មេដឹកនាំ​ហុងកុង​មិន​ព្រម​ធ្វើ​សម្បទាន​និង​ថា បាតុកម្ម​បច្ចុប្បន្ន​គំរាម​សេដ្ឋកិច្ច​ជាង​ជម្ងឺសារ​

396
ចែករម្លែក

​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ កាលពី​ថ្ងៃ​សុក្រ​ទី​០៩ សីហា បាន​ច្រានចោល​ការធ្វើសម្បទាន​ដើម្បី​«​រម្ងាប់​កំហឹង​របស់​ពួក​អ្នក​តវ៉ា​ប្រឆាំង​ហិង្សា​» នៅពេល​សកម្មជន​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ធ្វើ​ការតវ៉ា​ជាង​២​ខែ​មក​ហើយ កំពុង​ជួបជុំគ្នា​ជា​ថ្មី​នៅ​អាកាសយានដ្ឋាន​របស់​ទីក្រុង​។​

​លោកស្រី​បាន​ព្រមាន​ថា បាតុកម្ម​ដែល​ឥឡូវ​ឈានចូល​ខែ​ទី​៣ កំពុង​បង្ក​ភាពវឹកវរ​សេដ្ឋកិច្ច​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ និង​ថា​ផលប៉ះពាល់​របស់​វា​អាក្រក់​ជាង​​ការផ្ទុះ​ជម្ងឺសារ​(SARS)​កាលពី​ឆ្នាំ​២០០៣ ឬ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ទៅទៀត​។​

​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​សុក្រ លោកស្រី​បាន​និយាយថា​«​ធៀប​នឹង​បញ្ហា​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជម្ងឺ​សារ និង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ ស្ថានភាព​នៅពេល​នេះ​ធ្ងន់​​ធ្ង​រជាង​។​និយាយ​មួយ​បែប​ទៀត​គឺ​ថា ការ​រើប​រើ​សេដ្ឋកិច្ច​ឡើងវិញ​នឹង​ត្រូវ​ចំណាយ​ពេល​យូរណាស់​»​។​

​វិស័យ​ឯកជន​និង​ទេសចរណ៍​និយាយ​ដោយឡែក​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន ដោយ​បណ្តា​ទីភ្នាក់ងារ​ធ្វើដំណើរ​បាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​ភ្ញៀវ​៥០​ភាគរយ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​នឹង​ច្បាប់​បត្យាប័ន​ហុងកុង ជួបជុំគ្នា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​កាលពី​ថ្ងៃ​១០​សីហា​។​ពួកគេ​មិន​បាន​បង្ហាញ​សញ្ញា​ដកថយ​ឬ​ស្តាប់​ការ​អំពា​វ​​នាវ​របស់​អាជ្ញាធរ​ទេ

​សូមបញ្ជាក់​ថា ពួក​អ្នក​តវ៉ា​ប្រឆាំង​ដំបូង​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក តែ​ឥឡូវ​វា​បាន​ក្លាយជា​​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ទាមទារ​អោយ​មេដឹកនាំ​ហុងកុង​លាឈប់​ពី​តំណែង និង​ធ្វើ​កំណែ​ទំរង់​ប្រជាធិបតេយ្យ​។​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​ពួកគេ​បាន​ជួបជុំ​​តវ៉ា​ស្ទើរ​រាល់ថ្ងៃ​និង​កាន់តែ​ប្រឈមមុខ​យ៉ាង​ហិង្សា​ជាមួយ​ប៉ូលិស ជាហេតុ​នាំ​អោយ​ប្រទេស​ជាច្រើន​ចេញ​ការណែនាំ​ពលរដ្ឋ​របស់​ខ្លួន​អំពី​ការធ្វើដំណើរ​ទៅ​ហុងកុង​។​

​បាតុកម្ម​រាប់​សប្តាហ៍​ម​ក​នេះ បង្ក​ការ​គំរាម​ធំ​ប​ផុត​ចំពោះ​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ចាប់តាំងពី​ហុងកុង​ត្រូវបាន​ប្រគល់អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​ចិន​យល់ឃើញថា​​ការប្រឆាំង​តវ៉ា​នេះ​មាន​ការ​ញុះញង់​ពី​ខាងក្រៅ និង​បាន​សុំ​អោយ​កម្លាំង​បរទេស ជាពិសេស​អាម៉េរិក​ឈប់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ហុងកុង​៕​ដោយ​៖​វាសនា​