មេដឹកនាំ​យោធា​ថៃ​បញ្ជា​ឱ្យ​បញ្ចប់​ការគ្រប់គ្រង​របស់​យោធា ប៉ុន្តែ​រក្សា​អំណាច​តឹងរ៉ឹង​

599
ចែករម្លែក

​ប្រមុខ​យោធា​ថៃ ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា ​បាន​បញ្ជា​ឱ្យ​បញ្ចប់​ការគ្រប់គ្រង​របស់​យោធា មុនពេល​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់លោក​ស្បថ​ចូលកាន់​តំណែង ប៉ុន្តែ​បាន​រក្សាទុក​មិន​ផ្លាស់ប្តូរ​នូវ​អំណាច​ដើម្បី​អនុញ្ញាតឱ្យ​កងកម្លាំង​សន្តិសុខ​អនុវត្ត​ន៍ការស៊ើបអង្កេត​និង​ចាប់ខ្លួន​។​

​ចាប់តាំងពី​លោក​ប្រា​យុទ្ធ​បាន​ឡើងកាន់​អំណាច​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ មក រដ្ឋាភិបាលយោធា​របស់​លោក​បានចេញ​បទបញ្ជា​ជាង ៥០០ នៅក្រោម​មាត្រាមួយ​ហៅថា មាត្រា ៤៤ ដែល​ត្រូវ​បានដាក់​ងារ​ថា “​ច្បាប់​ផ្តាច់ការ​” ដោយ​ក្រុម​អ្នក​រិះគន់ ដែល​អនុញ្ញាតឱ្យ​លោក​ប្រា​យុទ្ធ​មើលរំលង​លើ​ច្បាប់​របស់​ថៃ​។​

​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស​ដោយ​ព្រឹទ្ធសមាជិក​ដែល​តែងតាំង​ដោយ​យោធា​និង​សមាជិកសភា​ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៤ មីនា ដែល​គូប្រជែង​របស់គាត់​និយាយថា​ត្រូវបាន​ក្លែងបន្លំ​ប្រឆាំងនឹង​ពួកគេ​។​

​បទបញ្ជា​របស់លោក​ប្រា​យុទ្ធ​កាលពី​ថ្ងៃ​អង្គារ ​ដែល​លោក​និយាយថា​ នឹង​ជា​បញ្ជា​ចុងក្រោយ​របស់​របប​យោធា​នោះ បានបញ្ចប់​ការដាក់កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ផ្ទេរ​ករណី​ស៊ីវិល​ពី​យោធា​ទៅ​តុលាការស៊ីវិល​។​

​លោក​ប្រា​យុទ្ធ​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅឯ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក​ថា “​ខ្ញុំ​នឹងមិន​ប្រើ​មាត្រា ៤៤ ទៀត​ទេ​។ បទបញ្ជា​ទាំងនេះ​មិន​បង្កបញ្ហា​នោះទេ បញ្ជា​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​”​។​

​ប៉ុន្តែ​រដ្ឋាភិបាល​បាន​និយាយថា បទបញ្ជា​មួយចំនួន​ដែល​បាន​ដាក់ចេញ​នៅក្រោម​រដ្ឋាភិបាលយោធា នឹង​បន្ត​ដដែល ៖ ឧទាហរណ៍​ជាក់ស្តែង​គឺ​ការផ្តល់ឱ្យ​កងទ័ព​និង​ប៉ូលិស​នូវ​សេរីភាព​ក្នុងការ​ស្វែងរក ការកោះហៅ​និង​ការឃុំខ្លួន​មនុស្ស​រយៈពេល​៧​ថ្ងៃ ដរាបណា​វា​តាំង​នាម​ឱ្យ​សន្តិសុខ​ជាតិ​។​

​លោក យី​ង​ឈី​ប អាត​ចា​ណុន (Yingcheep Atchanont) អ្នកគ្រប់គ្រង​កម្មវិធី​ប្រចាំ​នៅ​អង្គការ​ឃ្លាំមើល​ច្បាប់​ថៃ​ឈ្មោះថា iLaw បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា “​ការដែល​យោធា​រក្សាទុក​អំណាច​ដើម្បី​ឃាត់ខ្លួន​ប្រជាពលរដ្ឋ គឺជា​រឿង​សំខាន់​។ នេះ​នឹង​រក្សា​បរិយាកាស​នៃ​ការភ័យខ្លាច​ដដែល​”​។​

​ឧបនាយករដ្ឋមន្ត្រី​លោ​កវី​ស្នុ គ្រី​ង៉ា​ម បាន​និយាយថា បទបញ្ជា​ខ្លះ​របស់​យោធា​នឹង​នៅតែ​បន្ត ពីព្រោះ​ពួកវា​មាន​ភាពចាំបាច់ ប៉ុន្តែ​សភា​អាច​នឹង​ផ្លាស់ប្តូរ​បទបញ្ជា​ទាំងនោះ​។​

​រដ្ឋាភិបាលចម្រុះ ដែល​គាំទ្រ​លោក​ប្រា​យុទ្ធ ដែលមាន​គណបក្ស​ចំនួន ១៩ គឺមាន​សំឡេង​ភាគតិច​នៅក្នុង​សភា​ជាន់​ទាប​ថៃ​។​

​រដ្ឋាភិបាលយោធា​បាន​បន្ធូរបន្ថយ​បន្តិច​ម្តងៗ​នូវ​ការដាក់កំហិត​នយោបាយ​ចាប់តាំងពី​ឆ្នាំមុន​។ លោក​ប្រា​យុទ្ធ​បាន​និយាយថា រដ្ឋាភិបាល​ថ្មី​របស់លោក​នឹង​ស្ថិត​នៅនឹងកន្លែង​នៅត្រឹម​ពាក់កណ្តាល​ខែកក្កដា​នេះ​៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រមុខ​យោធា​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា