មេដឹកនាំ​បក្ស​លេចធ្លោ​ថ្មី​របស់​ថៃ ចូល​មក​ស្តាប់​បណ្តឹង​នៅ​ស្ថានីយ​ប៉ូលិស​

532
ចែករម្លែក
  • 100
    Shares

​មេដឹកនាំ​គណបក្ស​នយោបាយ​ថៃ​ថ្មី​មួយ​ដែល​មាន​ប្រជាប្រិយភាព កាលពី​ថ្ងៃ​សៅរ៍​ទី​៦​មេសា បាន​ចូលខ្លួន​ទៅ​ស្ថានីយ​ប៉ូលិស​ដើម្បី​ស្តាប់​បណ្តឹង​ព្រហ្មទណ្ឌ ជុំវិញ​ការចោទប្រកាន់​​បះបោរ​ប្រឆាំង​ដែល​ប្តឹង​ដោយ​មន្ត្រី​នៃ​របប​សឹក​ថៃ​។​

​លោក​ថា​ណា​ថន រឿង​រុងរឿង​គិត ត្រូវបាន​ស្វាគមន៍​ដោយ​ហ្វូងមនុស្ស​ប្រមាណ​៣០០-៤០០​នាក់​ដែល​ស្រែកថា​« រក្សា​ការប្រយុទ្ធ ថា​ណា​ថន​!» ខណៈ​សេដ្ឋី​វ័យក្មេង​រូបនេះ​បាន​ទៅ​​ដល់​ស្ថានីយ​ប៉ូលិស​Pathumwa​ក្នុង​ក្រុង​បាងកក​ដើម្បី​ស្តាប់​បណ្តឹង​អំពី​ការបះបោរ​ប្រឆាំង​រដ្ឋអំណាច​។​បណ្តឹង​នេះ​ប្តឹង​ដោយ​នាយទាហាន​ម្នាក់​ក្នុង​របប​សឹក​បច្ចុប្បន្ន និង​បើសិន​​ជា​ត្រូវ​រក​ឃើញ​ថា​មានទោស ជន​ត្រូវ​ចោទ​អាច​ជាប់គុក​៩​ឆ្នាំ​។​

​មុន​នេះ​ក្នុង​សប្តាហ៍​នេះ លោក​ថា​ណា​ថន​បាន​និយាយថា ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​រូប​លោក​មាន​ហេតុផល​នយោបាយ​និង​លោក​រំពឹងថា​នឹង​មាន​រឿង​ដូច្នេះ​។​

​ឧត្តមសេនីយ៍ដែល​ជា​នា​យក​រង​ប៉ូលិស​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការចោទប្រកាន់​ប្រឆាំង​លោក​ថា​ណា​ថន​ចេញពី​តួនាទី​របស់​លោក​នៅក្នុង​បាតុកម្ម​របស់​ក្រុមនិស្សិត​​កាលពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១៥​។

​ថៃ​បាន​និង​កំពុង​ដឹកនាំ​ដោយ​របប​សឹក​មួយ​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​មួយ​នៅ​ឆ្នាំ​២០១៤​។​មេដឹកនាំ​រដ្ឋប្រហា​របា​ន​ក្លាយជា​នាយក​រដ្ឋមន្ត្រី និង​ឥឡូវ​កំពុង​ស្វះស្វែង​រក​ការ​​បន្ត​នៅ​ក្នុង​តំណែង​ដោយ​ឈរឈ្មោះ​ជា​បេក្ខនាយ​ករដ្ឋមន្ត្រី​អោយ​គណបក្ស​គាំទ្រ​យោធា ផា​ឡាំង ប្រចា​រ៉ា​ត​។​

​គណបក្ស អនាគត​ឆ្ពោះ​ទៅ​មុខ​របស់​លោក​ថា​ណា​ថន ទោះជា​ទើប​ត្រូវបាន​បង្កើត​ថ្មី​តែ​ទាក់ទាញ​អ្នកគាំទ្រ​លំដាប់​ទី​៣ ជាពិសេស​ក្នុងចំណោម​យុវជន​។​បក្ស​នេះ​ប្រឆាំង​ការបន្ត​​អំណាច​របស់​ក្រុម​យោធា ដោយ​បាន​ចាប់ដៃ​ជាមួយ​គណបក្ស ភឿ​ថៃ ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ថាក់​ស៊ីន​និង​បក្ស​តូចៗ​៥​ទៀត​ដើម្បី​ប្រមូល​សម្លេង​ភាគច្រើន​នៅក្នុង​​សភា​សំរាប់​បង្កើត​រដ្ឋាភិបាល​។​

​ដោយ​សន្យា​ក្នុង​កម្មវិធី​នយោបាយ​ថា​នឹង​កាត់​បន្ថយ​ឥទ្ធិពល​និង​ការចំណាយ​របស់​យោធា​ថៃ គណបក្ស​កំពុង​រះ​ឡើង​នេះ​ឥឡូវ​ក្លាយ​ជា​មុខសញ្ញា​របស់​ក្រុម​យោធា​។​បណ្តឹង​ព្រហ្ម​​ទណ្ឌ​និង​ការតវ៉ា​ទៅ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ជា​ច្រើន​ត្រូវ​បាន​ប្តឹង​រួច​ហើយ​ប្រឆាំង​នឹង​លោក​ថា​ណា​ថន​និង​គណបក្ស​របស់​លោក​៕​ដោយ​៖​វាសនា​

មេដឹកនាំ​គណបក្ស អនាគត​ឆ្ពោះទៅមុខ លោក​ថា​ណា​ថន ទៅដល់​ស្ថានីយ​ប៉ូលិស​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ទី​៦​មេសា ក្រោម​ការស្វាគមន៍​ពី​អ្នកគាំទ្រ