មេដឹកនាំ​កូរ៉េខាងត្បូង​ថ្កោលទោស​សម្តី​របស់​ជប៉ុន និង​ព្រមាន​កុំ​រុញ​អោយ​ដល់​ផ្លូវ​ទាល់​

779
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា បាន​រិះគន់​សម្តី​របស់​ពួក​មន្ត្រី​ជប៉ុន ដែល​បាន​ចោទសួរ​ភាព​អាច​ជឿ​ទុកចិត្ត​នៃ​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​​ក្រុង​សេ​អ៊ូ​ល​លើ​កូរ៉េខាងជើង ក្នុងពេល​ពួកគេ​(​ជប៉ុន​)​និយាយ​យក​ត្រូវ​ចំពោះ​ការ​រឹតត្បិត​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​មក​កាន់​កូរ៉េខាងត្បូង​។​

​បញ្ហា​នេះ​ឥឡូវ​បាន​ក្លាយជា​ជម្លោះ​ការទូត​ពេញ​ធឹង រវាង​សម្ពន្ធមិត្ត​អាម៉េរិក​និង​ប្រទេស​ជិតខាង​ទាំង​ពីរ​។​

​ក្នុងជំនួប​ជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ពុធ លោក​មូនបាន​និយាយថា រដ្ឋាភិបាល​របស់​លោក​ប្តេជ្ញា​ដោះស្រាយ​​បញ្ហា​តាម​ការទូត​និង​បាន​អំពាវនាវ​អោយ​ជប៉ុន​អត់ធ្មត់​កុំ​រុញ​សភាពការណ៍​អោយ​ដល់​«​ផ្លូវ​ទាល់​»​។​

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​កាលពី​សប្តាហ៍​មុន​បាន​រឹតបន្តឹង​ដំណើរការ​អនុម័ត​ការនាំ​ចេញ​វត្ថុ​ធាតុ​photoresist​និង​វត្ថុធាតុដើម​សំខាន់​ផ្សេង​ទៀត​ទៅ​អោយ​បណ្តា​ក្រុមហ៊ុន​កូរ៉េខាងត្បូង សំរាប់​ផលិត​ឧបករណ៍​semiconductor អេក្រង់​ទូរទស្សន៍​និង​ទូរស័ព្ទ​ឆ្លាត និង​ឈីប​។​

​ពួក​មន្ត្រី​ជប៉ុន​និយាយថា វត្ថុ​ធាតុ​ដូច្នេះ​អាច​ត្រូវ​នាំ​ចេញ​ទៅ​អោយ​ដៃគូ​ដែល​ជឿ​ទុកចិត្ត​បាន​តែ​ប៉ុណ្ណោះ ដោយ​បាន​ព្រលយ​ពាក្យ​ថា វា​អាច​មាន​ហានិភ័យ​ខាង​សន្តិសុខ​។​មុននេះ​​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ និង​ជំនួយការ​របស់​លោក​បាន​ព្រលយ​ពាក្យ​ថា សារធាតុ​បែបនេះ​អាច​ត្រូវ​លួច​នាំ​ពី​កូរ៉េខាងត្បូង​ទៅ​កូរ៉េខាងជើង​។​

​ប្រតិកម្ម​របស់​មូនកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​មន្ត្រី​កូរ៉េខាងត្បូង​បាន​ប្រាប់​ជំនួប​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា វិធា​ការ​របស់​ជប៉ុន​នឹង​ប៉ះ​ពាល់​ដល់​ផលិត​អេឡិចត្រូនិក​នៅ​ទូទាំង​ពិភពលោក​និង​បាន​អំពាវនាវ​អោយ​ដក​ចេញ​ការ​កំហិត​នេះ​។​តែ​មន្ត្រី​ជប៉ុន​បាន​តប​វិញ​ថា​វិធានការ​នេះ​មិនមែន​ជា​ទណ្ឌកម្ម​ពាណិជ្ជកម្ម​​អ្វី​ទេ តែ​វា​គ្រាន់តែ​ជា​ការពិនិត្យ​សើរើ​ឡើងវិញ​ការគ្រប់គ្រង​ការនាំចេញ​ផ្អែក​លើ​ការព្រួយបារម្ភ​អំពី​សន្តិសុខ​តែប៉ុណ្ណោះ​៕​ដោយ​៖​វាសនា​

ប្រធានាធិបតី​កូរ៉េខាងត្បូង បើក​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​នានា​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ ដើម្បី​ដោះស្រាយ​ការ​រឹតត្បិត​ការនាំចេញ​វត្ថុធាតុដើម​របស់​ជប៉ុន​សំរាប់​​ក្រុមហ៊ុន​កូរ៉េខាងត្បូង​