មេដឹកនាំ​ហុងកុង​ចេញ​មក​ធ្វើការ​សុំទោស​ចំពោះ​ការជំរុញ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​

490
ចែករម្លែក

​លោកស្រី ការី ឡាំ (Carrie Lam) មេដឹកនាំ​ហុងកុង នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែមិថុនា បាន​សុំទោស​ចំពោះ​ការដោះស្រាយ​ជុំវិញ​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​របស់​រដ្ឋ​​ការ​របស់​លោកស្រី ប៉ុន្តែ លោកស្រី​មិន​បាន​ដក​ច្បាប់​នេះ​ចេញ​ទេ​។​

​មាន​ការតវ៉ា​ដ៏​ធំ​នៅ​ក្រុង​ហុងកុង​ប្រឆាំង​នឹង​ច្បាប់​នេះ ដែល​នឹង​អនុញ្ញាតឱ្យ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ដែល​ត្រូវបាន​ចោទប្រកាន់​ណា​ម្នាក់ ទៅ​កាត់ទោស​នៅ​ចិនដីគោក​។​​ក្រុមបាតុករ​បាន​អំពាវនាវ​ឱ្យ លោកស្រី ការី ឡាំ លាលែង​ពី​តំណែង​និង​ដក​ចេញ​ច្បាប់​នេះ​ជា​អចិន្ត្រៃយ៍​។​

​ច្បាប់​នេះ​ត្រូវបាន​ផ្អាក ប៉ុន្តែ​ទោះបីជា លោកស្រី ការី ឡាំ បាន​សារភាព​ថា លោក​ស្រី​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ច្រើន​ថែម​ទៀត​ក៏​ដោយ​ក៏​សេចក្តី​ថ្លែង​បញ្ចាក់​របស់​លោកស្រី មិនបាន​​ដោះស្រាយបាន​ទៅ​តាម​ការទាមទារ​របស់​ក្រុមបាតុក​រឡើយ​។​

​លោកស្រី បាន​និយាយថា “​ខ្ញុំ​ត្រូវ​ប្រកាន់យក​ការទទួលខុសត្រូវ​ច្រើនឡើង​។​វា​បាន​នាំឱ្យ​មាន​ការខ្វែងគំនិត​គ្នា ជម្លោះ​និង កង្វល់​នៅក្នុង​សង្គម​។​សម្រាប់​បញ្ហា​នេះ ខ្ញុំ​សូម​​សុំទោស ដោយ​ក្តី​ស្មោះត្រង់​បំផុត​ចំពោះ ប្រជាជន​ហុងកុង​ទាំងអស់ ” ៕

​នៅ​ថ្ងៃ​អង្គារ​នេះដែរ បណ្តា​ការិយាល័យ​កណ្តាល​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​បិទ​តាំងពី​ចុង​សប្តាហ៍​មុន​ដោយសារតែ​មាន​បា​តុ​​កម្ម កុបកម្ម​ធំៗ ដែល​ទីក្រុង​នេះ​មិន​ដែល​ធ្លាប់​ជួបប្រទះ ។​

​លោកស្រី​ឡាំ បាន​ស្ថិតក្រោម​សម្ពាធ​អោយ​លាឈប់​ពី​តំណែង​បន្ទាប់ពី​មនុស្ស​ខ្ទង់លាន​នាក់​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នៃ​ក្រុង​ហុងកុង​កាលពី​ថ្ងៃអាទិត្យ ប្រឆាំង​នឹង​ពង្រាងច្បាប់​​បត្យាប័ន ជាហេតុ​បង្ខំ​អោយ​លោកស្រី​ចេញ​សេចក្តីថ្លែងការណ៍​សុំ​ទោស​ជា​មុន​មួយ​។​

​ចិន​កាលពី​ថ្ងៃ​ចន្ទ បានបង្ហាញ​ជំហ​រថា​ខ្លួន​នៅតែ​បន្ត​«​គាំទ្រ​»​លោកស្រី​ឡាំ​និង​រដ្ឋាភិបាល​របស់​លោក​ស្រី​យ៉ាងរឹងមាំ និង​បាន​អំពាវនាវ​អោយ​ប្រទេស​ដទៃ​ឈប់​លូកដៃ​ចូល​កិច្ច​​ការ​ផ្ទៃក្នុង​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

លោកស្រី ការី ឡាំ នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែមិថុនា បាន​សុំទោស​ចំពោះ​ការដោះស្រាយ​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់​របស់​លោក​ស្រី

#