មើល​លទ្ធផល​ប្រកួត ប៉េង​ប៉ុង​ជើងឯក យុវជន​ថ្នាក់ជាតិ​

409
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជើងឯក​យុវជន​ថ្នាក់ជាតិ ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​២២ មក​នោះ បានបញ្ចប់​ហើយ កាលពី​ថ្ងៃទី​២៣ មីនា កន្លងទៅនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​ការប្រកួត​នេះ​។ លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជាការ​ប្រកួត លើកដំបូង ដែល​ឧបត្ថម្ភ ដោយ​ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ ទាំងស្រុង ។ លោក​ទទួលស្គាល់ថា នេះ​ជាការ​ប្រកួត លើកដំបូង​ហើយ ចាប់ពីពេលនេះ​ទៅ វា​នឹង​ក្លាយជា​កម្មវិធី​ប្រចាំឆ្នាំ របស់​សហព័ន្ធ​មួយ​នេះ ។​

​ការប្រកួត​នេះ មានតែ ២ ប្រភេទ​អាយុ​ប៉ុណ្ណោះ គឺ​អាយុ​ក្រោម ១៥​ឆ្នាំ កុមារា​-​កុមារី និង អាយុ​ក្រោម ១៨ ឆ្នាំ យុវជន ។ លោក​ផ្កាយ ៣ បាន​បញ្ជាក់ថា តាមពិត គឺមាន​ប្រភេទ​អាយុ​ក្រោម ១៨ ឆ្នាំ នារី​ទៀត តែ​អត់​មាន​អ្នកចូលរួម ។​

​លោក ជា ប៊ុន​ចាន់​បុល អគ្គលេខាធិការ​សហព័ន្ធ បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ មាន​កីឡាករ​-​កីឡាការិនី វ័យក្មេង ចូលរួម​ចំនួន ៣៦ រូប មកពី​ក្លិប​ចំនួន ៣ សាលារៀន ចំនួន ៨ អង្គភាព ១ និង​ក្រុមហ៊ុន ១ ។​

​ចំពោះ​លទ្ធផល សម្រាប់​ប្រភេទ​អាយុ​ក្រោម ១៥ ឆ្នាំ បុរស មេដាយមាស បាន​ទៅ​កីឡាករ កាង យូ​ឃាង មកពី​សាលា AIS មេដាយប្រាក់ កីឡាករ កេង កិ​ត្ត​តុលា មកពី​សាលា​ហ្សា​មែន និង​មេដាយសំរិទ្ធ កីឡាករ វិ​ជ្ជ​ន​ន្ទ នរៈ​ពិ​ជិត ។​

​លទ្ធផល​អាយុ​ក្រោម ១៥​ឆ្នាំ នារី មេដាយមាស បាន​ទៅ​កីឡាការិនី អ៊ុំ ណា​កូហ្វី មកពី​សាលា​ណត​រ៍ឡាញ មេដាយប្រាក់ កីឡាការិនី យិន ចាន់​រតនា មកពី​សាលា​បាក់​ទូក និង មេដាយសំរិទ្ធ កីឡាការិនី សារឿន សុជាតា មកពី​សាលា​ប៊ែ​ល​ធី ។​

​លទ្ធផល​អាយុ​ក្រោម ១៨ ឆ្នាំ បុរស មេដាយមាស បាន​ទៅ​កីឡាករ ឡាយ ភក្ដី មកពី​ក្រសួងមហាផ្ទៃ មេដាយប្រាក់ កីឡាករ ទៀ ហុក​លី និង មេដាយសំរិទ្ធ កីឡាករ ឃី តា​យ ។ ពួកគេ​ទាំង ២ មកពី​ក្លិប All Star ជាមួយគ្នា ។

​សូមបញ្ជាក់ថា នៅក្នុង​ការប្រកួត​នេះ សម្រាប់​អ្នក​ដែល​ចូលរួម ហើយ​មិនបាន​ចំណាត់ថ្នាក់​នោះ ក៏បាន​ទទួល​ប្រាក់រង្វាន់ លើកទឹកចិត្ត ក្នុង​ម្នាក់ៗ ៥០.០០០ រៀល​ដែរ ៕v

បំពាក់​មេដាយ​ដល់​ជ័យលាភី​
បំពាក់​មេដាយ​ដល់​ជ័យលាភី​