មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន​និយាយថា​កូរ៉េខាងជើង​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​

265

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​និយាយថា​លោក​នឹង​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​ទាំងអស់​ហើយ​បិទ​កន្លែង​សាកល្បង​នុយក្លេអ៊ែ​រ ។​

​ទីភ្នាក់ងារ​សារព័ត៌​KCNA​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២១​ខែ​មេសា​ថា “​ចាប់ពី​ថ្ងៃទី​២១​ខែ​មេសា កូរ៉េ​ខាងជើង​នឹង​បញ្ឈប់​ការ​ធ្វើ​តេស្ត​សា​ល្បង​នុយក្លេអ៊ែរ​និង​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​” ។​

KCNA បាន​រាយការណ៍​ថា ការសម្រេចចិត្ត​នេះ គឺ​ដើម្បី​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ ។​

​ការបង្ហាញ​ភាព​ធូរស្រាល​ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​នេះ​ធ្វើ​ឡើងខណៈ​លោក គីម ជុង អ៊ុន គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ អ៊ី​ន (Moon Jae-in) នៅ​សប្តាហ៍​ក្រោយ​។​

​លោក គីម ជុង អ៊ុន ត្រូវបាន​គេ​រំពឹង​ផងដែរ​ថា​នឹង​ធ្វើ​កិច្ច​ជំនួប​កំពូល​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ជា មួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ខែ​មិថុនា​។ ប្រសិនបើ គម្រោង​ជំនួប​នេះ កើតមានឡើង​មែន​នោះ វា​នឹង​ជា​កិច្ច​ជំនួប​លើក​ទី​មួយ​រវាង​ប្រធានាធិបតី​អាមេរិក ដែល​កំពុងកាន់​អំណាច និង​មេដឹកនាំ​កូរ៉េខាងជើង ។​

​បន្ទាប់​ពី មាន​ការប្រកាស​របស់ លោក គីម ជុង អ៊ុន មក​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter​ថា “​នេះ​ជា​ដំណឹង​​ល្អ​ខ្លាំងណាស់​សម្រាប់​កូរ៉េ​ខាងជើង​និង​ពិភពលោក​” ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា មាន​ផ្លូវ​ដ៏​ភ្លឺ​រង់ចាំ​កូរ៉េខាងជើង នៅពេល​ដែល​ខ្លួន​សម្រេច​បាន​នូវ​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​៕

​លោក គីម ជុង អ៊ុន និយាយថា មិន​មាន​តម្រូវការ​សម្រាប់​ការសាកល្បង​មី​ស៊ី​ល ទៀត​នោះ​ទេ