មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន បញ្ជា​ឱ្យ​វាយកម្ទេច​រមណីយដ្ឋាន​ដែល​កសាង​ដោយ​កូរ៉េខាងត្បូង

9573
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែ​តុលា​នេះ ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការអភិវឌ្ឍ​ទេសចរណ៍​​ដ៏​ធំ​មួយ​ជាមួយ​កូរ៉េខាងត្បូង​ថា​ជាការ​អាក្រក់​មើល​និង​បាន​បញ្ជា​ឱ្យ​វាយ​កម្ទេចចោល ដែល​ជា​ការបង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​ដ៏​អាក្រក់​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។​

​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​គុម​ហ្កាង​(Kumgang) ត្រូវ​បាន​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai Asan នៅ​ភាគ​ខាងជើង​នៅ​លើ​ភ្នំ​ដែល​មាន​​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​នៃ​ឧបទ្វីប​នេះ ដោយ​ទាក់ទាញ​ភ្ញៀវទេសចរ​កូរ៉េខាងត្បូង​រាប់រយ​ពាន់​នាក់​។​

​ប៉ុន្តែ​សកម្មភាព​ទេសចរណ៍​នៅ​ទីនេះ បាន​បញ្ចប់​ទៅ​ភ្លាមៗ​កាលពី​ឆ្នាំ ២០០៨ បន្ទាប់​ពី​ទាហាន​កូរ៉េខាងជើង​ម្នាក់​បាន​បាញ់សម្លាប់​អ្នកទេសចរ​កូរ៉េ​ខាងត្បូង​ម្នាក់​ដែល​បាន​ធ្វើ​​ដំណើរ​ចេញពី​ផ្លូវ​ដែល​បាន​កំណត់​ឱ្យ​ធ្វើ​ដំណើរ ហើយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ផ្អាក​ដំណើរ​ទេសចរណ៍​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចង់​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ដែល​រក​ប្រាក់ចំណូល​បាន​ច្រើនេះ​ឡើ​វិញ​ជា​យូរ​មក​ហើយ​ប៉ុន្តែ​ឥឡូវនេះ​ដំណើរ​កម្សាន្ត​ទាំងនេះ​នឹង​រំលោភ​លើ​ការដាក់​​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​ដាក់​លើ​កូរ៉េខាងជើង​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​ប្រទេស​នេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន KCNA​របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​មើល​ទីតាំង​នោះ​ហើយ​បាន​រិះគន់​អគារ​ទាំងនោះ​ថា​”​អាក្រក់​គួរឱ្យ​ស្អប់​” និង​គ្រាន់តែ​ជា​សំណង់​ដែល​មិន​មាន​លក្ខណៈ​ជាតិ​អ្វី​ទាល់តែសោះ​”​។

​លោក​បាន​បន្ថែមថា សំណង់​អាគារ​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ដូចជា​ជំរំ​សំពត់​តង់​នៅ​តំបន់​រងគ្រោះ​អាសន្ន​មួយ ឬ​ដូចជា​តំបន់​គុក​ដាច់ដោយឡែក​ពី​គេ​និង​ជា​​ស្ថាបត្យកម្ម​អន់ថយ​បំផុត​” ។​

​សារព័ត៌មាន KCNA បាន​និយាយថា​”​លោក​បាន​ណែនាំ​ឱ្យ​រុះរើ​សំណង់​អគារ​ដែល​មើល​ទៅ​មិន​ចាប់អារម្មណ៍​ទាំងនោះ​ហើយ​ត្រូវ​សាងសង់​ជា​ថ្មី​ឱ្យ​ទំនើប​របៀប​និង​តាម​មធ្យោបាយ​​ផ្ទាល់ខ្លួន​របស់​យើង ” ៕​ដោយ​៖​សុខា​/sn

គីម ជុង​អ៊ុន ចុះ​ពិនិត្យ តំបន់​ទេសចរណ៍ គុម​ហ្កាង កាលពី​ថ្ងៃ​២៣​តុលា​