មេខ្លោង​នៃ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ត្រូវតែ​ចាប់​មក​ផ្តន្ទាទោស​!

416
ចែករម្លែក

ផលិតផល​ក្លែងក្លាយ ខូចគុណភាព រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦​មុខ ស្មើនឹង ៤០០​គីឡូក្រាម​, ទឹក​សុទ្ធ​ម៉ាក Evain , Saint Amanda , Montcalm ចំនួន ៥៥២០ កេស ស្មើនឹង ៦២.៦៤០ គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម​ចំនួន ៧.៨៥០ គីឡូក្រាម​។ សរុប​ជាង ៧០​តោន ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប នាពេល​កន្លងមក ត្រូវបាន​តុលាការ​អនុញ្ញាតឱ្យ​គណៈកម្មាធិការកម្ទេចចោល កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា​។​
​ ​
​ក្នុងពេល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចចាប់បាន​ផលិតផល​ក្លែងក្លាយ​រាប់រយ​តោន និង​បំផ្លាញចោល ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ចាប់បាន អ្នកទទួលខុសត្រូវយកមក​ផ្តន្ទាទោស តាមច្បាប់​នៅឡើយ​ទេ​។ សម្តេច​ស្នើ​ឲ្យ​គណៈក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ត្រូវធ្វើ​ការងារ​នេះឲ្យ​បានហ្មត់ចត់​ថែមទៀត និង​រក​ឲ្យ​ឃើញ​មេខ្លោង​យកមក​ផ្តន្ទាទោស​។​
​ ​
​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា “​ខ្ញុំ​មិន​សប្បាយចិត្ត​ទេរឿងនេះ​។ វា​នាំទុក្ខ​សោក​ដល់ប្រជាពលរដ្ឋ មកដល់ពេលនេះរាប់រយ​តោនដែល​រឹបអូស​បំផ្លាញចោល​។ ត្រូវ​រួមគ្នាដើម្បី​ទប់ស្កាត់​។ មកដល់ពេលនេះមិនទាន់​ចាប់បាន​អ្នកទទួលខុសត្រូវ​មក​ផ្តន្ទាទោសតាមច្បាប់​។ គណៈកម្មាធិការ​នេះ ត្រូវធ្វើ​ការ​ឲ្យ​បាន​ហ្មត់ចត់ ។​ទាល់តែ​ផ្តាច់​ឫសគល់​វា​”​។

សម្តេច​ក្រឡាហោម សង្កត់ធ្ងន់ថា “​លើក​ក្រោយ​ចាប់បាន​ផលិតផល​ហើយ បើ​ចាប់​ម្ចាស់មិនបាន ខ្ញុំ​មិន​មក​ចូលរួម​ក្នុង​ពិធី​កិនកម្ទេច​ចោល​ទេ​។ លក្ខខណ្ឌ​ចង់​ឲ្យ​ខ្ញុំ​មក ទាល់តែ​ចាប់​ម្ចាស់​ឲ្យ​បាន​។ រក​ឲ្យ​ឃើញ​មេខ្លោងយកមក​ផ្តន្ទាទោស​តាមច្បាប់​”​។​
​ ​
គិត​ត្រឹម​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ពិធី​កម្ទេច​ផលិតផល​ខូចគុណភាព និង​ខុសច្បាប់ មាន​ចំនួន ៤​លើក រួចមកហើយ រួមមាន លើក​ទី​១-​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ កម្ទេច​ផលិតផល​គ្រឿងសម្អាងក្លែងក្លាយ​ខុសច្បាប់ ចំនួន ៨១ តោន នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​​លើក​ទី​២-.​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង​បាន​អញ្ជើញជា​អធិបតី ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ប្រមាណ​ជាង ១១០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោរាជធានី​ភ្នំពេញ​។​

​លើក​ទី​៣-.​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កម្ទេច​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ចំនួន​ជាង ១០០​តោន​។ ពិធី​កម្ទេចចោល​ផលិតផល​ទាំងនេះ បានធ្វើ​ឡើងនៅ​ភូមិ​ថ្មី​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​លើក​ទី​៤.​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ ខូចគុណភាព ជាង ៧០ តោន កាលពី​ព្រឹក ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីលាន​ដី នៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​កាលពី​ឆ្នាំ​២០១៧ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដឹកនាំ​ដោយនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​បង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ ខូចគុណភាព បាន​ចំនួន ១៩ ករណី រឹបអូស​វត្ថុតាង សរុប​ចំនួន ៥៩៧,៥ តោន ដោយ​ក្នុងនោះធ្វើ​ពិធី​ដុតបំផ្លាញ​ចោល ៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ដោយឡែក កាលពី​ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំងផលិតផល​ក្លែងក្លាយ បានធ្វើ​ប្រតិបត្តិការ ចាប់​ឃាត់​នូវ​ផលិតផល​ក្លែងក្លាយ -​ខុសច្បាប់ ដែល​ផលិត ស្តុក​ទុក និង​ចែកចាយ បាន​ចំនួន ២០​ករណី ( ចាត់ការ​តាមបណ្តឹង​របស់​ក្រុមហ៊ុន ឬ​ម្ចាស់​ដើម មាន​ចំនួន ១២​ករណី​) និង​ចុះបង្ក្រាប​នៅ​នឹង​ទីតាំង ផ្ទាល់​បាន ៨​ករណី​។ ករណី​ទាំងនោះ រួមមាន​៖ ករណី​នាំចូល ចែកចាយ​ផលិតផល​គ្រឿង សម្អាង​ក្លែងក្លាយ រំលោភច្បាប់​កម្មសិទ្ធិបញ្ញា បង្ក្រាប​ទីតាំង​ផលិត​ប្រេងម៉ាស៊ីន ក្លែងក្លាយ​-​ខុសច្បាប់ បង្ក្រាប​ទីតាំង​ចែកចាយ​ជី​កសិកម្ម​ក្លែងក្លាយ ខុសច្បាប់ បង្ក្រាបសិប្បកម្ម​ផលិត​ទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់ បង្ក្រាប​ទីតាំង​សាច់​ប៉ា​តេ មិន​អនុលោម​តាមច្បាប់ បង្ក្រាប​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេក្លែងក្លាយ​-​ខុសច្បាប់ ។​ល​។​

​អ្នកជំនាញ និង​ប្រជាពលរដ្ឋ​ទូទៅ បានដឹងហើយថា ផលិតផល និង​ចំណីអាហារ ក្លែងក្លាយ និង​ខូចគុណភាព ដែល​ត្រូវបាន​កម្ទេចចោល​រាប់រយ​តោន​ទាំងនោះ មាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ឧក្រិដ្ឋជន បាន​ចរាចរ ចែកចាយ និង​ផលិត ដូចជា បារី សុរា ឱសថ​ក្លែងក្លាយ គ្រឿងសម្អាង​ក្លែងក្លាយ ផលិតផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ទឹកបរិសុទ្ធ ផលិតផល​ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង ជាដើម​។​

​ក៏ប៉ុន្តែ​ចុះបើ​ផលិតផល​ក្លែងក្លាយ ខូចគុណភាព​ទាំងនោះ ធ្លាក់​ដល់ដៃ​អតិថិជន ជា​ប្រជាពលរដ្ឋដែល​បាន​យកលុយ​ទៅ​ទិញយកមកប្រើ​ប្រាស់ និង​បរិភោគ ទទួលទាន តើ​សុខភាព​ទៅជា​យ៉ាងណា​?​។​

​នៅពេលនេះ នៅពេល​ការបង្ក្រាប​ចាប់​រឹបអូស​បាន​ផលិតផល​ក្លែងក្លាយ​មាន​ទាំង​ថ្នាំពេទ្យ ទឹកបរិសុទ្ធ និង​ផលិតផល​គ្រឿងឧបភោគ​បរិភោគ ថា​ជា​ផលិតផល​ក្លែងក្លាយ ខូចគុណភាព ។ តែ​ថៅកែ ម្ចាស់​ឃ្លាំង អ្នក​ផលិត ស្តុក​ទុក និង​ចែកចាយ​ទាំងនោះ មិនគួរណា​ថា រក​មិនឃើញ​ម្ចាស់ ចាប់​មិនបាន ដើម្បី​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់ នោះឡើយ​។

​ចំណុច​នេះ គួរតែ​មន្ត្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ដោយ​គ្មាន​ការ លើកលែង ទៅលើ​ថៅកែ ម្ចាស់​ឃ្លាំង និង​ម្ចាស់​ផលិតផល​ក្លែងក្លាយ​ខូចគុណភាព ទាំង​នោះឡើយ​។ ពោលគឺ​ម្ចាស់​ផលិតផល​ក្លែងក្លាយ ខូចគុណភាព​ទាំងនោះ ក៏​ត្រូវតែ​ចាប់ខ្លួន នាំយកទៅ​ផ្តន្ទាទោស​តាមច្បាប់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដូច​ករណី​រឹបអូស វត្ថុតាង​ទាំង​តោនៗ យកមក​កម្ទេចចោល​ដូច្នោះ​ដែរ​៕ ដោយ​: ម៉េង​ឆៃ​/Ha