មេដឹកនាំ​ហុងកុង​ថ្កោលទោស​ការ​ចូល​អុកឡុក​ក្នុង​សភា​

910
ចែករម្លែក

​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​អង្គារ​ទី​០២​កក្កដា ​បាន​ថ្កោលទោស​ពួក​អ្នក​តវ៉ា​ប្រឆាំង ដែល​បាន​ចូល​អុកឡុក​វាយបំផ្លាញ​ក្នុង​សភា​របស់​ទីក្រុង​ក្នុង​ការបង្ហាញ​ការប្រឆាំង​​កាន់តែ​ខ្លាំង​ឡើង​នឹង​រដ្ឋាភិបាល​ដែល​តែងតាំងឡើង​ដោយ​ចិន​ដីគោក ជាហេតុ​នាំ​ឲ្យ​ប៉ូលិស​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បណ្តេញ​បាតុករ​។​

​ថ្លែង​នៅ​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃ​អង្គារ​ទី​០២​កក្កដា លោកស្រី​ការី ឡាំ បាន​រិះគន់​«​ការប្រើ​អំពើហិង្សា​ខ្លាំង​ហួសហេតុ​និង​ការ​វាយបំផ្លាញ​ពី​សំណាក់​ពួក​អ្នក​តវ៉ា​ប្រឆាំង​ដែល​បាន​សម្រុកចូល​​ក្នុង​អគារ​សភា​កាលពី​យប់​ថ្ងៃ​ចន្ទ​។​នេះ​ជា​អ្វីមួយ​ដែល​យើង​សូម​ថ្កោលទោស ​​ពីព្រោះ​វា​គ្មានអ្វី​សំខាន់​ជាង​នីតិរដ្ឋ​នៅ​ហុងកុង​ទេ​»​។​

​បាតុក​ករ​បាន​សម្រុកចូល​អគារ​ក្រុមប្រឹក្សា​ច្បាប់​(​សភា​)​ហុងកុង​ក្រោយពី​ប៉ូលិស​បាន​ដកថយ​នៅមុន​ម៉ោង​៩​យប់​ថ្ងៃ​០១​កក្កដា​។​បាតុក​ករ​ដែល​ភាគច្រើន​ពាក់មួក​រឹង ម៉ា​សមុខ​​និង​អាវ​ពណ៌​ខ្មៅ បាន​ទាញ​ទម្លាក់​រូបថត បាញ់ថ្នាំ​បង្កើតជា​ពាក្យស្លោក​និង​ត្រដាង​ទង់ជាតិ​សម័យ​អាណានិគម​អង់គ្លេស​នៅ​តុ​ប្រធានសភា​។​

​ទោះជា​យ៉ាងណា​ ក្រោយ​ពាក់​កណ្តាលយប់ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បណ្តេញ​បាតុករ​ដែល​បាន​បោះជំរំ​នៅ​ក្រៅ​សភា ជាមួយ​អ្នកកាសែត​មួយចំនួន​ផង​។​តែ​ក្នុង​​រយៈពេល​១​ម៉ោង ប៉ូលិស​បាន​យក​ចេញ​របាំង​ផ្លូវ​និង​ចូល​កាន់កាប់​អគារ​សភា​វិញ បន្ទាប់​ពី​អ្នក​តវ៉ា​ប្រឆាំង​ចាកចេញ​។​

​សូម​រំលឹក​ថា រដ្ឋាភិបាល​របស់​លោក​ស្រី​ឡាំ បាន​បង្ក​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ទឹកដី​ហុងកុង​នេះ​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​ដោយសារតែ​លោក​ស្រី​សម្រេច​ជំរុញ​ឲ្យសភា​ពិភាក្សា​អនុម័ត​ច្បាប់​បត្យាប័ន​ដែល​អនុញ្ញាត​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក ជា​ចំណាត់ការ​មួយ​​ដែល​បង្ក​ការប្រកាសអាសន្ន​ក្នុងចំណោម​ក្រុមហ៊ុន​ហុងកុង​និង​ក្រុមហ៊ុន​ពហុ​ជាតិ​។​

​ក្នុង​សន្និសីទកាសែត​មុន​ព្រឹក​ព្រលឹម​នេះ លោកស្រី​ឡាំ បាន​បដិសេធ​ការនិយាយ​ដែល​ថា​រដ្ឋាភិបាល​របស់​លោកស្រី​មិន​បាន​ឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រជាជន ដោយ​លោកស្រី​​បាន​ចង្អុល​ទៅរក​ការប្រកាស​ផ្អាក​ការពិភាក្សា​អនុម័ត​ពង្រាង​ច្បាប់​បត្យាប័ន​កាលពី​ពាក់កណ្តាល​ខែ​មុន​។​

​តែ​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​ប្តេជ្ញា​ប្រយុទ្ធ​ទាល់តែ​លោកស្រី​ប្រកាស​លុបចោល​ច្បាប់​នេះ​ជា​រៀងរហូត​និង​លោកស្រី​លាឈប់​៕ដោយ៖វាសនា/Ha

​បាតុករ​បាន​សម្រុកចូល​អគារ​សភា បន្ទាប់ពី​ប៉ូលិស​ដកថយ​នៅ​ម៉ោង​៩​យប់ តែ​ប៉ូលិស​បាន​បណ្តេញ​បាតុក​ករ​ចេញ​វិញ​អស់​បន្ទាប់ពី​ពាក់​កណ្តាលយប់​