មួ​ហ្គា​បេ​បន្សល់​នូវ​កេរ្តិ៍ដំណែល​សេដ្ឋកិច្ច​ខ្ទេចខ្ទាំ និង ចលាចល​ក្នុង​ស៊ីម​បា​វ៉េ​

395

​ពី​អ្នក​រំដោះជាតិ​ដែល​គេ​សាទរ​រហូត​ក្លាយជា​ជន​ផ្តាច់ការ​ក្រាញ​អំណាច ការគ្រប់គ្រង​របស់លោក រ៉ូបឺត មួ​ហ្គា​បេ រយៈពេល ៣៧ ឆ្នាំ នៃ​ប្រទេស​ស៊ីម​បា​វ៉េ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ភាពចម្រូងចម្រាស់​បំផុត​មួយ​នៅ​ទ្វីបអាហ្វ្រិក​។​

​ជា​មនុស្ស​ពោរពេញ​ដោយ​ឧបាយកល និង គ្មាន​ធម៌​មេត្តា លោក​មួ​ហ្គា​បេ​អាយុ ៩៣ ឆ្នាំ បាន​កម្ចាយ​គូប្រជែង​របស់លោក​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ប៉ុន្ដែ​បែរជា​មក​ត្រូវ​ភ្លាត់ស្នៀត​បរាជ័យ​ដោយ​ការប៉ាន់ស្មាន​ខុស​ដោយ​ខ្លួនឯង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៃ​ការ​កាន់អំណាច​របស់ខ្លួន​ទៅវិញ​។ គាត់​បាន​ប្រព្រឹត្ត​កំហុស​ចោលម្សៀត នៅពេលដែល​គាត់​ដាក់​បុរស​ដៃស្តាំ​របស់គាត់​ឱ្យនៅ​ក្រៅ​សង្វៀន ដើម្បី​ដាក់​ភរិយា​របស់គាត់​គឺ​លោកស្រី​ហ្គ្រេ​ស ជា​អ្នក​ស្នង​តំណែង​របស់គាត់​។ លោក​មិនបាន​គិតទុក​ជាមុន​ថា អនុ​ប្រធានាធិបតី ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង គឺ​លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា នឹង​ទម្លាក់​រូបលោក​វិញ​យ៉ាង​ឆាប់រហ័ស​និង​ពោរពេញ​ដោយ​ភាពប៉ិនប្រសព្វ​នោះទេ​។​

​ប៉ុន្តែ​លោ​កណាង​ហ្គា​ក​វ៉ា​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​រៀនសូត្រ​ពី​លោ​កមួ​ហ្គា​បេ​ពី​របៀប​ដណ្តើម​និង​ការពារ​អំណាច​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លោក​មួ​ហ្គា​បេ​បាន​បំផុសគំនិត​ដល់​មេដឹកនាំ​ដទៃទៀត​នៅ​ទូទាំង​ទ្វីប​នេះ​ដើម្បី​ធ្វើតាម​ក្បួន​យុទ្ធសាស្ត្រ​របស់គាត់​និង​ពង្រីក​ការគ្រប់គ្រង​របស់​ពួកគេ​ដោយ​ការប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ឧបករណ៍​និង​ការបង្ក្រាប​ក្រុមប្រឆាំង​តាមរយៈ​អំពើហិង្សា​និង​ការបំភិតបំភ័យ​។​

​ការដណ្តើម​កាន់កាប់​ដោយ​ហិង្សា​ជា​ញឹកញយ​នូវ​កសិដ្ឋាន​របស់​ជន​ស្បែក​ស​នៅ​ស៊ីម​បា​វ៉េ​ពី​សំណាក់​លោក​មួ​ហ្គា​បេ​គឺជា​សកម្មភាព​លេចធ្លោ​បំផុត​របស់គាត់ ហើយ​បាន​បំផ្លិចបំផ្លាញ​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រទេស​នេះ​យ៉ាងធ្ងន់ធ្ងរ ដោយ​ប្រែក្លាយ​ពីអ្វី​ដែល​គេ​ធ្លាប់តែ​ស្គាល់​ថា​ជា​ជ​ម្រុ​ក​ស្បៀង​របស់​ទ្វីបអាហ្វ្រិក​ទៅជា​ដីស្រែ​គ្មាន​ជីជាតិ​និង​ប្រជាជន​ស្រេកឃ្លាន​។ លោក​មួ​ហ្គា​បេ​បាន​លាក់បាំង​ការដណ្តើម​រឹបអូស​យក​ដី​រប​ស់ជ​ន​ស្បែក​ស​ដោយ​ប្រើ​វោហា​សាស្ត្រ​ថា ដី​អាហ្វ្រិក​គួរតែ​ត្រូវបាន​កាន់កាប់​ដោយ​ជនជាតិ​អាហ្វ្រិក​។ វា​មិនមាន​បញ្ហា​អ្វី​ទាល់តែសោះ ដែល​ដី​កសិដ្ឋាន​សម្រាប់​ទុកឱ្យ​ប្រជាជន​ស្បែក​ខ្មៅ បែរជា​ធ្លាក់​ទៅក្នុង​ដៃ​ពួក​ឧ​ត្ត​ម​សេនីយ៍ ក្រុម​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី បក្ខពួក និង​ភរិយា​របស់គាត់​ទៅវិញ ឬ​មិន​អ៊ីចឹង​ទេ ដីស្រែ​ទាំងនោះ​បែរជា​ទុកឱ្យ​ទំនេរ​មិន​ប្រើប្រាស់​នៅ​ឆ្នាំក្រោយៗ​មកទៀត​។ សូម្បីតែ​ឥឡូវនេះ លោក​មួ​ហ្គា​បេ​ត្រូវបាន​គោរព​យ៉ាង​ទូលំទូលាយ​ដោយ​ជនជាតិ​អាហ្វ្រិក​ជាច្រើន​ក្នុងនាម​គាត់​ជា​អ្នកប្រឆាំង​អាណានិគមនិយម​។​

​ការគ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​របស់គាត់​លើ​សេដ្ឋកិច្ច​ស៊ីម​បា​វ៉េ​គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​។ ប្រទេស​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ដែល​អាច​ផ្តល់ឱកាស​ការងារ​ល្អ​ដល់​ប្រជាជន​ដែលមាន​ការអប់រំ​ខ្ពស់​ទៅជា​កន្លែង​ដែលមាន​ក្តីសង្ឃឹម​តិចតួច​បំផុត ដែល​ប្រជាជន​ជាច្រើន​សម្រុក​ទៅរក​ការងារ​តូចតាច​នៅក្រៅ​ស្រុក​។ ប្រជាជន​ស៊ីម​បា​វ៉េ​ប្រមាណ ៣ លាន​នាក់​កំពុង​ស្ថិតនៅ​ប្រទេសជិតខាង អាហ្វ្រិក​ខាងត្បូង ហើយ​វា​ជា​រឿង​ធម្មតា​ទៅហើយ​ដែល​ឃើញ​អតីត​គ្រូបង្រៀន​ធ្លាក់ខ្លួន​ធ្វើជា​អ្នករត់​តុ​នៅ​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ចូ​ហាន​ណេ​ស្បឺ​ក​។ ជនជាតិ​ស៊ីម​បា​វ៉េ​រាប់ម៉ឺន​នាក់​កំពុង​ស្ថិតនៅ​ចក្រភព​អង់គ្លេស​។ ហើយ​ប្រជាជន​ចំនួន ១៣ លាន​នាក់​ដែល​នៅ​កំពុង​រស់នៅ​ស៊ីម​បា​វ៉េ​កំពុង​ប្រឈម​នឹង​អត្រា​គ្មាន​ការងារ​ធ្វើ ដែល​គេ​ប៉ាន់​ស្មានថា​ខ្ពស់ជាង ៨០ ភាគរយ​។​

​លោក​មួ​ហ្គា​បេ​មាន​ជំនឿ​បែប​ម៉ាកស៊ីស​និយម​ថា​សូម្បីតែ​សេដ្ឋកិច្ច​ក៏​អាចធ្វើ​អ្វីដែល​គាត់​ចង់​បានដែរ​។ នៅពេល​គេ​សួរថា​តើ​ការបញ្ជូន​កងទ័ព​ទៅកាន់​កុង​ហ្គោ​នៅ​ឆ្នាំ ១៩៩៨ នឹង​បំផ្លាញ​សេដ្ឋកិច្ច​របស់​ស៊ីម​បា​វ៉េ​ឬ​យ៉ាងណា គាត់​បាន​ចម្អក​ថា “​ប្រទេសមួយ​មិនចេះ​ក្ស័យធន​ទេ​!”​។ យោងតាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ឆ្នាំ ២០០៨ អតិផរណា​របស់​ស៊ីម​បា​វ៉េ​បាន​កើន​ឡើងដល់ ៥០០ ពាន់​លាន​ភាគរយ​។ លុយរាប់​លាន​លាន​ដុល្លារ​ស៊ីម​បា​វ៉េ​មិន​គ្រប់​នឹង​ទិញ​គ្រឿងទេស​សម្រាប់​សម្ល​មួយ​ឆ្នាំង​ផង​។ អតិផរណា​ត្រូវបាន​គ្រប់គ្រង​នៅពេលដែល​ស៊ីម​បា​វ៉េ​បាន​ទម្លាក់ចោល​រូបិយវត្ថុ​របស់ខ្លួន​ហើយ​ចាប់ផ្តើម​ប្រតិបត្តិការ​លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០០៩ ។​

​វិស័យ​ឧស្សាហកម្ម​របស់​ស៊ី​បា​វ៉េ​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ប្រតិបត្តិការ​ដោយ​ប្រើ​សមត្ថ​ភាពមិន​ដល់ ៣០ ភាគរយ​ទេ​។ វិស័យ​ទេសចរណ៍​បាន​ស្ងួត​ហួតហែង​ដូច​រដូវក្តៅ​ស្ងួត​បែក​ក្រហែង​។ ជាមួយនឹង​ទ្រព្យសម្បត្តិ​សំខាន់​របស់ខ្លួន​ជា​ត្បូង​ពេជ្រ ផ្លា​ទីន មាស និង​រ៉ែ​ដែក វិស័យ​រ៉ែ​របស់​ស៊ីម​បា​វ៉េ​បាន​បន្ត​ដំណើរការ ក៏ប៉ុន្តែ​ការគំរាមកំហែង​ជា​ញឹកញយ​អំពី​ការធ្វើ​ជាតិ​តូបនីយកម្ម​របស់លោក​មួ​ហ្គា​បេ បានធ្វើឱ្យ​វិនិយោគិន​បរទេស​ភាគច្រើន​ស្ទាក់ស្ទើរ​មិន​ហ៊ាន​មក​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក រ៉ូបឺត មួ​ហ្គា​បេ មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ ដែល​បក្ស​ខ្លួនឯង​ទម្លាក់​ពី​អំណាច