មេដឹកនាំ​ក្រូ​អាស៊ី​និយាយថា លោក​ត្រាំ​និង​លោកពូ​ទីន​គឺជា​គន្លឹះ​នៃ​សន្តិភាព​ពិភពលោក​

707
ចែករម្លែក

​ប្រធានាធិបតី​ក្រូ​អាស៊ី​សង្ឃឹមថា សម​ភាគី​អាមេរិក​និង​រុស្ស៊ី​របស់លោក​ស្រី​បង្ហាញ​ពី “​ការទទួលខុសត្រូវ​” ហើយ​ត្រូវ​ចាំ​ថា ពួកគេ​គឺជា​អ្នកធានា​ដល់​ស្ថិរភាព​ពិភពលោក​ទាំងមូល នៅពេល​ពួកគេ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​១៦ កក្កដា​នេះ​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ប្រធានាធិបតី​ក្រូ​អាស៊ី លោកស្រី កូ​លីន​ដា ហ្គ្រា​បា គី​តា​រ៉ូ​វិក ក៏​មិន​ខ្វល់​នឹង​អាកប្បកិរិយា​គឃ្លើន​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​នៅឯ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​នោះដែរ​។​

​លោកស្រី​បាន​និយាយថា “​វា​ជា​បុគ្គលិកលក្ខណៈ​របស់គាត់​។ ខ្ញុំ​មិន​យក​វា​ទៅ​ប្រឆាំងនឹង​រូបគាត់​ទេ​”​។​

​លោកស្រី កូ​លីន​ដា ដែល​បាន​រស់នៅក្នុង​សង្គ្រាម​ដើម្បី​ឯករាជ្យ​របស់​ក្រូ​អាស៊ី​ឆ្នាំ ១៩៩១ និង​គ្រប់គ្រង​នៅ​តំបន់​មួយ​ដែល​ផុង​ជាប់​នៅក្នុង​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ​ធំៗ​នោះ បាន​និយាយថា កិច្ចប្រជុំ​របស់លោក​ត្រាំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន អាច​រំងាប់​ភាព​តានតឹង​លើ​ឆាក​អន្តរជាតិ​ជំនួស​ឱ្យ​ការដុត​បញ្ឆេះ​វា​ឡើង​។​

​លោកស្រី កូ​លីន​ដា ដែល​បាន​ជួប​លោកពូ​ទីន​នៅ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃអាទិត្យ នៅមុន​ពេល​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​លេង​វើ​ល​ខាប់​វគ្គ​ផ្តាច់ព្រ័ត្រ បាន​និយាយថា “​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា មេដឹកនាំ​រដ្ឋ​ទាំង​២​នឹង​បង្ហាញ​គ្រប់គ្រាន់​អំពី​… ការទទួលខុសត្រូវ​ចំ​ពោះ​ស្ថិរភាព​សកលលោក និង​ទំនាក់ទំនង​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​”​។​

​លោកស្រី​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​អឺរ៉ុប​ភាគ​អាគ្នេយ៍ កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ព្យាយាម​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច​និង​វិស័យ​ថាមពល​របស់ខ្លួន​ដើម្បី​ទប់​ទល់នឹង​សហគមន៍​អឺរ៉ុប​និង​អង្គការ​ណា​តូ​។​

​ប៉ុន្តែ​លោកស្រី​បាន​ទទូច​លើ​សារៈសំខាន់​នៃ​ការជជែក​ចរចា​ជាមួយ​រុស្ស៊ី​ជំនួស​ឱ្យ​ការដាក់​រុស្ស៊ី​នៅឯ​កោ​។​

​លោកស្រី​បាន​និយាយថា “​យើង​ចង់​ពិភាក្សា​អំពី​ការគំរាមកំហែង​រួម​ចំពោះ​សន្តិសុខ​របស់​យើង​។ យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ក្រូ​អាស៊ី លោកស្រី កូ​លីន​ដា ហ្គ្រា​បា គី​តា​រ៉ូ​វិក ជួប​លោកពូ​ទីន​នៅ​វិមាន​ក្រឹម​ឡាំង​នៅមុន​ការប្រកួត​វើ​ល​ខាប់​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​បារាំង​និង​ក្រូ​អាស៊ី