មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ៖ ” គ្មាន​ការចរចា​អំពី​នុយក្លេអ៊ែរ​ទេ​”

517

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ពុធ ទី​៥​កក្កដា​ថា ប្រទេសជាតិ​របស់លោក​នឹង​បង្ហាញ​ការប្តេជ្ញាចិត្ត​តតាំង​ចំពោះ​សហរដ្ឋអាមេរិក និង មិន​ដាក់​កម្មវិធី​អាវុធ​របស់ខ្លួន​សម្រាប់​ធ្វើការ​ចរចា​នោះទេ ។​

លោក គីម ជុង អ៊ុន បានលើកឡើង​បែបនេះ គឺ​មួយថ្ងៃ​បន្ទាប់ពី​របប​កូរ៉េខាងជើង​នេះ បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​លើកទីមួយ​របស់ខ្លួន ដោយ​ជោគជ័យ ។​

​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ បាន​និយាយថា កូរ៉េខាងជើង នឹងធ្វើ​ការសាកល្បង​អាវុធ​បន្ថែមទៀត​រហូត​ទាល់តែ​ខ្លួន​មាន​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែលមាន​សមត្ថ​ភាព​ខ្ពស់បំផុត​ដែល​អាច​បាញ់​ដល់​ទីណា​ក៏បាន​នៅក្នុង​ទឹកដី​អាមេរិក​។​

​ក្រុមអ្នកវិភាគ​និយាយថា រដ្ឋាភិបាល​របស់​គីម ជុន អ៊ុន ជឿថា អាវុធ​នុយក្លេអ៊ែរ គឺជា​គន្លឹះ​ដ៏​សំខាន់បំផុត​សម្រាប់​ការបន្ត​ការ​រស់​របស់ខ្លួន និង​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទទួលបាន​ការធ្វើសម្បទាន​ពី​សហរដ្ឋអាមេរិក​។​

ការបាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប កាលពី​ថ្ងៃ​អង្គារ (​ទី​៤ កក្កដា​) ដោយ​កូរ៉េខាងជើង​នោះ ត្រូវបាន​អះអាង ដោយ​ក្រុមមន្ត្រី​អាមេរិក​និង​កូរ៉េខាងត្បូង​ថា ជា​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​មួយ​នៃ​ការ​ខំប្រឹងប្រែង​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍន៍​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ ។ ប៉ុន្តែ​កូរ៉េខាងជើង​មិនទាន់មាន​ទេ ហើយ​ក្រុមអ្នកវិភាគ​ថា កូរ៉េខាងជើង​នឹងត្រូវ​ការសាកល្បង​បន្ថែមទៀត​ដើម្បី​អាចមាន​អាវុធ​បែបនេះ​៕

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ថា “​គ្មាន​ការចរចា​អំពី​នុយក្លេអ៊ែរ​ទេ​”