មេដឹកនាំ​ហុងកុង​ផ្តល់​អាទិភាព​លើ​ការផ្តល់​ផ្ទះសម្បែង​និង​ការរស់នៅ​ដើម្បី​សម្រន់​កំហឹង​អ្នក​តវ៉ា​

290
ចែករម្លែក

​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡា​ម បាន​សន្យា​ផ្តល់​អាទិភាព​លើ​ការផ្តល់​ទី​លំនៅ​និង​ការរស់នៅ​របស់​ប្រជាជន ដើម្បី​សម្រន់​ការមិនសប្បាយចិត្ត​ជាខ្លាំង​អំពី​វិធី​គ្រប់គ្រង​នៅ​ម​ជ្ឈ​​មណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​នៅ​ពេល​ពួក​ប្រឆាំង​តវ៉ា​ត្រៀម​ធ្វើបាតុកម្ម​ថ្មី​។​

​លោកស្រី ឡា​ម បាន​និយាយ​ក្នុង​សារ​បង្ហោះ​តាម​ហ្វេ​សប៊ុក​ថា រដ្ឋាភិបាល​របស់​លោក​ស្រី​នឹង​បង្កើន​ការផ្គត់ផ្គង់​ផ្ទះសម្បែង ជាមួយ​នឹង​គោលនយោបាយ​ច្រើនឡើង​។​

​ការតវ៉ា​ប្រឆាំង​ជាង​៣​ខែ​មក​នេះ​បង្កឡើង​ដោយ​ពង្រាង​ច្បាប់​បត្យាប័ន​ដែល​នឹង​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅក្នុង​តុលាការ​ចិនដីគោក តែ​អ្នក​​ប្រឆាំង​តវ៉ា​ក្មេង​ជា​ច្រើន​ក៏​មាន​កំហឹង​នឹង​ថ្លៃ​រស់នៅ​កប់​ពពក និង​ការខ្វះ​ការងារ​នាពេល​អនាគត​។​

​ហុងកុង​ជាប់​ជា​កន្លែង​ដែល​ដីធ្លី​ផ្ទះសម្បែង​ថ្លៃ​ខ្ពស់បំផុត​នៅក្នុង​លោក ដោយ​មនុស្ស​វ័យក្មេងៗ​និយាយ​ថា​គោល​នយោបាយ​ផ្ទះសម្បែង​នៃ​ទីក្រុង​នេះ​មិន​ត្រឹមត្រូវ ផ្តល់​ផលប្រយោ​​ជន៍​តែ​ពួក​អ្នក​មាន ដោយ​បង្ខំ​អោយ​ពួកគេ​រស់នៅ​ជាមួយ​ឳ​ពុក​ម្តាយ​ឬ ក្នុង​ផ្ទះជួល​ដូច​ប្រអប់​ក្នុង​តំលៃ​ហួសប្រមាណ​។​

​ក្នុងពេល​ជាមួយគ្នា ចិន​អំពាវនាវ​អោយ​ក្រុមហ៊ុន​រដ្ឋ​ធំៗ​ប្រកាន់យក​តួនាទី​សកម្ម​ឡើង​នៅ​ហុងកុង រួម​មាន​ការបង្កើន​ការវិនិយោគ​និង​ចូល​គ្រប់គ្រង​ក្រុមហ៊ុន​អោយ​កាន់តែច្រើន​​ឡើង​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ ។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កញ្ញា ពួក​បាតុករ​គ្រោង​នឹង​សែង​ចង្កៀងគោម​និង​បង្កើត​ច្រវាក់​មនុស្ស​នៅ​ទី​តាំងពីរ ហើយ​នៅ​ចុង​សប្តាហ៍​ពួកគេ​នឹង​អង្គុយ​តាម​ផ្សារ​និង​អាកាសយានដ្ឋាន ហើយ​ជួបជុំ​នៅក្រៅ​ស្ថាន​កុងស៊ុល​អង់គ្លេស​ដើម្បី​ទាមទារ​អោយ​ចិន​គោរព​សេចក្តីប្រកាស​ចិន​-​អង់គ្លេស​ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៨៤​។​

​ទោះជា​យ៉ាងណា ចិន​អះអាងថា កុង​កុង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន តែ​អង់គ្លេស​និយាយថា​ខ្លួន​មាន​ការទទួលខុសត្រូវ​ស្របច្បាប់​មួយ​ដើម្បី​ធានា​អោយ​ចិន​គោរព​ការ​ត​ព្វ​កិច្ច​​របស់​ខ្លួន​នៅ​ក្រោម​សេចក្តីប្រកាស​រួម​។​

​សូមបញ្ជាក់​ថា ហុងកុង​ត្រូវបាន​ប្រគល់អោយ​ចិន​គ្រប់គ្រង​វិញ​ក្រោម​រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ដែល​ធានា​សេរីភាព​ដែល​មិន​មាន​នៅ​ចិនដីគោក រួម​ទាំង​ប្រព័ន្ធ​ច្បាប់​ឯក​​រាជ្យ​ផងដែរ​៕​ដោយ​៖​វាសនា​