មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អញ្ជើញ ដូ​ណា​ល់ ត្រាំ ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុង​យ៉ាង​

316
ចែករម្លែក

​កាសែត Joongang Ilbo របស់​កូរ៉េ​ខាងត្បូង បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​ទៅធ្វើ​ទស្សន​​កិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​។​

​សេចក្តីរាយការណ៍​នេះ​បាន​និយាយថា ការស្នើ​ធ្វើ​កិច្ច​ជំនួប​កំពូល​មួយ​ទៀត​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​លិខិត​មួយ ដែល​ត្រូវបាន​បញ្ជូន កាលពី​សប្តាហ៍​ទី​៣ នៃ​ខែ​សីហា​។​វា​បាន​​កើត​ឡើង​បន្ទាប់ពី​លិខិត​ដាច់ដោយឡែក​មួយ​ពី​លោក គីម ជុង​អ៊ុន ដែល លោក បាន​ប្រកាស​ជា​សាធារណៈ​កាលពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​សីហា​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពីដើម​ខែ​សីហា​ថា លោក គីម ជុង​អ៊ុន​បាន​បញ្ជូន​”​លិខិត​ដ៏​ស្រស់ស្អាត​”​មួយ​មក​លោក​ដែល​ភាគច្រើន​បាន​និយាយ​អំពី​ការ​មិន​ពេញចិត្ត​​អំពី​សមយុទ្ធ​យោធា​រួម​គ្នា​វាង​អាម៉េរិក​និង​កូរ៉េខាងត្បូង ហើយ​លោក ដូ​ណា​ល់ ត្រាំ​បន្ថែមថា លោក គីម​ជុង អ៊ុន បាន​សុំទោស​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ជាច្រើន​​គ្រាប់ ។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​ទៅ​នឹង​លិខិត​នោះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នេះ​។​

​កិច្ចចរចា​ថ្នាក់​ការងារ​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ បាន​ជាប់គាំង​ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​ផ្លូវការ​ចុងក្រោយ​របស់​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន នៅ​ទី​​ក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​៕​ដោយ​៖​សុខា​/sn

លោក គីម ជុង​អ៊ុន និង លោក ដូ​ណា​ល់ ត្រាំ ដើរ​ជាមួយ​គ្នា​បន្ទាប់ពី​ជំនួប​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៩