មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ព្រមាន “​ពួកឧក្រិដ្ឋជន​” ខណៈ​បាតុកម្ម​រីក​រាលដាល​ដល់​ក្រុង​ចំនួន​១០០

178
ចែករម្លែក

​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​វិច្ឆិកា​បាន​គាំទ្រ​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​ដំឡើងថ្លៃ​សាំង ៥០ ភាគរយ​បន្ទាប់ពី​មាន​បាតុកម្ម​រីក​រាលដាល​ជាច្រើន​ថ្ងៃ ដោយ​ហៅ​អ្នក​ដែល​វាយប្រហារ​ទ្រព្យសម្បត្តិ​សាធារណៈ​ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​ថា “​ពួកឧក្រិដ្ឋជន​” ហើយ​បង្ហើប​ថា ការបង្ក្រាប​អាច​នឹង​កើតមានឡើង​។​

​រដ្ឋាភិបាល​បាន​បិទ​អ៊ី​ន​ធឺ​ណេ​ត​ទូទាំងប្រទេស​ដែលមាន​ប្រជាជន​ចំនួន ៨០ លាន​នាក់​នេះ​ដើម្បី​ទប់​ទល់នឹង​បាតុកម្ម​ដែល​បាន​រាលដាល​ដល់ទី​ក្រុង​និង​ទីប្រជុំជន​ចំនួន ១០០​។ បញ្ហា​នេះ​បានធ្វើ​ឱ្យមាន​ការពិបាក​កាន់តែខ្លាំង​ឡើង​ដើម្បី​វាស់​ស្ទង់​ថា​តើ​ភាពចលាចល​នេះ​នៅតែ​បន្ត​កើតមាន​ទៀត​ឬ​យ៉ាងណា​។ រូបភាព​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ពាក់កណ្តាល​ផ្លូវការ​បាន​បង្ហាញ​ពី​ទំហំ​នៃ​ការខូចខាត​នៅក្នុង​រូបភាព​នៃ​ស្ថានីយប្រេងឥន្ធនៈ​និង​ធនាគារ​ដែល​បាន​ឆាបឆេះ រថយន្ត​ឆេះ និង ផ្លូវថ្នល់​ពោរពេញ​ដោយ​កម្ទេចកម្ទី​។​

​ចាប់តាំងពី​ការដំឡើងថ្លៃ​សាំង​មក ក្រុមបាតុករ​បាន​បោះបង់ចោល​រថយន្ត​នៅតាម​មហាវិថី​ធំៗ ហើយ​បាន​ចូលរួម​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ និង កន្លែង​ផ្សេងទៀត​។ ការតវ៉ា​ខ្លះ​បាន​ប្រែជា​ហិង្សា ជាមួយ​ក្រុមបាតុករ​បា​ន​ដុត​ភ្លើង ខណៈ​ស្នូរ​កាំភ្លើង​បាន​ផ្ទុះឡើង​។​

​គេ​នៅ​ចាំមើល​នៅឡើយ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​ចាប់ខ្លួន​រងរបួស​ឬ​សម្លាប់​។ វីដេអូ​ពី​ការតវ៉ា​បានបង្ហាញ​ឱ្យ​មនុស្ស​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​កាលពី​ថ្ងៃអាទិត្យ​អាជ្ញាធរ​អ៊ីរ៉ង់​បាន​បង្កើន​ចំនួន​អ្នកស្លាប់​ជា​ផ្លូវការ​នៅក្នុង​អំពើហិង្សា​នេះ​យ៉ាងហោចណាស់​បីនាក់​។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា​ក្រុម​អ្នក​វាយប្រហារ​បាន​វាយប្រហារ​ទៅលើ​ស្ថានីយ​ប៉ូលិស​មួយ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ឃើ​មែន​សា (Kermanshah) កាលពី​ថ្ងៃ​សៅរ៍ ដោយ​សម្លាប់​មន្ត្រី​ម្នាក់​។ សមាជិកសភា​ម្នាក់​បាន​និយាយថា​មនុស្ស​ម្នាក់ទៀត​ត្រូវបាន​សម្លាប់​នៅ​ជាយក្រុង​តេ​ហេ​រ៉ង់​។ មុននេះ​គេ​រាយការណ៍​ថា​បុរស​ម្នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​សឺ​ចាន (Sirjan) ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៨០០ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​ទីក្រុង​តេ​ហេ​រ៉ង់​។​

​នៅក្នុង​សុន្ទរកថា​មួយ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ លោក អា​យ៉ា​តូ​ឡាស អា​លី ខា​មេ​នី និយាយថា “​អ្នកខ្លះ​បាន​បាត់បង់​ជីវិត ហើយ​កន្លែង​ខ្លះ​ត្រូវបាន​បំផ្លាញ​” ដោយ​មិនបាន​ពន្យល់​លម្អិត​ទេ​។ លោក​បាន​ហៅ​ក្រុមអ្នកតវ៉ា​ថា​ជា “​ពួកឧក្រិដ្ឋជន​” ដែល​ត្រូវបាន​ជំ​រុញឱ្យ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ក្រុម​អ្នកប្រឆាំង​បដិវត្តន៍​និង​សត្រូវ​បរទេស​របស់​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

រូបថត​នៃ​រថយន្តក្រុង​ឆេះ បញ្ចេញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន IRNA