មេដឹកនាំ​កូរ៉េខាងជើង​ទទួល​លិខិត​ដ៏​ល្អ​ពី​ត្រាំ​

445
ចែករម្លែក

​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ផ្ញើ​«​លិខិត​វិសេសវិសាល​»​មួយ​ជូន​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​(KCNA)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​។​

KCNA​បាន​និយាយថា​« វាយ​តំលៃ​លើ​សមត្ថភាព​វិនិច្ឆយ​នយោបាយ​និង​សេចក្តីក្លាហាន​ពិសេស​របស់​ប្រធានាធិបតី​ត្រាំ លោក​គីម បាន​មានប្រសាសន៍ថា​លោក​នឹង​គិតគូរ​អំពី​ខ្លឹម​​សារ​គួរអោយ​ចាប់​អារម្មណ៍​ក្នុង​លិខិត​»​។​

​សូមបញ្ជាក់​ថា កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​រវាង​អាម៉េរិក​និង​កូរ៉េ​ខាងជើង​កំពុងជាប់គាំង ក្រោយការដួលរលំ​ជំនួប​កំពូល​គីម​-​ត្រាំ​កាលពី​ខែ​កុម្ភៈ​នៅ​វៀតណាម​។​អាម៉េរិក​ទាមទារ​អោយ​កូរ៉េ​ខាងជើង​បោះបង់​ចោល​សព្វាវុធ​នុយគ្លេអ៊ែ​ររបស់​ខ្លួន​ទាំង​ស្រុង​មុនមានការ​ដក​ទណ្ឌកម្ម​អន្តរជាតិ​លើ​របប​នេះ​។​តែ​កូរ៉េ​ខាងជើង​សុំ​ដក​ទណ្ឌកម្ម​និង​រំសាយ​ចោល​នុយគ្លេអ៊ែរ​​ជា​ជំហានៗ​ព្រមៗ​គ្នា​។​

គីម អាន​លិខិត​មួយ​របស់ ប្រធានាធិបតី ត្រាំ​

​ព័ត៌មាន​អំពី​ការ​ផ្ញើ​លិខិត​ដ៏​ល្អ​ពី​ត្រាំ​ជូន​គីម បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក​គីម ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​ពួក​អ្នកជំនាញការ​និយាយថា​​វា​បង្ហាញ​ការ​ផុស​ឡើង​នៃ​តួនាទី​របស់​ចិន​នៅ​ក្នុង​ការជំរុញ​កិច្ចការ​ទូត​ដើម្បី​ដោះស្រាយ​ភាព​ប្រទាញប្រទង់​នុយគ្លេអ៊ែ​រវាង​កូរ៉េ​ខាងជើង​និង​អាម៉េរិក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​បាន​និយាយថា លោក​គីម និ​ង ស៊ី បាន​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នយោបាយ​ជុំវិញ​ឧបទ្វីប​កូរ៉េ និង​បាន​ឈាន​ដល់​ការស្រុះស្រួល​មតិ​គ្នា​លើ​បញ្ហា​​សំខាន់ៗ​។​

​លោក​ស៊ី ត្រូវ​រំពឹងថា​នឹង​ជួប​លោក​ត្រាំ​នៅ​ជប៉ុន​នា​សម្តាហ៍​ក្រោយ​ក្នុងអំឡុង​ជំនួប​កំពូល​G20​។​ពួក​អ្នកវិភាគ​ជឿ​ថា ប្រធានាធិបតី​ចិន​អាច​ពាំនាំ​សារ​ពី​លោក​គីម​ជូន ប្រមុខ​​ដឹកនាំ​អាម៉េរិក​អំពី​ការចរចា​នុយគ្លេអ៊ែរ​៕​ដោយ​៖​វាសនា​