់ ប៊ុន​ផេង ចៅសង្កាត់​ទើប​ឡើង​ថ្មី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ប្រាប់​រស្មី​កម្ពុជា​ថា ជំនន់​ទឹកភ្លៀង​មិនមែន​លិច​តែ​សង្កាត់​ព្រែក​ព្រះស្តេច​ទេ គឺ​លិច​ទូទាំង​ក្រុង​បាត់ដំបង​តែម្តង​។ ចំពោះ​ការដោះស្រាយ បើសិនជា​អាជ្ញាធរ​ក្រុង និង​ខេត្ត​មិន​ជួយ​ដោះស្រាយ​រក​ផ្លូវទឹក​ចេញទៅ​ក្រៅ​ក្រុង​ទេនោះ សង្កាត់​ទាំងអស់​នៅតែ​លិច​រហូត​ឲ្យ​តែ​ភ្លៀង​ធំ​ម្តងៗ​។ សង្កាត់​ព្រែក​ព្រះស្តេច​មាន​លូ​កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ព្រាប​ស​ចាក់​ទៅ​ស្រុក​សង្កែ​ជិត​ទាំងអស់ ខាង​សង្កាត់​រតនៈ​ជាប់​ព្រំប្រទល់​គ្នា ក៏​លិច​ដូចគ្នា​។ ករណីនេះ ទាល់តែ​ខាង​ក្រុង និង​ខេត្ត​ជួយ​អន្តរាគមន៍​រក​ច្រកចេញ​វាលស្រែ​ខាង​ស្រុក​សង្កែ​ទើបបាន​។​

​លោក​ចៅសង្កាត់​ថ្មី​បានបញ្ជាក់​ថា​មាន​ប្រជាពលរដ្ឋ​ខ្លះ​ចាក់ដី​លុប​លូ​សង់ផ្ទះ​ពីលើ កំពុងតែ​ស្រាវជ្រាវ​រក​ហើយ​ខាង​ផ្លូវជាតិ​៥៧ រក​ម្ចាស់​ឃើញ​ឲ្យ​កាយ​ចេញ​។ ចំណែក​នៅ​ភូមិ​អូរ​ខ្ជាយ និង​ភូមិ​១៣​មករា ទោះបី​ស្ទះ​មិន​ស្ទះ​ក៏ត្រូវ​តែ​កាយ​ចេញ​។ ពីមុនមក គឺមាន​ប្រឡាយ​ទាំងអស់​កាលពី​គាត់​នៅ​ជា​ជំទប់​ទី​២ មាន​អ្នក​សង់ផ្ទះ​លើ​ប្រឡាយ តែ​អាជ្ញាធរ​សង្កាត់​ចាស់​ឲ្យ​ធ្វើ​បណ្តោះអាសន្នៗ​
​រហូតដល់​ឥឡូវ​ដេញ​លែងចេញ​។​

​រីឯ​លោក សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​ថា នៅក្នុង​ក្រុង​បាត់ដំបង ពេល​មាន​ភ្លៀង​ធំ​ធ្លាក់​មកជា​ប់ៗ​គ្នា ហើយ​យូរ​ទៀតផង ទើប​ធ្វើ​ឲ្យ​លូ​ឬ​ប្រឡាយ​ដែលមាន​មាន​
​សំរាម​និង​កំប្លោក​ដុះ​ជិត​ផង​ហូរ​មិនទាន់ ជាហេតុ​ធ្វើ​ឲ្យ​សង្កាត់​ដូច​រៀបរាប់​ខាងលើ​មាន​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវថ្នល់​ជាតិ​លេខ​៥ លិច​ផ្លូវ​ខេត្ត និង​ផ្លូវលំ​ចូល​ផ្ទះ​ប្រជាជន​មួយចំនួន ហើយ​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​នៅក្នុង​សង្កាត់​រតនៈ ទឹក​នៅ​បន្ត​លិច​ចូល​ផ្ទះ​ចូល​បរិវេណ​សណ្ឋាគារ និង​សាលាបឋមសិក្សា​។ ចំពោះ​ជំនន់​ទឹកភ្លៀង​នៅ​សង្កាត់​រតនៈ និង​សង្កាត់​ព្រែក​ព្រះស្តេច​ខាង​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ខេត្ត នាំយក​គ្រឿងចក្រ​មក​កាយ​យក​សំរាម និង​កំប្លោក​ចេញពី​ប្រឡាយ​មួយចំនួន ដើម្បី​រំដោះ​ទឹក​ឳ្យ​ឆាប់​ស្រក​អស់​ទៅវិញ​។ ជំនន់​ទឹកភ្លៀង​នេះ លិច​ទូទាំង​ក្រុង​ពិតមែន ប៉ុន្តែ​២​ឬ​៣​ម៉ោង​ស្រុក​វិញ​ហើយ​។​

​ដោយឡែក​លោក​ងួន រតនៈ អភិបាលខេត្ត ដែល​ទើប​ឡើង​ថ្មី​មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​ជំនន់​ទឹក​ភ្លើង​នេះ​ទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​៕L ដោយៈ គ្រញូង​