មេដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ហែ​ក្បួន​ជាមួយ​យោធា​ចំពេល​កំពុងមាន​វិបត្តិ​នយោបាយ​

567
ចែករម្លែក

​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បានមក​ពិនិត្យមើល​ការបង្ហាញ​គ្រឿង​ឧបករណ៍​យោធា​ផលិត​នៅ​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​មករា ជាមួយ​អាវុធ​ប្រឆាំង​យន្តហោះ​និង​រថក្រោះ​បាន​បើក​ហែ​ក្បួន​នៅ​ជុំវិញ​ចង្កេះភ្នំ​មួយ​ដើម្បី​បង្ហាញ​កម្លាំងយោធា​និង​ភាពស្មោះត្រង់​។​

​លោក​ម៉ា​ឌូ​រ៉ូ​អាយុ ៥៦ ឆ្នាំ​កំពុង​ប្រឈម​នឹង​ការដណ្តើម​អំណាច​មិន​ធ្លាប់មាន​ពីមុនមក បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​លោក ហ្វ័​ន ក្វា​យ​ដូ បានប្រកាស​ខ្លួនឯង​ថា​ជា “​ប្រធានាធិបតី​បណ្តោះអាសន្ន​”​។​

​លោក​ក្វា​យ​ដូ​មានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​អាមេរិក​ឡាទីន​មួយចំនួន​ដូចជា​អា​ហ្ស​ង់​ទីន​និង​ស៊ី​លី​។​

​កាលពី​ថ្ងៃអាទិត្យ អ៊ីស្រាអែល​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ដែល​គាំទ្រ​មេដឹកនាំ​បក្សប្រឆាំង​វ័យ ៣៥ ឆ្នាំ​រូបនេះ ហើយ​រដ្ឋបាល​អាមេរិក​បាន​និយាយថា ខ្លួន​បានទទួល​ស្គាល់​ជន​ប្រឆាំង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​កា​ឡូ​ស អាល់​ហ្វ្រេ​ដូ វេច​ស៊ីអូ (Carlos Alfredo Vecchio) ជា​អ្នកតំណាង​ទូត​របស់​ប្រទេស​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ CNN Turk លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា លោក​ក្វា​យ​ដូ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដោយ​ប្រកាស​ខ្លួនឯង​ជា​មេដឹកនាំ​។​

​លោក​ក៏បាន​ច្រានចោល​នូវ​ឱសានវាទ​កំណត់ដោយ​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន​សម្រាប់​ការបោះឆ្នោត​ថ្មី​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ ដោយ​ហៅ​ប្រទេស​ទាំងនោះ​ថា “​ព្រហើន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ឌូ​រ៉ូ​កំពុង​ហែ​ក្បួន​ជា​មួ​យោធា​ចំពេល​កំពុងមាន​វិបត្តិ​នយោបាយ