មេដឹកនាំ​ហុងកុង​ធ្វើដំណើរ​ឆ្ពោះទៅ​ប៉េកាំង​ខណៈ​សម្ពាធក្នុងក្រុង​កំពុង​កើនឡើង​

223
ចែករម្លែក

មេដឹកនាំ​ហុងកុង​លោកស្រី ខា​រី ឡាំ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​រដ្ឋធានី​របស់​ចិន​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​លោកស្រី​បាន​បរាជ័យ​ក្នុងការ​បោះឆ្នោត​ក្នុងស្រុក​កាលពី​ខែ​មុន ដោយ​ជំរុញឱ្យមាន​ការរំពឹង​ទុក​អំពី​ការផ្លាស់ប្តូរ​ក្រុម​ដឹកនាំ​របស់លោក​ស្រី​។​

​លោកស្រី​ឡាំ​គ្រោង​នឹង​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​ហុងកុង​ជាមួយ​មន្ត្រី​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និយាយថា​លោកស្រី​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ​។​

​ទីក្រុង​ហុងកុង​ត្រូវបាន​ញាំញី​ដោយ​ការតវ៉ា​រាល់ថ្ងៃ​និង​ស្ទើរ​មាន​ហិង្សា​ជា​ញឹកញាប់​អស់​រយៈពេល ៦ ខែ​មកហើយ ខណៈ​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​ដែល​ឥឡូវ​បាន​លុបចោល​ទៅហើយនោះ បាន​រាលដាល​រហូតដល់​ការទាមទារ​សេរីភាព​ប្រជាធិបតេយ្យ​កាន់តែ​ច្រើនឡើង​។​

​មនុស្ស​រាប់សែន​នាក់​បាន​ដើរ​ក្បួន​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អ្វីដែល​គេ​មើលឃើញថា​ប៉េកាំង​កំពុងតែ​បំផ្លាញ​សេរីភាព​ដែល​ត្រូវបាន​ធានា​ការពារ នៅពេល​អតីត​អាណានិគម​អង់គ្លេស​ប្រគល់​ហុងកុង​ឱ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ។​

​ក្រុមអ្នកតវ៉ា​វ័យក្មេង​ជាច្រើន​ក៏​ខឹង​នឹង​រដ្ឋាភិបាល​របស់លោក​ស្រី​ឡាំ​ផងដែរ ដោយ​ចោទប្រកាន់ថា​មិនបាន​ដោះស្រាយ​បញ្ហា​វិសមភាព​សង្គម​នៅក្នុង​ទីក្រុង​ដ៏​ថ្លៃ​បំផុត​មួយ​នៅលើ​ពិភពលោក​។​

​លោកស្រី​ឡាំ​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​មិនមែនជា “​កិច្ចការ​បន្ទាន់​” ទេ ហើយ​លោកស្រី​នឹង​ផ្តោតលើ​កិច្ចខិតខំ​របស់លោក​ស្រី​លើ​ការស្តារ​ច្បាប់​និង​សណ្តាប់ធ្នាប់​នៅ​ហុងកុង​ឡើងវិញ​។

​ទោះយ៉ាងណា គេ​នៅតែមាន​មន្ទិល​ថា​តើ​ប៉េកាំង​នៅមាន​ឆន្ទៈ​គាំទ្រ​លោកស្រី​តទៅទៀត​ឬ​យ៉ាងណា​។ ជាពិសេស​បន្ទាប់ពី​បេក្ខជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឈ្នះ​អាសនៈ​ជិត​៩០​ភាគរយ​ក្នុងការ​បោះឆ្នោត​សង្កាត់​កាលពី​ខែ​មុន​៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំ​ហុងកុង​លោកស្រី ខា​រី ឡាំ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ​នេះ