មេដឹកនាំ​កូរ៉េខាងជើង សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​ការបាញ់​សាកល្បង​ប្រព័ន្ធ​​គ្រាប់​រ៉ុក្កែត​

297
ចែករម្លែក

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី ២៩ ខែវិច្ឆិកា​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​បាន​ត្រួតពិនិត្យ​ការសាកល្បង​ប្រកបដោយ​ជោគជ័យ​នៃ​ប្រព័ន្ធ​​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​ដ៏​ធំ​ហើយ​បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​។​

​កងទ័ព​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​២៨​វិច្ឆិកា បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់ផ្លោង​ចម្ងាយ​ខ្លី​ចំនួន ២​គ្រាប់​ចូលទៅក្នុង​សមុទ្រ​នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន​​នៅក្នុង​អ្វីដែល​ទំនង​ជា​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​ថ្មី​របស់​ប្រទេស​នេះ​បន្ទាប់​ពី​ការ​ធ្វើតេស្តិ៍​សាកល្បង ៣​លើក​កន្លងមក​នោះ​។​

​ការសាកល្បង​ចុងក្រោយ​បំផុត​នេះ អាច​ជា​សារ​រំលឹក​ចំ​ថ្ងៃបុណ្យ​Thanksgiving ដល់​សហរដ្ឋ​អាម៉េរិក​អំពី​ថ្ងៃ​ផុតកំណត់​ចុងឆ្នាំ​ដែល លោក គីម ជុង អ៊ុន បាន​កំណត់​សម្រាប់​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ភាពបត់បែន​នៅក្នុង​កិច្ច​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​។​

​សារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​និយាយថា លោក គីម ជុង​អ៊ុន បាន ត្រួតពិនិត្យ​មើល​ការបាញ់​សាកល្បង​ចុងក្រោយ​បំផុត​នេះ គឺ​ដូចដែល​លោក​បាន​ធ្វើ​ជាមួយ​នឹង​ការ​​ត្រួតពិនិត្យ​មើល​ការបាញ់​សាកល្បង​កាលពី​ពេលមុន​កាលពី​ខែ​សីហា​និង​ខែកញ្ញា​៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្ត្រី​ម្នាក់​នៅ​ទីក្រុង​សេ​អ៊ូ​ល មើល​ការផ្សាយ​ព័ត៌មាន​អំពី​កូរ៉េខាងជើង​បាញ់​គ្រាប់ផ្លោង​ជាមួយនឹង​រូបភាព​នៃ​លោក​គីម ជុង​អ៊ុន​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩