មេខ្លោង​និង​ក្រុម​បន្លំ​ខ្លួន​ជា​នគរបាលជាតិ​និង​យោធា​ទៅ​យាម​ធនាគារ​ធំៗ ត្រូវ​តុលាការ​ឃុំខ្លួន​

703
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: មេក្លោង​និង​ក្រុម ដែល​បន្លំ​ខ្លួន​ជា​កងកម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​ចំនួន​៨​នាក់ ធ្វើជា​សន្តិសុខ​យាម​ធនាគារ​ធំៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​២៥​ខែកក្កដា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក មុខសញ្ញា​មួយចំនួនទៀត ដែល​កំពុងតែ​បម្រើការ​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការសម្រេច​ឃុំខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ ឈ្មោះ សរ វិ​រៈ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា ទី​២៖ ឈ្មោះ ឃិត សុខឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ឈ្មោះ ឡូ​ច ម៉េង​ហួង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ឈ្មោះ វ៉ន សុ​ផានិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​៥៖ ឈ្មោះ លី ឃាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ឈ្មោះ ផុស សឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ឈ្មោះ ក្រាក់ ទៀង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ទី​៨៖ ឈ្មោះ ឌិន ធុន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​ពីបទ​ក្រុម​ជនប្រដាប់អាវុធ បទ​ក្លែង​ឯកសារ​សាធារណៈ​និង​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

​គួររំលឹកថា សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នៃ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ កាលពី​អំឡុង​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​គោលដៅ ធនាគារ​ធំៗ​មួយចំនួន​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន​ដូចជា​៖ អាវុធខ្លី​ចំនួន​១០​ដើម (​ម៉ាក​រ៉ូឡូ​ចំនួន​៣​ដើម​, ម៉ាក​កា​៥៩ ចំនួន​៣​ដើម​, ម៉ាក​កា​៥៤ ០៣​ដើម និង​ម៉ាក​MAC CAL 9mn ចំនួន​០១​ដើម​) វិទ្យុទាក់ទង ចំនួន​០៨​គ្រឿង និង​លិខិត​ប្រើប្រាស់​អាវុធ​ក្លែងក្លាយ រួមទាំង​សម្ភារៈ​មួយចំនួនធំ​។​

​យោងតាម​ការស្រាវជ្រាវ​និង​ចម្លើយសារភាព​សមត្ថកិច្ច​បាន​សន្មត​ថា ឈ្មោះ ឃិត សុខឿន ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​យោធា ដើរ​ប្រកាស​ជ្រើសរើស​ប្រជាពលរដ្ឋ​ឲ្យ ចូល​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​ព្រមទាំង​បាន​បំពាក់អាវុធ ដោយមាន​លិខិត​បញ្ជា​បេសកកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល​ជ្រើសរើស​បាន និង​បាន​បញ្ជូន​ឲ្យ​ទៅធ្វើជា​សន្តិសុខ យាម​តាម​ធនាគារ​។ ចំណែក​ឈ្មោះ សរ វិ​រៈ ជា​អ្នក​ដើររក​ទិញ​អាវុធ​យកមក ប្រគល់ ដល់​កម្លាំង​ដែល ជ្រើសរើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យ​ទៅធ្វើជា​សន្តិសុខ យាម​តាម​ធនាគារ​។ ដោយឡែក ឈ្មោះ ឡូ​ច ម៉េង​ហួង​, ឈ្មោះ វ៉ន សុ​ផានិត​, ឈ្មោះ លី ឃាន ឈ្មោះ ផុស សឿន​, ឈ្មោះ ក្រាក់ ទៀង និង ឈ្មោះ ឌិន ធុន បានមក​ធ្វើជា​សន្តិសុខ យាម​ការពារ​នៅ​គោលដៅ ធនាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​៕ ល​