មេដឹកនាំ​ហុងកុង​បើក​ចរចា ប៉ុន្តែ​នឹង​មិន​ទោ​ទន់​តាម​ការទាមទារ​

364
ចែករម្លែក

មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam បាន​ជួប​ជាមួយ​យុវជន​មួយ​ក្រុម​មក​ពី​ចលនា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​កើតឡើង​ប៉ុន្តែ​លោកស្រី​មិន​បាន​បង្ហាញ​​សញ្ញា​ណាមួយ​នៃ​ការផ្លាស់ប្តូរ​តាម​ការទាមទារ​របស់​ក្រុមអ្នកតវ៉ា​នោះទេ​។​

​លោកស្រី Carrie Lam បាន​និយាយថា លោកស្រី​បាន​ពន្យល់​អំពី​ជំហរ​របស់​រដ្ឋាភិបាល ចំពោះ​ការទាមទារ​៥​ចំណុច​របស់​ក្រុម​ចលនា​បាតុកម្ម​នេះ​នៅក្នុង​ជំនួប​បិទទ្វារ​​កាលពី​ថ្ងៃ​ចន្ទ ។​

​លោកស្រី​បាន​ប្រឆាំង​ការរិះគន់​ដែល​ថា​រដ្ឋាភិបាល​របស់​លោកស្រី​មិន​អើពើ​ចំពោះ​ការទាមទារ​របស់​ក្រុមបាតុករ ដែល​រួមមាន​ការបោះឆ្នោត​ប្រជាធិបតេយ្យ ការទម្លាក់​ការ​ចោទ​​ប្រកាន់​ប្រឆាំងនឹង​ក្រុម​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​ការស៊ើបអង្កេត​ឯករាជ្យ​អំពី​អ្វី​ដែល​ពួកគេ​ជឿ​ថា​ជា​ការប្រើប្រាស់​កម្លាំង​ជ្រុល​ហួស​របស់​ប៉ូលិស​ដើម្បី​បង្ក្រាប​បាតុកម្ម​។​

​លោកស្រី​បាន​និយាយថា​” វា​មិនមែន​ជា​បញ្ហា​នៃ​ការ​មិន​ឆ្លើយតប​ទេ ។ វា​ជា​បញ្ហា​នៃ​ការ​មិន​ទទួលយក​ការទាមទារ​ទាំងនោះ​” ។​

​ក្រុង​ហុងកុង​ជា​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​របស់​ចិន​ដែល​គេ​ឃើញ​មាន​ការតវ៉ា​ដែល​ដឹកនាំ​ដោយ​យុវជន អស់​ពេល​ជាង​២​ខែ​មក​ហើយ ដោយ​ជារឿយៗ​នោះ​មាន​ការប៉ះទង្គិច​គ្នា​ជា​​មួយ​ប៉ូលិស​។​

​មនុស្ស​ជាង​៨០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ​បន្ទាប់ពី​ក្រុម បាតុករ​បាន​កាន់កាប់​ផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង​នេះ​។​ពួកគេ​បានដាក់រ​បាំង​បិទផ្លូវ​ឆ្លងកាត់​ហើយ​បាន​​គប់​ដុំ​ថ្ម​និង​គ្រាប់បែក​ដប​សាំង​ដើម្បី​រារាំង​ប៉ូលិស​ដែល​រុល​ចូលមក​។​

​កាលពី​សប្តាហ៍​មុន​លោកស្រី Carrie Lam​បាន​ប្រកាស​ថា​លោកស្រី​កំពុង​បង្កើត​វេទិកា មួយ​សម្រាប់​ជំនួប​ចរចា​ហើយ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៧​ខែ​សីហា​នេះ​ថា​វា​នឹង​រួម​​បញ្ចូល​ក្រុមអ្នកតវ៉ា​ផងដែរ​។​ប៉ុន្តែ ក្រុម​អ្នកនយោបាយ​ប្រឆាំង បាន​ចោទ​ជា​សំនួរ​អំពី​ភាពស្មោះត្រង់​នៃ​គំនិត​ផ្តួចផ្តើម​របស់​លោក​ស្រី​ដោយ​ហៅ​វា​ថា​ជា​យុទ្ធសាស្ត្រ​ពន្យារពេល តែ​​ប៉ុណ្ណោះ ៕​ប្រែសម្រួល៖សុខា/sn

មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam​និយាយថាបាតុកម្មនៅហុងកុងកាន់តែហិង្សា