មើល​ទូរទស្សន៍​យូរ​បង្កើន​ហានិភ័យ​ក្នុងការ​កកឈាម​នៅក្នុង​សរសៃ​វ៉ែន​

191

​យោងតាម​ការស្រាវជ្រាវ​ជំហាន​ដំបូង​ដែល​បានបង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​វិច្ឆិកា​នៅឯ​សមាគម​វិទ្យាសាស្ត្រ​បេះដូង​អាមេរិក (AHA) ឆ្នាំ ២០១៧ នៅ​ទីក្រុង​អាណា​ហ៊ីម រដ្ឋ​កាលីហ្វ័រ​ញ៉ា បានឱ្យដឹងថា ហានិភ័យ​នៃ​ការ​កកឈាម​បាន​កើនឡើង​ជាមួយនឹង​ចំនួន​ពេលវេលា​ដែល​បាន​ចំណាយ​សម្រាប់​មើល​ទូរទស្សន៍ បើទោះបីជា​មនុស្ស​បានធ្វើ​សកម្មភាព​លំ​ហាត់ប្រាណ​ក៏ដោយ​។​

​លោកស្រី ម៉ា​រី ឃូ​ស​មែន (Mary Cushman) សហ​អ្នកនិពន្ធ​នៃ​ការសិក្សា​នេះ​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ឡា​ន័​រ (Larner) នៃ​សាកលវិទ្យាល័យ​វើ​ម៉ុ​ន (Vermont) ក្នុង​ទីក្រុង​បួ​លីង​តុ​ន បាន​និយាយថា “​ការមើល​ទូរទស្សន៍​តែមួយ​មុខ​គឺ​មិន​ទំនងជា​អាក្រក់​នោះទេ ប៉ុន្តែ​យើង​មាន​ទំនោរ​ញ៉ាំ​អាហារសម្រន់ និង​អង្គុយ​យូរ​អំឡុងពេល​មើល​ទូរទស្សន៍​។

​រៀងរាល់ឆ្នាំ គេ​ប៉ាន់ប្រមាណ​ថា​មនុស្ស​ពី ៣០០.០០០ នាក់ ទៅ ៦០០.០០០ នាក់​នៅ​សហរដ្ឋអាមេរិក​បាន​វិ​វត្ត​ទៅរក​ការ​កកឈាម​ក្នុង​សរសៃឈាម​វ៉ែន ដោយ​ធ្វើឱ្យ​វា​ក្លាយជា​រោគវិនិច្ឆ័យ​នៃ​សរសៃឈាម​ទូទៅ​បំផុត បន្ទាប់ពី​ជំងឺ​គាំងបេះដូង​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូ​ក​)​។​

​នៅក្នុង​ការស្រាវជ្រាវ​ពីមុនៗ​មក ការមើល​ទូរទស្សន៍​យូរ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​បេះដូង ដែល​ពាក់ព័ន្ធ​ទៅនឹង​សរសៃឈាម​ដែល​រង​ការរាំងស្ទះ​។ ប៉ុន្តែ​បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ នេះ​គឺជា​ការស្រាវជ្រាវ​លើកដំបូង​ចំពោះ​ប្រជាជន​នៅ​លោកខាងលិច​ដើម្បី​ពិនិត្យមើល​កំណក​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន ក្នុង​ជើង ដៃ ឆ្អឹង​អាង​ត្រគាក និង​សួត ដែល​ស្គាល់​ថា Thromboembolism (​ការស្ទះ​សរសៃឈាម​ដោយសារ​កំណក​ឈាម​) ឬ VTE ។​

​ក្នុងចំណោម​មនុស្ស​វ័យ​កណ្តាល​ចំនួន ១៥.១៥៨ នាក់ ដែលមាន​អាយុ​ចន្លោះ ៤៥-៦៤ ឆ្នាំ ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ហានិភ័យ​នៃ​ការវិវត្ត​ទៅរក​កំណក​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​គឺ​ខ្ពស់​ដល់​ទៅ ១,៧ ដង​បើ​ធៀប​រវាង “​អ្នកមើល​ទូរទស្សន៍​ញឹកញាប់​” និង “​អ្នក​ដែល​មិនដែល​មើល​ឬ​មើល​ទូរទស្សន៍​តិចតួច​”​។​

​លោកស្រី​ឃូ​ស​មែន​និយាយថា “​អ្នក​អាចដាក់​កង់​ឬ​ឧបករណ៍​ហាត់​ដើរ​នៅ​ទល់មុខ​ទូរទស្សន៍​របស់​អ្នក ហើយ​ធ្វើ​ចលនា​នៅពេល​កំពុង​មើល ឬ​អ្នក​អាច​ពន្យារពេល​មើល​ទូរទស្សន៍ ៣០ នាទី នៅពេល​ដើរ​ឬ​ធាក់​កង់​។ ប្រសិនបើ​អ្នក​ត្រូវ​មើល​កម្មវិធី​ចូលចិត្ត សូម​ចុច​បញ្ឈប់​វា​សិន នៅពេល​អ្នកដើរ ឬ​ធាក់​កង់ ដូច្នេះ​ចាំមើល​វា​នៅពេល​ក្រោយ​”​។​

​យោងតាម​មណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​របស់​អាមេរិក (CDC) មនុស្ស ៩០០.០០០ នាក់ អាច​នឹងរង​ជំងឺ​កំណក​ឈាម​នេះ (DVT/PE) រៀងរាល់ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។​

​សម័យប្រជុំ​ផ្នែក​វិទ្យាសាស្ត្រ​របស់ AHA ដែលជា​កម្មវិធី​ផ្លាស់ប្តូរ​ជាស​កល​ដ៏​សំខាន់បំផុត​មួយ​នៃ​វិទ្យាសាស្ត្រ​ផ្នែក​សរសៃឈាម​បេះដូង​សម្រាប់​អ្នកស្រាវជ្រាវ​និង​គ្រូពេទ្យ បាន​ទាក់ទាញ​អ្នកចូលរួម​ជិត ១៨.០០០ នាក់ មកពី​ប្រទេស​ជាង ១០០៕ ដោយ៖ កញ្ញាដាលីស