មេដឹកនាំ​ហុងកុង​បន្ត​អំពាវនាវ​ធ្វើការ​ចរចា​ជាមួយ​បាតុករ តែ​ព្រមាន​កុំអោយ​អាម៉េរិក​លូកដៃ​

456
ចែករម្លែក

​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡា​ម បាន​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​ទៅ​កាន់​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អោយ​បញ្ឈប់​អំពើហិង្សា​និង​ចូល​មក​ចរចា​គ្នា ខណៈ​បុរស​មាន​បំ​​ផុត​នៅ​ហុងកុង លោក លី កាស៊ី​ង សុំអោយ​រដ្ឋាភិបាល​ផ្តល់​ច្រក​ចេញ​មួយ​សំរាប់​បាតុករ​ក្មេងៗ​ភាគច្រើន​ទាំងនេះ​។​

​រដ្ឋាភិបាល​ហុងកុង​កាលពី​សប្តាហ៍​មុន​បាន​សន្យា​លុបចោល​ច្បាប់​បត្យាប័ន​ដែល​បាន​បង្ក​ការតវ៉ា​ប្រឆាំង​ជាង​៣​ខែ​មកនេះ តែ​មិន​អាច​បញ្ចប់​ការតវ៉ា​ទាមទារ​របស់​បាតុករ​ដែល​​ឥឡូវ​ទាមទារ​អោយមាន​កំណែ​ទំរង់​ប្រជាធិបតេយ្យ​និង​ការទទួលខុសត្រូវ​របស់​ប៉ូលិស​។​

​ឡា​ម បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​ថា កំណើន​អំពើហិង្សា​កាលពី​ចុង​សប្តាហ៍ ដែល​នាំ​ដល់​ការចាប់ខ្លួន​មនុស្ស​ជាង​១៥០​នាក់​ក្នុងអំឡុងពេល​មាន​ការប៉ះទង្គិច នឹង​កាន់​​តែ​ធ្វើ​អោយ​បែកបាក់ និង​អូសបន្លាយ​ពេល​ងាក​មក​រក​ផ្លូវ​រើប​រើ​ឡើងវិញ​។​

ការី ឡា​ម និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​១០​កញ្ញា ដោយ​អំពាវនាវ​ធ្វើការ​ចរចា​និង​សុំ​បញ្ចប់​អំពើហិង្សា​

​ក្នុង​សន្និសីទ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោកស្រី ឡា​ម ក៏​បាន​ព្រមាន​អាម៉េរិក​កុំអោយ​ជ្រៀតជ្រែក​ក្នុង​ការឆ្លើយតប​របស់​រដ្ឋាភិបាល​របស់​លោក​ស្រី​ចំពោះ​ចលនា​គាំទ្រ​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ​ហុងកុង ក្រោយ​ពី​ពួក​បាតុករ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​អំពាវនាវ​អោយ​អាម៉េរិក​ជួយ​រំដោះ​ហុងកុង​និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​នៅ​១៤​សប្តាហ៍​មក​នេះ ពលរដ្ឋ​ហុងកុង​រាប់លាន​នាក់​បាន​ចេញមក​ធ្វើ​បាតុកម្ម​ប្រឆាំង​ឥទ្ធិពល​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាលកណ្តាល​ចិន ដែល​ជា​ការ​ប្រឈម​ធំ​បំផុត​មួយ​ចំពោះ​​ការគ្រប់គ្រង​របស់​ចិន​លើ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​ចាប់​តាំងពី​ពេល​វា​ត្រូវ​បាន​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​

​ពួក​បាតុករ​កាលពី​ថ្ងៃអាទិត្យ​បាន​ដើរ​ដង្ហែ​ទៅកាន់​ស្ថាន​កុងស៊ុល​អាម៉េរិក និង​សុំ​អោយ​សភា​អាម៉េរិក​អនុម័ត​ច្បាប់​ស្តីពី​ហុងកុង​មួយ ដើម្បី​គាំទ្រ​បុព្វហេតុ​របស់​ពួកគេ​។​ច្បាប់​នេះ​​បើសិនជា​ត្រូវអនុម័ត ហុងកុង​អាច​បាត់បង់​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​របស់​អាម៉េរិក និង​មន្ត្រី​ហុងកុង​ណា​ដែល​ជាប់​ឈ្មោះ​ជា​អ្នក​បង្ក្រាប​ចលនា​ប្រជាធិបតេយ្យ​នេះ​ក៏​អាច​ទទួល​​ទណ្ឌកម្ម​។​

​តែ​លោក​ស្រី​ឡា​ម បាន​និយាយថា ការកែប្រែ​ទំនាក់ទំនង​សេដ្ឋកិច្ច​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​«​គំរាម​ផលប្រយោជន៍​ទាំងសងខាង​។​វា​មិន​សមរម្យ​បំផុត​ដែល​​ប្រទេស​មួយ​ជ្រៀតជ្រែក​កិច្ចការ​របស់​ហុងកុង​»​។​

​កន្លងមក ប្រធានាធិបតី​អាម៉េរិក បាន​អំពាវនាវ​អោយ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នេះ និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កុំ​បង្កើន​ភាព​​តានតឹង​ជាមួយនឹង​ការបង្ក្រាប​ហិង្សា​ណាមួយ​។​លោក​ថា វា​អាស្រ័យ​លើ​ចិន​ក្នុង​ការដោះស្រាយ​ការតវ៉ា​ទាមទារ​នេះ​។​

​អាម៉េរិក​ក៏បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​ចិន​ដែលថា ខ្លួន​នៅ​ពីក្រោយ​បាតុកម្ម​ទាំងនេះ និង​ថា​ចិន​ផ្តល់​ភស្តុតាង​តិចតួច​សំរាប់​គាំទ្រ​ការចោទប្រកាន់​៕​ដោយ​៖​វាសនា​