មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​ប្តេជ្ញា​ឆ្លើយតប​ដោយ​ប្រុងប្រយ័ត្ន បន្ទាប់ពី​ត្រាំ​គំរាម​ដំឡើង​ពន្ធ​

530
ចែករម្លែក

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​ឧសភា​ថា​លោក​នឹង​ឆ្លើយតប​ជាមួយនឹង “​ការប្រុងប្រយ័ត្ន​ខ្ពស់​” ចំពោះ​ការគំរាមកំហែង​ដោយ​សម​ភាគី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ ដើម្បី​ដំឡើង​ពន្ធ​លើ​ទំនិញ​ម៉ិ​ក​ស៊ិ​ក ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​រួបរួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។​

​ទន្ទឹមនឹង​នេះដែរ​ពួក​អ្នកវិភាគ​ទីផ្សារ​បាន​ព្រមាន​ថា​បណ្តា​ក្រុមហ៊ុន​របស់​អាម៉េរិក​ដែល​ធ្វើ​ផលិតកម្ម​នៅ​ម៉ិ​ក​ស៊ិ​ក នឹង​ទទួលរង​នូវ​ការខាតបង់​ពី​ការដំឡើង​ពន្ធគយ ជាមួយ​អ្នកវិភាគ​ម្នាក់​និយាយថា ក្រុមហ៊ុន General Motors នឹង​ខាតបង់​រាប់រយ​លាន​ដុល្លារ​។​

​លោក​ត្រាំ​បាន​គំរាម​វាយ​ពន្ធ​ពិន័យ​៥​ភាគរយ​លើ​ការនាំ​ចូល​ទាំងអស់​របស់​ម៉ិ​ក​ស៊ិ​ក​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា បើ​ម៉ិ​ក​ស៊ិ​ក​មិន​បញ្ឈប់​លំហូរ​នៃ​អន្តោប្រវេសន៍​ខុសច្បាប់​ពី​អាមេរិក​កណ្តាល​ទៅ​សហរដ្ឋ​អាម៉េរិក​។​

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក អង់​ដ្រេ ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ (Andres Manuel Lopez Obrador) បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​លោក​ម៉ា​សេ​ឡូ អេ​ប្រា​ដ (Marcelo Ebrard) នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាម៉េរិក​ថា វិធានការ​របស់លោក​ត្រាំ​នឹងមិន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​ឡើយ​។​

​ទន្ទឹមនឹង​នេះដែរ​ម៉ិ​ក​ស៊ិ​ក​គ្រោង​នឹង​បន្ត​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​កាណាដា ថ្វីបើ​មានការ​គំរាម​ដំឡើង​ពន្ធ​ក៏ដោយ​។​

​លោក ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ បាន​និយាយថា ទាំង​ម៉ិ​ក​ស៊ិ​ក​និង​អាម៉េរិក​សុទ្ធតែ​ពេញ​ចិត្តនឹង​ការធ្វើ​ពាណិជ្ជកម្ម​សេរី ហើយ​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នឹងមិន​ផ្លាស់ប្តូរ​អ្វី​ទាំងអស់​។​

​លោក​បាន​និយាយថា​លោក​ជឿជាក់ថា​មេដឹកនាំ​អាម៉េរិក​នឹង​យល់ច្បាស់​ថា​ការ​គំរាម​ដំឡើង​ពន្ធ​មិនមែនជា​វិធី​ដោះស្រាយ​បញ្ហា​នោះទេ ហើយ​បាន​សង្កត់ធ្ងន់ថា ម៉ិ​ក​ស៊ិ​កបាន​រួបរួមគ្នា​នៅ​ពីក្រោយ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​។​

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កបាន​និយាយថា “​ខ្ញុំ​បាន​ប្រាប់​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ទាំងអស់​ឱ្យមាន​ជំនឿ យើង​នឹង​យកឈ្នះ​ឥរិយាបថ​របៀបៗ​នេះ​របស់​រដ្ឋាភិបាល​អាម៉េរិក ពួកគេ​នឹងធ្វើ​ការកែតម្រូវ​ពីព្រោះ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​មិន​សម​នឹង​ត្រូវគេ​ប្រព្រឹត្ត​ដាក់​តាមរបៀប​បែបនេះ​ទេ​”​។​

​នៅក្នុង​លិខិត​មួយ​ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់លោក​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ឡូ​ប៉េ​ស អូ​ប្រា​ដ័​របា​ន​ហៅ​គោលនយោបាយ “​អាម៉េរិក​ជា​អាទិភាព​” របស់លោក​ត្រាំ​ថា​ជា “​ជំនឿ​ខុស​មួយ​” ហើយ​បាន​ចោទប្រកាន់​ត្រាំ​ថា​បានប្រែក្លាយ​សហរដ្ឋអាមេរិក​ទៅជា “​តំបន់​រើសអើង​” ដែល​ធ្វើបាប​និង​ប្រព្រឹត្ត​ឆ្គាំឆ្គង​ទៅលើ​ជនអន្តោប្រវេសន៍​។​

​លោក​ឡូ​ប៉េ​ស អូ​ប្រា​ដ័​របា​ន​និយាយថា​គាត់​មិនទាន់​ទទួលបាន​ការឆ្លើយតប​វិញ​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

កម្មករ​កំពុង​ដំឡើង​ជញ្ជាំង​ព្រំដែន​អាម៉េរិក​-​ម៉ិ​ស៊ិ​ក នៅ​តំបន់​អែល​ប៉ា​សូ រដ្ឋ​តិច​សាស
#