មេដឹកនាំ​រដ្ឋ​ចូ​ហ័​រ ដឹក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទៅកាន់​អាកាសយានដ្ឋាន​ក្នុង​រថយន្ត​Proton​បុរាណ​

243

​វា​ជាការ​ជិះ​រថយន្ត​ដែល​មិនអាច​ភ្លេច​បាន នៅពេល​មេដឹកនាំ​រដ្ឋ​ចូ​ហ័​រ ព្រះ​ចៅ​ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម អ៊ុ​ប​នី អាល់​ម៉ា​ហ៊ុន ស៊ុ​លត​ង់ អ៊ី​ស្កា​ន​ដា បាន​ដឹក​នាយករដ្ឋមន្ត្រី​​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ដោយ​ព្រះអង្គ​ផ្ទាល់​ក្នុង​រថយន្ត​Proton Saga​ទៅកាន់​អាកាសយានដ្ឋាន​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១០​មករា​។​

​រថយន្ត​នេះ​ត្រូវបាន​រដ្ឋ​ថ្វាយ​ព្រះបិតា​របស់​ទ្រង់​កាលពី​៣៤​ឆ្នាំមុន ពេល​ក្រុមហ៊ុន​រថយន្ត​ជាតិ​ម៉ាឡេស៊ី​ផលិត​ចេញ​វា​ជា​លើកដំបូង​។​រថយន្ត​ពណ៌​ផ្ទៃមេឃ ត្រូវបាន​លោក​​បណ្ឌិត​មហា​ធៀ​ថ្វាយ ស៊ុ​លត​ង់ អ៊ី​ស្កា​ន់​ដា បិតា​របស់​ស៊ុ​ល​តង់​បច្ចុប្បន្ន កាលពី​ព្រះអង្គ​ធ្វើជា​មហាក្សត្រ​ដូរ​វេន​កាលពី​ឆ្នាំ​១៩៨៥​។​

​ការជូន​ដំណើរ​នាយករដ្ឋមន្ត្រី​នេះ​កើតឡើង​ក្រោយ​លោក​មហា​ធៀ​បាន​ចូលគាល់​ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម ជា​លើកដំបូង ក្រោយពី​គណបក្ស​Pakatan Harapan របស់លោក​​ឈ្នះ​ការបោះឆ្នោតជាតិ​កាលពី​ឆ្នាំមុន​។​

​ប្រភពព័ត៌មាន​មួយ​បាន​និយាយថា ជំនួប​នេះ​បានកើត​ឡើង​តាម​សំណើ​របស់​ស៊ុ​ល​តង់​របស់​រដ្ឋ​ចូ​ហ័​រ​តែ​ភាគី​ទាំងពីរ​មិនបាន​ទម្លាយ​អោយដឹងថា​តើ​ពួកគេ​បាន​ពិភាក្សា​​គ្នា​អំពី​អ្វី​ដោយ​លោក​មហា​ធៀ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​វា​ជា​«​ការពិភាក្សា​ធម្មតា​»​មួយ​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​លោក​មហា​ធៀ និង​រាជវង្ស​រដ្ឋ​ចូ​ហ័​រ​មិនសូវ​ជា​ល្អ​ទេ ជាពិសេស​ចាប់តាំងពី​ខែសីហា​ឆ្នាំមុន ពេល​នាយករដ្ឋមន្ត្រី​បាន​និយាយថា ម៉ាឡេស៊ី​​មិន​អនុញ្ញាតអោយ​ជនបរទេស​ទិញ​លំនៅស្ថាន​នៅក្នុង​គំរោង​តំលៃ​១០០​ពាន់​លាន​ដុល្លារ​នៅក្នុង​រដ្ឋ​ចូ​ហ័​រ ដែលជា​គំរោង​រវាង​ក្រុមហ៊ុន​ចិន​និង​ស៊ុ​ល​តង់​រដ្ឋ​ចូ​ហ័​រ​។​

​ជំនួប​រវាង​អ្នក​ទាំងពីរ​ក៏បាន​កើតឡើង​ក្រោយ​ស្តេច​ម៉ាឡេស៊ី បានដាក់​រាជ្យ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជាហេតុ​នាំអោយ​មានការ​ខិតខំ​តែងតាំង​ស្តេច​ថ្មី​តាម​រូបមន្ត​ដូរ​​វេន​គ្នា​ក្នុងចំណោម​ស៊ុ​ល​តង់​ប្រចាំ​រដ្ឋ​ម៉ាឡេស៊ី​ទាំង​៩៕​ដោយ​៖​វាសនា​