មេឃកំពុងភ្លៀងម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ទាំងសងខាង​នៅ​ផ្លូវជាតិ​លេខ​៣​

1424
ចែករម្លែក
ម៉ូតូ បុកម៉ូតូពេលមេឃភ្លៀង(រូបចាន់តូ)

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ក្រោម​តំណក់ទឹកភ្លៀង​រលឹម​ស្រ​ស្រិច កាលពី​ម៉ោងជាង​៦​ព្រលប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ភាគី​ម្ខាង​បើក​ម៉ូតូ​ហុងដា​សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1K-4188 ។​ចំណែក ភាគី​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-3581 ។​ពុំមាន អ្នក​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយសារ​កើតហេតុ​ភ្លាម​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

អ្នករបួស

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា ខណៈដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​គេ​ឃើញ​ម៉ូតូ​ហុងដា​សេរី ២០១៥ បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ស្របពេលនោះ ម៉ូតូ​ហុងដា​សេរី​២០១៨​បើក​ល្បឿន​លឿន​ពី​ជើង ទៅ​ត្បូង បណ្តោយ​ផ្លូវជាតិ​លេខ​៣ ជ្រុល​ទៅបុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​សងខា​ង សន្លប់​ស្តូក ។​

​ជនរងគ្រោះ​ក្រោយ​កើតហេតុ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​ចុះទៅ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ៕​មន​

អ្នករបួសកំពុងទទួលការសង្រ្គោះ