មេដឹកនាំ​គណបក្ស​ពន្លឺ​ថ្មី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​

1820

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មេដឹកនាំ​គណបក្ស​ពន្លឺ​ថ្មី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត និង​ដើម្បី​សម្រេច​ជោគវាសនា​របស់​ប្រទេស​និង​ជាតិ​។​

លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី​

​លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា​ថា លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទៅ​អញ្ជើញ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទាំងអស់គ្នា ពីព្រោះ​ជោគវាសនា​របស់​ប្រទេសជាតិ​គឺ​នៅលើ​ប្រជាពលរដ្ឋ​យើង​ហើយ​។ ប្រជាពលរដ្ឋ​ត្រូវតែ​ឲ្យ​តម្លៃ​ទៅលើ​ជាតិ​ខ្លួនឯង​។ ដោយ​លោក​បាន​បញ្ជាក់ថា “​គណបក្ស​ពន្លឺ​ថ្មី ក៏​អាច​ចូលរួម​កែប្រែ​ប្រទេស​និង​ជាតិ​នេះ​បានដែរ​មិនថាតែ​បក្ស​ធំ​បក្ស​តូច​ទេ​គឺជា​កូន​ខ្មែរ​ដែលមាន​ឧ​ត្ត​ម​គតិ​ជាតិ​ពិតប្រាកដ​ដូចគ្នា​មិនមាន​តែ​បក្ស​មួយ​អាច​កែប្រែ​ប្រទេសជាតិ​បានទេ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ឡើងវិញ នៅ​ចំណុច​នេះ​។

លោក​បាន​បញ្ជាក់ថា​គណ​បក្ស​ពន្លឺ​ថ្មី​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​គណបក្ស​នេះ​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​នៅតាម​បណ្តា​រាជធានី​ខេត្ត​បាន​មួយចំនួន​ហើយ​និង​បាន​លើក​ស្លាក​ជា​បណ្តើរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​។​

​លោក​នួន​សុខា​វី​បាន​ពន្យល់ថា​គណបក្ស​ពន្លឺ​ថ្មី​មាន​ទិសដៅ​នឹង​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​ដល់ត្រើយ​សុភមង្គល​ពិត​ប្រាកដ​និង​កែប្រែ​កម្ពុជា​ឲ្យ​ក្លាយទៅជា​រដ្ឋ​សច្ចៈ​គឺជា​អរិយ​ប្រទេស​ជា​ឋានសួគ៌​លោកីយ​នៅក្នុង​លោក​ឲ្យ​បាន​សុខ​ទាំង​មនុស្ស សុខ​ទាំង​សត្វ សុខ​ទាំង​ធម្មជាតិ នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ ព្រោះ​គណបក្ស​ពន្លឺ​ថ្មី​មាន​រូបមន្ត​ក្បួនខ្នាត​របស់​ជាតិ​ពិត​ដែល​បាន​បាត់បង់​ជា​យូរលង់​ណាស់​មកហើយ ដើម្បី​អប់រំ​ចិត្តគំនិត​របស់​ប្រជាពលរដ្ឋ​ទូទាំង​នគរ ដើម្បី​ជុំ​ជាតិ និង​មាន​ឯកភាព​ជាតិ​គ្នា​ពិតប្រាកដ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​និង​ជាតិ​។​

សូមជម្រាបថា​លោកនួនសុខា​វី​គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​លោក​បាន​វិល​ត្រគប់​មក​កម្ពុជា​វិញ​ដើម្បី​បង្កើត​គណបក្សនយោបាយ​ឯករាជ្យ​មួយ​ដែលមាន​ឈ្មោះថា​គណបក្ស​ពន្លឺ​ថ្មី​។​លោក​បានធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​កុមារកំព្រា​នៅតាម​អង្គការ​មួយចំនួន​និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​៕មន

សមាជិក សមាជិក​គណបក្ស​ពន្លឺ​ថ្មី​