មេដឹកនាំចិននិងឥណ្ឌានឹងជួបគ្នា នៅសប្តាហ៍នេះ

3091
ចែករម្លែក

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអាទិត្យទី២២ខែមេសា ថាប្រធានាធិបតីចិន លោក ស៊ី ជីនពីងនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី(Narendra Modi ) នឹងជួបប្រជុំគ្នានៅប្រទេសចិននៅសប្តាហ៍នេះ ស្របពេលដែលប្រទេសមហាអំណាចអាស៊ីទាំង២នេះ កំពុងធ្វើឱ្យទំនាក់ទំនងដែលល្អក់កករមានភាពល្អប្រសើរឡើងវិញ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi )បាននិយាយ បន្ទាប់ពីពិភាក្សាជាមួយសមភាគីឥណ្ឌារបស់ លោកគឺលោក ស៊ូសម៉ា ស្វារ៉ាច( Sushma Swaraj) ថា មេដឹកនាំទាំង២ នឹងមានជំនួបក្រៅផ្លូវការ នៅទីក្រុងWuhan នៅថ្ងៃសុក្រនិង ថ្ងៃសៅរ៍។

លោក វ៉ាង យី បាននិយាយថា” កិច្ចជំនួបនេះនឹងដើរទៅរកផ្លូវវែងឆ្ងាយឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសជិតខាងដ៏ធំ២នេះ ” ។

លោក ស៊ី ជីនពីង និង លោក ណារ៉េនដ្រា ម៉ូឌី នឹងកំណត់គោលដៅថ្មីហើយបង្កើតឱ្យមានថាមភាពថ្មីសម្រាប់ភាពល្អប្រសើរនៃទំនាក់ទំនងចិន – ឥណ្ឌា។

លោក វ៉ាង យី បានបន្ថែមថា ” វានឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនិង ប្រជាជនរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែ វាក៏នឹងមានផលប្រយោជន៍ដល់សន្តិភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់និងក្នុងពិភពលោកផងដែរ” ។

លោក ស៊ូសម៉ា ស្វារ៉ាច បាននិយាយថាកិច្ចជំនួបកំពូលនេះគឺជា “ឱកាសដ៏សំខាន់មួយសម្រាប់ពួកគេដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាទ្វេភាគីនិងអន្តរជាតិ និង បង្ហាញទស្សនវិស័យដ៏សំខាន់និងវែងឆ្ងាយដោយមានគោលបំណងបង្កើនទំនាក់ទំនងទៅវិញទៅមកនៅកម្រិតថ្នាក់ដឹកនាំនៃប្រទេសទាំង២ ” ៕ដោយ:សុខា/sn

លោក ណារ៉េនដ្រា ម៉ូឌី (រូបឆ្វេង) និង លោក ស៊ី ជីនពីង ដើរចេញ បន្ទាប់ពីថតរូបគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលBRICS នៅ ឥណ្ឌា កាលពីឆ្នាំ២០១៦

#