មេដឹកនាំ​ហុងកុង​រិះគន់​សមាជិក​ព្រឹទ្ធសភា​អាម៉េរិក​ដែលថា​ក្រុង​ហុងកុង​ក្លាយជា​”​រដ្ឋ​ប៉ូលិស​”

289
ចែករម្លែក

​មេដឹកនាំ​ហុងកុង លោកស្រី​ការី ឡាំ នៅ​ថ្ងៃ​អង្គារ​ទី​១៥ ខែតុលា​បាន​រិះគន់​ប្រឆាំង​ត​តប​ទៅ​នឹង​សមាជិក​ព្រឹទ្ធសភា​អាម៉េរិក លោក ចូស ហរ​លី​ដែល​បាន​និយាយថា​ទីក្រុង​​នេះ​កំពុង​ក្លាយជា​”​រដ្ឋ​ប៉ូលិស​” គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការប្រមូលផ្តុំ​តវ៉ា​ដ៏​ធំ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការធ្លាក់ចុះ​នៃ​​សិទ្ធិសេរីភាព​នៅ​ទីក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​។​

​ទីក្រុង​នេះ ត្រូវ​បាន​រង​ការខូចខាត​ដោយ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រយៈពេល​ជាង​៤​ខែ​មកនេះ ហើយ​មាន​ការប៉ះទង្គិច​គ្នា​កាន់តែ​ខ្លាំង​ជាមួយ​ប៉ូលិស ដោយសារ​លោក​ស្រី នាយក​ប្រតិបត្តិ​ហុងកុង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​មិន​អាច​បំពេញ​តាម​ការទាមទារ​របស់​អ្នក​ប្រឆាំង​តវ៉ា​។​

​ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​រដ្ឋាភិបាលរ​បស់​លោកស្រី​និង​ប៉ូលិស​ថា​ប្រើ​អំណាច​និង​បង្ក្រាប​ជ្រុល​ហួស ខណៈ​សមាជិក​សភា​អាម៉េរិក​មួយចំនួន​ដែល​រួមទាំង​សមាជិក​ព្រឹទ្ធ​​សភា លោក ចូស ហរ​លី​ព្យាយាម​អនុម័ត​ច្បាប់​ដែល​នឹង​ធ្វើឱ្យ​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​របស់​ហុងកុង​នេះ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ប្រចាំឆ្នាំ​អំពី​ស្ថានភាព​នយោបាយ​របស់​ខ្លួន​។​

​លោកស្រី​ការី ឡាំ បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា “​អ្នកនយោបាយ​បរទេស​មួយ​ចំនួន​នៅ​តែ​គិត​ថា​នេះ​ជា​ការតវ៉ា​ដោយ​សន្តិវិធី ជា​ការតស៊ូ​ប្រយុទ្ធ​ដើម្បី​សិទ្ធិមនុស្ស​និង​​សេរីភាព ហើយ​ថែមទាំង​និយាយ​ថា​ថា​ការតវ៉ា​នោះ​មិន​បាន​ឃើញ​អំពើហិង្សា​ណាមួយ​កើតឡើង​។ នេះ​គឺជា​ការ​មិន​ទទួលស្គាល់​ការពិត​ទាល់តែសោះ “​។​

​លោក ចូស ហ​រលី ដែលជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​របស់​ក្រុង​ហុងកុង បាន​និយាយ​ក្នុងអំឡុង​ទស្សនកិច្ច​ចុង​សប្តាហ៍​ទៅ​កាន់​ទីក្រុង​នេះ​ថា​វា​ជា​​គ្រោះថ្នាក់​ដែល​ក្រុង​នេះ​កំពុង​ទៅ​ជា​”​រដ្ឋ​ប៉ូលិស​”​។​

​កាលពី​ពេលមុន​នេះ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ លោក​ថេត គ្រូ​ស បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​ថា​បាន​ព្យាយាម​ដាក់​របប​ផ្តាច់ការ​លើ​ក្រុង​ហុងកុង​។​

​ការតវ៉ា​នៅ​ក្រុង​ហុងកុង​ត្រូវ​បាន​បង្កឡើង​ដោយ​ការប្រឆាំង​ទៅ​នឹង​សំណើ​ច្បាប់​មួយ​ដែល​នៅពេល​នេះ​ត្រូវ​លុបចោល​វិញ​ដោយ​រដ្ឋាភិបាល​របស់​លោក​ស្រី​ការី ឡាំ ។​បើសិនជា​ត្រូវ​​សភា​ហុងកុង​អនុម័ត​វា​នឹង​អនុញ្ញាតឱ្យ​ធ្វើ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅ​ទីក្រុង​នេះ ទៅកាន់​ប្រទេស​ចិនដីគោក​ដើម្បី​កាត់ទោស​។​ការតវ៉ា​ប្រឆាំង​នេះ​ក្រោយ​មក បានក្លាយ​​ទៅ​ជា​ចលនា​តវ៉ា​កាន់តែ​ទូលំទូលាយ​ដើម្បី​ឱ្យ​មាន​ការធ្វើកំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ ដោយ​រួមទាំង​ការបោះឆ្នោត​សកល​និង​ការទទួលខុសត្រូវ​របស់​ប៉ូលិស​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី​ការី ឡាំ និយាយ​ទៅកាន់​អ្នកកាសែត​នៅ​មុនពេល​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​ហុងកុង នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩