មឿន សុខ​ហ៊ុច ជួប​ថៃ ឯ ធី តុង​ហ៊ី ជួប​អ៊ីរ៉ង់​

667
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: មឿន សុខ​ហ៊ុច អ្នក​ប្រដាល់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជា​មួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ មង្គល ផាត (MongkulPhat) នា​យប់​ថ្ងៃ​ទី​១៥ ធ្នូ នេះ នៅលើ​សង្វៀន Ganzberg Top Fighter របស់​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍​។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿន សុខ​ហ៊ុច និង មង្គល ផាត ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ កន្លងមក ។ ការជួប​គ្នា​លើក​នេះ គឺជា​ការជួប​លើកដំបូង របស់​ពួកគេ ទាំងពីរ​នេះ ។ ពួកគេ​ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។

​សុខ​ហ៊ុច ឥឡូវនេះ គេ​មាន​ការវិវត្តន៍ ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញថា គេ​ខ្លាំង​ជាង​មុន​។ សុខ​ហ៊ុច មាន​ប្រវត្តិ​ប្រកួត ១៤៩ លើក ឈ្នះ ១២២ លើក ចាញ់ ២២ លើក និង​ស្មើ ៥ លើក ហើយ សុខ​ហ៊ុច ធ្លាប់​ផ្តួល​គូ​ប្រកួត ឲ្យ​សន្លប់​ជា​ច្រើន​នាក់ ។

មឿន សុខ​ហ៊ុច និង មង្គល ផាត​

​ចំពោះ​មង្គល​ផាត ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប នៅ​ស្រុកថៃ​។ គេ​មិន​ធ្លាប់​ដែល​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​នោះ​ទេ ពីមុនមក ។ បើ​តាម​ប្រវត្តិ របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង ដែល​មាន​ផ្លែ​វ៉ៃ​ល្អ និង​ខ្លាំង ហើយ​បទពិសោធន៍ លើ​រេញ​របស់គេ ក៏​គួរសម​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ៦៨ លើក ឈ្នះ ៥៧ លើក ចាញ់ ១១ លើក មិន​ដែល​ស្មើ ។

​ចាំមើល ការប្រកួត​លើក​នេះ មឿន សុខ​ហ៊ុច អាច​ប្រជែង​ដណ្ដើម​ជ័យជំនះ លើ​អ្នក​ប្រដាល់​ថៃ មង្គល ផាត បាន​ឬទេ ?

​ធី​តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិទ្ធ ត្រូវ​គេ​ផ្គូរ​ឱ្យ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ឈ្មោះ Mostafa Delikhoun ដោយ​ជួប​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ តុង​ហ៊ី គេ​ជា​ជើង​ខ្លាំង ជើងចាស់ ដែល​មាន​បទពិសោធន៍ យូរ​ឆ្នាំ​ហើយ ក្នុង​ការប្រកួត​លើ​សង្វៀន គេ​ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​ប្រើ​កែង និង​ជង្គង់ ដើម្បី​ផ្ដួល​គូ​ប្រកួត ។ មួយ​រយៈ​នេះ តុង​ហ៊ី ហាក់ដូចជា​ធ្លាក់ចុះ​ច្រើនណាស់ តែ​មិន​ដល់​ថ្នាក់​ឈរ ឲ្យ​គូប្រ​កួតកាប់​ចិញ្ច្រាំ តាម​អំពើ​ចិត្ត​នោះទេ​។ អ្នក​ប្រដាល់​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ១០៦ លើក ឈ្នះ ៨២ លើក ចាញ់ ២១ លើក និង​ស្មើ ៣ លើក ។​

ធី តុង​ហ៊ី និង ម៉ូ​ស្តា​ហ្វា​

​ចំពោះ Mostafa ជា​លើក​ទី​១ របស់​គេ​ហើយ ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ គេ​ជា​អ្នក​ប្រដាល់ ហ្វឹកហាត់ នៅ​ស្រុកថៃ ។ គេ​មិន​ធ្លាប់​មក​ប្រកួត នៅ​ភ្នំពេញ​ទេ កន្លងមក ។ បើ​តាម​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់ ប្រចាំ SEA-TV បានឱ្យដឹងថា អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មាន​កំណត់ត្រា​ប្រកួត តែ​ចំនួន ៤១ លើក​ប៉ុណ្ណោះ ក្នុងនោះ ឈ្នះ ៣៤ លើក និង​ចាញ់ ៧ មិន​ដែល​ស្មើ ។​

​ចំពោះ​ការប្រកួត​សន្សំ​ពិន្ទុ រវាង​អ្នក​ប្រដាល់​រួម​ជាតិ ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ប្រាក់​លាន ហ្គេន​ស្ប៊ើ​ក វិញ​នោះ ជី ឆៃលី សមាគម​ប្រដាល់ ក្រសួង​ការពារជាតិ ប្រកួត​ជា​មួយ គួន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ ។​

​ឆៃលី ៣ ប្រកួត​របស់គេ ឈ្នះ​ទាំង ៣ ប្រកួត ហើយ​សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ ប្រសិនបើ​គេ បាន​ទទួល​ជ័យជំនះ​ទៀត​នោះ គេ​នឹង​កក់​កៅអី សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ។ សុវណ្ណ​វិញ ហាក់​គ្មាន​សង្ឃឹម​ឡើយ ព្រោះ ៣ ប្រកួត​របស់គេ ឈ្នះ​មួយ​ប្រកួត ស្មើ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ សេក សារ៉ាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជា​មួយ ចាន់ សាន់ ក្លិប និរោធ​ន៍​មានជ័យ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ គ្រាន់តែ​ប្រកួត​កំដរ​រោង តែ​ប៉ុណ្ណោះ​ទេ ៕v