មេដឹកនាំ​តៃវ៉ាន់​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី បន្ទាប់ពី​ចាញ់ឆ្នោត​

120

​ប្រធានាធិបតី​តៃវ៉ាន់ សាយ អ៊ីង​វិ​ន (Tsai Ing-wen) បានតែងតាំង​សម្ព័ន្ធមិត្ត​នយោបាយ​ជិតស្និទ្ធ​ជា​នាយករដ្ឋមន្ត្រី​ក្នុងអំឡុង​ការរុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១​មករា បន្ទាប់ពី​ការ​ចាញ់​ការបោះឆ្នោត​យ៉ាងធ្ងន់ធ្ងរ​របស់​គណបក្ស​កាន់អំណាច​និង​ការកើនឡើង​សម្ពាធ​ពី​គូប្រជែង​ចិន​។​

​លោក​ស៊ូ សេង​ចាង (Su Tseng-chang) បាន​ចូលមក​ទទួលខុសត្រូវ​លើ​គណៈរដ្ឋមន្ត្រី​ចំពេល​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​គំរាម​ប្រើ​កម្លាំង​ដើម្បី​គ្រប់គ្រង​កោះ​នេះ ដែល​ចិន​អះអាងថា​ជា​របស់ខ្លួន​។ ចិន​បាន​ឆ្លើយតប​ចំពោះ​ជ័យជម្នះ​ឆ្នាំ ២០១៦ របស់លោក​ស្រី​សាយ ដោយ​កាត់ផ្តាច់​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី​ហើយ​បាន​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​និង​ការទូត​ទៅលើ​កោះ​ស្វ័យគ្រប់គ្រង​នេះ​។​

​គណបក្ស​ជាតិនិយម​ដែល​គាំទ្រ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង​បានឈ្នះ ១៥ អាសនៈ​ក្នុងចំណោម ២២ អាសនៈ​នៅក្នុង​ការបោះឆ្នោត​ក្នុងស្រុក​មួយ​នៅ​ថ្ងៃ ២៤ វិច្ឆិកា ដែល​រួមទាំង​តំបន់​រឹងមាំ​ខៅ​ស៊័​ង​របស់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់អំណាច​។ ក្រោយមក​ភ្លាមនោះ លោកស្រី​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស DPP ដែល​បដិសេធ​ការទាមទារ​របស់​ចិន​ក្នុងការ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​។​

​ក្រុមអ្នកវិភាគ​និយាយថា​ការ​ចាញ់​ការបោះឆ្នោត​របស់​គណបក្ស DPP គឺ​ដោយសារ​ការខកចិត្ត​ចំពោះ​ការបំពេញ​កិច្ចការ​របស់​រដ្ឋាភិបាល​លោកស្រី​សាយ ដែល​បានឈ្នះ​អាណត្តិ​ទូលំទូលាយ រួមទាំង​ការ​ច្បាម​យក​សំឡេង​ភាគច្រើន​នៅក្នុង​អង្គនីតិប្បញ្ញត្តិ​ពី​ពួក​ជាតិនិយម​ជា​លើកដំបូង​ចាប់តាំងពី​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​លេច​រូបរាង​ឡើង​កាលពី​បី​ទសវត្សរ៍​មុន​។​

​លោកស្រី​សាយ​និយាយ​នៅក្នុង​ពិធី​មួយ​នៅ​ការិយាល័យ​ប្រធានាធិបតី​ថា “​ប្រជាជន​រំពឹងថា​យើង​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​។ ប្រជាជន​រំពឹងថា​យើង​នឹង​ការពារ​លទ្ធិប្រជាធិបតេយ្យ​។ បញ្ហា​ប្រឈម​ទាំងនេះ​ត្រូវការ​នាយករដ្ឋមន្ត្រី​មាន​បទពិសោធ​ន៍ដូចជា​ស៊ូ សេង​ចាង​ដើម្បី​ជម្នះ​ឱ្យបាន​”​។​

​លោក​ស៊ូ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​សាយ​ដែល​ផ្តល់​ការជឿទុកចិត្ត​និង​ការគាំទ្រ ដោយ​បន្ថែមថា “​ឥឡូវនេះ​ខ្ញុំ​នឹង​ដឹកនាំ​ក្រុមការងារ ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​បំពេញ​តាម​ការរំពឹងទុក​រប​ស់​ប្រជាជន​និង​ឆ្លើយតប​ទៅនឹង​ផលប្រយោជន៍​របស់​ប្រជាជន​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី សាយ អ៊ីង​វិ​ន (​កណ្តាល​) ចាប់ដៃ​ជាមួយ​លោក​ស៊ូ សេង​ចា (​ស្តាំ​) និង លោ​កវី​លលៀម ឡាយ