មេដឹកនាំ​ហុងកុង​មិន​លុបចោល​ច្បាប់​បត្យាប័ន​ទោះជា​មាន​បាតុកម្ម​កក្រើក​ហុងកុង​

208
ចែករម្លែក

​មេដឹកនាំ​ក្រុង​ហុងកុង​ដែល​គាំទ្រ​ចិនដីគោក កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មិថុនា​បាន​និយាយថា​លោកស្រី​មិន​មាន​ផែនការ​លុបចោល​ច្បាប់​ដែល​នឹង​អនុញ្ញាត​អោយ​មាន​ការចាប់​​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ចិន​ដី​កោ​គ នៅ​មួយថ្ងៃ​បន្ទាប់​ពី​អ្នកក្រុង​ហុងកុង​ដ៏​ច្រើន​បាន​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​នឹង​វា​។​

​នាយក​ប្រតិបត្តិ លោកស្រី ខា​រី ឡាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​នេះ​ជា​ផ្នែក​ច្បាប់​សំខាន់​ណាស់​មួយ​ដែល​នឹង​ជួយ​រក្សា​យុត្តិធម៌​និង​ក៏​ធានាថា​ហុងកុង​នឹង​បំពេញ​តាម​កាត​ព្វ​​កិច្ច​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​បទឧក្រិដ្ឋ​ឆ្លងដែន​និង​អន្តរជាតិ​»​។​

​សូមបញ្ជាក់​ថា​រដ្ឋាភិបាល​ទីក្រុង​នេះ​កំពុង​ជំរុញ​អោយ​សភា​អនុម័ត​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​អោយ​មាន​បត្យាប័ន​(​ការចាប់​បញ្ជូន​ខ្លួន​)​ទៅកាន់​តុលាការ​ណាមួយ​ដែល​ហុងកុង​​នៅ​មិនទាន់​មាន​សន្ធិសញ្ញា​ជាមួយ រួម​ទាំង​ចិនដីគោក​ផង​។​សំណើ​នេះ​បាន​បង្ក​កំហឹង​និង​ការប្រឆាំង ដោយ​ក្រុមប្រឆាំង​ព្រួយបារម្ភ​ថា ច្បាប់​នេះ​នឹង​ធ្វើអោយ​ប្រជាជន​នៃ​អតីត​​ទឹកដី​អាណានិគម​អង់គ្លេស​នេះ​ជាប់​ជំពាក់​ក្នុង​ប្រព័ន្ធ​តុលាការ​នយោបាយ​ចិន​ដែល​មាន​ឈ្មោះ​មិនសូវ​ល្អ​។​

​តែ​ក្នុង​ការបញ្ចេញ​សម្លេង​លើកដំបូង​របស់​លោកស្រី​ចាប់តាំងពី​មាន​ការជួបជុំ​មហាជន​ប្រឆាំងនឹង​វា លោកស្រី​ឡាំ បាន​និយាយថា​លោកស្រី​មិន​មាន​ផែនការ​ផ្លាស់ប្តូរ​ខ្លឹមសារ​ក្នុង​​ច្បាប់​បច្ចុប្បន្ន​និង​ក៏​មិន​ដក​វា​ចេញពី​ការដាក់​អោយ​សភា​អនុម័ត​ដែរ​។​

​ពួក​អ្នក​រៀបចំ​បាន​និយាយថា មនុស្ស​១​លាន​នាក់​បាន​ចូលរួម​ការប្រឆាំង​កាលពី​ថ្ងៃអាទិត្យ ជា​បាតុកម្ម​ធំ​បំផុត​ចាប់តាំងពី​ហុងកុង​ត្រូវបាន​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​២០០៧៕​ដោយ​៖​វាសនា​

ឡាំ បដិសេធ​ថា​លោកស្រី​មិនបាន​ធ្វើ​មិនដឹងមិនឮ​ប្រតិកម្ម​សាធារណៈ និង​ថា​លោកស្រី​មិន​មាន​ផែនការ​លុបចោល​ចោល​ច្បាប់​នេះ​ទេ