មេដឹកនាំ​បក្សប្រឆាំង​របប​សឹក​ថៃ ប្រឈម​ការដកហូត​អាសនៈ​សភា​និង​ប្រធាន​បក្ស​

151
ចែករម្លែក

​មហាសេដ្ឋី​វ័យក្មេង​ថៃ ដែល​ដឹកនាំ​គណបក្ស​ប្រឆាំង​របប​សឹក និង​ទាក់ទាញ​សម្លេងឆ្នោត​រាប់លាន​ក្នុង​ការបោះឆ្នោត​សកល​ដែល​មាន​បញ្ហា​កាលពី​ខែ​មុន ប្រឈម​នឹង​បញ្ហា​ផ្លូវ​​ច្បាប់​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា ក្រោយ​ពី​អាជ្ញាធរ​ចោទប្រកាន់​លោក​ថា​នៅ​កាន់កាប់​ភាគហ៊ុន​ដោយ​ខុសច្បាប់​ក្នុងពេល​កាន់​តំណែង​ប្រធាន​បក្ស​។​

ប្រធាន​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​របស់​លោក ថា​ណា​ថន

​ការបោះឆ្នោត​កាលពី​ខែ​មុន​នៅតែ​មាន​ជម្លោះ ក្រោយ​ពី​គណបក្ស​នយោបាយ​មួយ​គាំទ្រ​ដោយ​របប​យោធា​អះអាង​ជ័យជម្នះ​ប្រជែង​នឹង​គណបក្ស​ប្រកាន់​ប្រជាធិបតេយ្យ​មួយ​​ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ាត​។​

​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​របស់​លោក ថា​ណា​ថន ក្នុងពេល​ជាមួយគ្នា​ឈរ​នៅ​លំដាប់​ទី​៣​ក្នុង​ការទទួល​បាន​សម្លេងគាំទ្រ​ពី​ប្រជាជន​ច្រើន​បំផុត ដោយ​ប្រមូល​បាន​សម្លេង​​គាំទ្រ​ទូទាំងប្រទេស​៦​លាន​នាក់​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៤​មីនា​។​

​តែ​ការវាយប្រហារ​តាម​ផ្លូវ​ច្បាប់​បាន​ធ្វើអោយ​ជ័យជម្នះ​របស់​លោក​មាន​បញ្ហា និង​អាច​ប៉ះពាល់​លទ្ធផល​ឆ្នោត​ចុងក្រោយ​ដែល​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ​។​គណៈកម្មាធិការ​រៀប​​ចំ​ការបោះឆ្នោត​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ការស៊ើបអង្កេត​ថ្មី​អំពី​ការកាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​អាច​​អោយ​លោក​ថា​ណា​ថន និង​សមាជិក​បក្ស​បាត់បង់​សិទ្ធិ​កាន់​តំណែង​នយោបាយ​។​

​លោក​ថា​ណា​ថន ដែល​កំពុង​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប បាន​និយាយ​តាម​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា ករណី​ថ្មី​នេះ​ជា​«​វិទ្ធង្សនា​នយោបាយ​។​កុំ​បារម្ភ​។​ចិត្ត​របស់​ខ្ញុំ​រឹងមាំ​និង​ខ្ញុំ​ជឿ​ថា​ខ្ញុំ​គ្មាន​​ទោសពៃរ៍​។​ខ្ញុំ​នឹង​ការពារ​វា​ដោយ​ចិត្ត​ស្មោះ​»​។​

​ក្នុងពេល​ជាមួយគ្នា អនុប្រធាន​របស់​លោក​ថា​ណា​ថន បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​V-Luck Media​ត្រូវបាន​ផ្ទេរ​ដោយ​ស្របច្បាប់​កាល​​ពី​ខែ​មករា​មុន​ថា​ណា​ថន​ឈរឈ្មោះ​បោះឆ្នោត​។​

​តែ​វា​នឹង​ត្រូវ​សំរេច​នៅក្នុង​តុលាការ​ធម្មនុញ្ញ ដែល​ពួក​អ្នកជំនាញ​និយាយថា ជា​អង្គការ​មាន​និន្នាការ​នយោបាយ​ខ្លាំង ដែល​កាលពី​ខែ​មុន​បាន​រំលាយ​គណបក្សប្រឆាំងរ​បប​​សឹក​មួយ​ចោល​បាត់ទៅហើយ​។​

​ថា​ណា​ថន​ប្រឈម​បណ្តឹង​និង​បញ្ហា​ផ្លូវ​ច្បាប់​ជាច្រើន​ចាប់តាំងពី​ក្លាយ​ជា​តារា​នយោបាយ​លេចធ្លោ​ម្នាក់​ក្រោយ​ការបោះឆ្នោត ដូចជា​បណ្តឹង​ពី​បទ​បះបោរ​ប្រឆាំង ជា​ករណី​តាំង​​ពី​ឆ្នាំ​២០១៥ និង​ការស៊ើបអង្កេត​ករណី​លោក​រិះគន់​របប​យោធា​តាម​ហ្វេ​សប៊ុក​កាលពី​ឆ្នាំមុន​។​

​ក្រោយ​ការបោះឆ្នោត គណបក្ស​អនាគត​ឆ្ពោះទៅមុខ បាន​ចូលរួម​ជាមួយ​ប្លុក​ប្រឆាំង​របប​សឹក ដែលមាន​៦​គណបក្ស​ដើម្បី​រក​សម្លេង​ភាគច្រើន​ក្នុង​សភា​និង​បង្កើត​រដ្ឋាភិបាល​​ចំរុះ​មួយ​៕​ដោយ​៖​វាសនា​