មើល​រឿង​អាសអាភាស​បណ្តាលឱ្យ​បុរស​ងាប់​លិង្គ​?

644

​តើ​អ្នក​ចង់​មានការ​រួមភេទ​ច្រើន​ជាមួយ​ស្ត្រី ហើយ​មិន​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ការរួម​ភេទ​ដែរ​ទេ​? ក្រុម​វេជ្ជបណ្ឌិត​អាមេរិក​បាន​ព្រមាន​ថា អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​នៅ​ឆ្ងាយ​ពី​ការមើល​រឿង​អាសអាភាស​។​

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​លើកឡើងថា ជំនួស​ឱ្យ​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ រឿង​អាសអាភាស​ហាក់​មាន​ផលប៉ះពាល់​ខ្លាំង​ចំពោះ​ចំណង់​ផ្លូវភេទ​ទៅវិញ​។ ទស្សនា​វ​ដ្តី Rolling Stone បាន​រាយការណ៍​អំពី​អ្នក​ចូល​មើល​រាប់ពាន់នាក់​លើ​វេ​ប​សាយ Reboot Nation and Your Brain on Porn បាន​ប្តេជ្ញាចិត្ត​ប្រឆាំងនឹង​ការ​ញៀន​មើល​រឿង​សិច ដែល​ពួកគេ​ជឿជាក់ថា ពួកគេ​រងគ្រោះ​ពី​ការ​ងាប់​លិង្គ​។​

​ការលើកឡើង​ខាងលើ​ត្រូវបាន​បន្ទរ​ដោយ​អ្នក​ព្យាបាល​ការ​រួមភេទ​ឈ្មោះ វ៉ា​នេ​សា ម៉ា​រី​ន ដែល​បាន​ប្រាប់ Rolling Stone ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មានការ​កើនឡើង​នៃ​ករណី​ងាប់​លិង្គ (ED) ក្នុងចំណោម​បុរស​វ័យក្មេង បើទោះបីជា​កាលពី​ដើមឡើយ ជំងឺ​នេះ​គឺជា​លក្ខណៈ​របស់​មនុស្ស​ចាស់​ក៏ដោយ​។​

​លោកស្រី​ម៉ា​រី​ន​បាន​និយាយថា “​ខ្ញុំ​បានឃើញ​យ៉ាងច្បាស់​នូវ​ការកើនឡើង​យ៉ាងខ្លាំង​នូវ​អត្រា​នៃ​ការ​ងាប់​លិង្គ​ចំពោះ​បុរស​វ័យក្មេង ជាពិសេស​ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ចុង​ក្រោយនេះ​។ មូលដ្ឋាន​អតិថិជន​ជា​មធ្យម​របស់ខ្ញុំ​កំពុង​ចាប់ផ្តើម​មាន​វ័យ​កាន់តែ​ក្មេង​ទៅៗ​ហើយ​” ។​

​ទស្សនា​វ​ដ្តី Rolling Stone ក៏​សំដៅ​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​ថ្មី​មួយ​នៅឯ​មជ្ឈមណ្ឌល​នាវាចរណ៍​សាន់​ឌី​ហ្គោ ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ម៉ាត់​ធូ គ្រី​ស្មាន់ អ្នកជំនាញ​ព្យាបាល​តម្រងនោម ដែល​បាន​នាំយក​ការផ្សាភ្ជាប់​រវាង​សិច​និង​ការ​ងាប់​លិង្គ មក​ពិភាក្សា​។​

​អំឡុងពេល​នៃ​ការស្រាវជ្រាវ អ្នកជំនាញ​បាន​សម្ភាស​បុរស ៣១២ នាក់​អាយុ​ពី ២០ ទៅ ៤០ ឆ្នាំ​។ ៣,៤ ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​បាន​និយាយថា ពួកគេ​ចូលចិត្ត​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅពេល​មើល​ភាពយន្ត​អាសអាភាស​ជាជាង​រួមភេទ​។​

​អ្នក​ដែល​នៅ​សេសសល់​បាន​និយាយថា មើល​រឿង​សិច​កាន់តែច្រើន ពួកគេ​កាន់តែ​ទទួលរង​នូវ​ការ​ងាប់​លិង្គ​។​

​ទន្ទឹមនឹង​នេះដែរ អ្នកឯកទេស​ខាង​ជំងឺ​ផ្លូវភេទ លោក អៀន កឺ​ន័​រ បាន​ព្រមាន​ប្រឆាំងនឹង​ការប្រៀបធៀប​រវាង​ការមើល​រឿង​អាសអាភាស​និង​ការ​ងាប់​លិង្គ ដែល​គាត់​និយាយថា អាចមាន​ការផ្សាភ្ជាប់​ទៅ​រឿង​ផ្សេង​ច្រើនជាង​នេះ​។​

​គាត់​បាន​ប្រាប់ Rolling Stone ថា “​ខ្ញុំ​មិន​គិតថា រឿង​អាសអាភាស​បង្ក​ឱ្យ​ងាប់​លិង្គ​នោះទេ​។ ខ្ញុំ​គិតថា​កុន​សិច​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​របស់​បុរស​ម្នាក់​ដែលមាន​ជំងឺ​ងាប់​លិង្គ​”៕ ដោយ៖ កញ្ញាដាលីស